ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សានៅវិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ

នាព្រឹកថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សានៅវិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ ព្រមទាំងសមិទ្ធផលនានា ស្ថិតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

លោក លួត សាលី អភិបាលនៃគណៈអភិបាលស្រុកបវេល បានឱ្យដឹងថា សមិទ្ធផលដែលបានប្រាព្ធពិធីសម្ពោធនាថ្ងៃនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ នៃស្រុកបវេល និងសប្បុរសជននានា សរុបថវិកាចំណាយមានចំនួន ៤៨៦.០៥៣ ដុល្លារអាមេរិក។ លោកបានថ្លែងអំណរគុណជូនសម្ដេច និងលោកជំទាវ ព្រមទាំងក្រុមការងារ និងសប្បុរសជនដែលបានរួមចំណែកកសាងសមិទ្ធផលដ៏ថ្លៃថ្លានេះ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីរីករាយជាថ្មីម្ដងទៀតដែលបានមកជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ អាជ្ញាធរ លោកគ្រូអ្នកគ្រូ តាជីយាយជី បងប្អូនប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស ក្នុងពិធីសម្ពោធអគារសិក្សាវិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ ព្រមទាំងសមិទ្ធផលនានា។

ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរស្រុក ឃុំ ភូមិ កងកម្លាំងមានសមត្ថកិច្ចនានា លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ យុវជន និងសិស្សានុស្សិសទាំងអស់ដែលបានចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សម្ដេចក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីពេលកន្លងទៅ និងអញ្ជើញចូលរួមយ៉ាងសស្រាក់សស្រាំក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីប្រើប្រាស់បញ្ជីបោះឆ្នោតនេះបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ប្រព្រឹត្តិនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ សំដៅបន្តរួមគ្នាជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែលជាមូលដ្ឋាន នៃការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានោះដែរ សម្ដេចបានគូសបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ដែលមានឯកឧត្តម សក់ សេដ្ឋា ជាប្រធាន ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីអាជ្ញាធរ ឃុំ ភូមិ កងកម្លាំងមានសមត្ថកិច្ចនានា លោកគ្រូអ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងនូវហេដ្ឋានរចនាសម្ព័ន្ធ និងសមិទ្ធផលសង្គមនានាជាច្រើន ធ្វើឱ្យស្រុកបវេល មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ជាក់ស្ដែងការប្រារព្ធពិធីសម្ពោធសមិទ្ធផលនេះ ជាការបញ្ជាក់ពីវឌ្ឍនភាពថ្មីមួយទៀតនៃការអភិវឌ្ឍសង្គមជាតិ។

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានបន្ថែមថា មានអគារសិក្សាល្អ គ្រូល្អ កម្មវិធីអប់រំល្អ ជាមួយការខិតខំរបស់ក្មួយៗសិស្សានុសិស្សទាំងអស់ ក្នុងការសិក្សារៀនសូត្រ ហើយសម្ដេចសង្ឃឹមថា ធនធានមនុស្សក្នុងស្រុកបវេល នឹងកាន់តែអភិវឌ្ឍរីកចម្រើនថែមទៀត ដើម្បីអនាគតរុងរឿងរបស់សិស្សានុសិស្សដោយផ្ទាល់ ក្រុមគ្រួសារ ក៏ដូចជាភូមិ ឃុំ និងប្រទេសជាតិ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម បានមានប្រសាសន៍ទៅកាន់អង្គពិធីអំពីប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ ការប្រកួតប្រជែងខាងនយោបាយ យោធា សេដ្ឋកិច្ច រវាងប្រទេសមហាអំណាច បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាប្រែប្រួលអាកាសធាតុដែលក្នុងនោះបញ្ហាអាកាសធាតុនេះ បានបណ្ដាលឱ្យស្រុកបវេល និងក្រុងស្រុកផ្សេងទៀតនៃខេត្តបាត់ដំបង ក៏ដូចជាទូទាំងប្រទេសរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

សម្ដេចបន្តថា ដើម្បីដោះស្រាយវិបត្តិ និងបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការសេដ្ឋកិច្ចតាមរយៈការជួយគាំពារដល់រោងចក្រ សហគ្រាស និងកម្មករដែលរងផលប៉ះពាល់ដោយផ្ទាល់ពីជំងឺកូវីដ-១៩ ការសម្របសម្រួល និងអន្តរាគមន៍រក្សាតម្លៃស្រូវអង្ករ ការដាក់ចេញវិធានការគាំពារសង្គម ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាក្រីក្រ និងវិធានការជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ជាក់ស្ដែងសម្ដេចតេជោ បានអញ្ជើញចុះស្វែងយល់ការលំបាក ចែកស្រូវពូជ និងអំណោយផ្សេងៗដល់ពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ។

តាមរយៈវិធានការនានាដូចបានលើកឡើងមកនេះ សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ បានទប់លំនឹងសេដ្ឋកិច្ចជាតិ មានលទ្ធភាពជួយសម្រាលការលំបាករបស់ពលរដ្ឋឆ្លង និងជំរុញកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០២២ ដែលរំពឹងថា អាចសម្រេចបាន ៥,៦ ភាគរយ។ សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលនៅតែមានលទ្ធភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ផ្ដល់ប្រាក់ខែជូនមន្រ្តីរាជការ និងទំលាក់ថវិកាមករដ្ឋបាលថ្នាក់ក្រោមជាតិជាទៀងទាត់។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍អំពីភាពជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានរបស់កម្ពុជាកាលពីពេលថ្មីៗនេះ និងបន្ថែមថា ជោគជ័យនេះបង្ហាញពីឋានៈ និងភាពស្មើមុខស្មើមាត់របស់កម្ពុជា ជាមួយប្រទេសនានាលើឆាកអន្តរជាតិ ពិសេសការចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសាកលោក ដែលជាការលើកកិត្តិយសជាតិលើឆាកអន្តរជាតិ។ សម្ដេចបន្ថែមថា សមិទ្ធផលដូចបានបញ្ជាក់មកនេះ ពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ។

ដើម្បីបន្តរក្សាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដូចបានគូសបញ្ជាក់មកនេះ សម្ដេចក្រឡាហោម បានអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមថែរក្សា និងការពារសុខសន្តិភាព បន្តរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម តាមរយៈការអនុវត្តឱ្យបានផុលផុសនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសការលុបបំបាត់គ្រឿងញៀនខុសច្បាប់ តាមរយៈការអប់រំកូនចៅ និងសមាជិកក្រុមគ្រួសារកុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។

សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅខែកក្កដា ឆ្នាំ២០២៣ ហើយប្រសិនបើអត្តសញ្ញាណបណ្ណជិតផុតសុពលភាព ឬហួសសុពលភាព សូមទំនាក់ទំនងមកអាជ្ញាធរឃុំ សង្កាត់ ដើម្បីបំពេញបែបបទធ្វើអត្តសញ្ញាបណ្ណថ្មីសម្រាប់បម្រើឱ្យការបោះឆ្នោត និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ សម្ដេចក៏ណែនាំឱ្យអ្នកពាក់ព័ន្ធចូលរួមគោរពអនុវត្តទៅតាមច្បាប់បោះឆ្នោត ដើម្បីរួមគ្នាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ។

ទន្ទឹមគ្នានេះ សម្ដេចក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ខិតខំបំពេញតួនាទីភារកិច្ច និងការទទួលខុសត្រូវឱ្យបានល្អក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ធ្វើជាគម្រូល្អក្នុងការបម្រើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយគ្មានការប្រកាន់បក្សពួក និងនិន្នាការនយោបាយ។ សម្ដេចក៏បានទាញការចាប់អារម្មណ៍មេឃុំ ចៅសង្កាត់ និងស្មៀន ត្រូវខិតខំពង្រឹងគុណភាពនៃការបំពេញការងារ ដើម្បីធានាឱ្យការផ្ដល់សេវាផ្សេងទៀតក្នុងមូលដ្ឋានមានភាពល្អប្រសើរ។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានឆ្លៀតគូសបញ្ជាក់អំពីសារៈសំខាន់ និងការប្រព្រឹត្តិទៅការអនុវត្តដកពិសោធការផ្ទេរមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ ដល់រដ្ឋបាលក្រុង ស្រុក ទាំង១៤ នៅខេត្តបាត់ដំបង មុននឹងបន្តអនុវត្តការផ្ទេរទៅកាន់ក្រុង ស្រុក ផ្សេងទៀតនៅទូទាំងប្រទេស។ សម្ដេចជឿជាក់ថា រាជរដ្ឋាភិបាល និងឈានទៅអនុវត្តការផ្ទេរទៅកាន់ក្រុង ស្រុកផ្សេងទៀតនាពេលឆាប់ៗនេះ ៕

អត្ថបទដែលជាប់ទាក់ទង