សម្តេចក្រឡាហោម ស ខេង អនុញ្ញាតជូនឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលា នៅវិមានរដ្ឋសភា
នៅព្រឹកថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលា នៅវិមានរដ្ឋសភា។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះឯកឧត្តម MIKAMI Masahiro ដែលបានបំពេញបេសកម្មការងារនៅកម្ពុជាបានយ៉ាងល្អប្រសើរ ចាប់តាំងពីឆ្នាំ២០១៩ និងបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន មានដូចជា ការជួយជ្រោមជ្រែងដល់ការអភិវឌ្ឍដល់ប្រទេសកម្ពុជាជាដើម។
សម្ដេចក្រឡាហោម បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្ដមនៅកម្ពុជា ដែលថ្មីៗនេះឯកឧត្តម បានចូលរួមចំណែកក្នុងព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅកម្ពុជា រួមមាន៖ ព្រឹត្តិការណ៍វិបត្តិកូវីដ-១៩ និងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ក្នុងអំឡុងវិបត្តិកូវីដ-១៩ ជប៉ុនបានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩នេះ តាមរយៈការផ្តល់ជំនួយមនុស្សធម៌ផ្សេងៗជាច្រើន ហើយចំពោះការរៀបចំកិច្ចប្រជុំកំពូលអាស៊ានវិញ ជប៉ុនក៏បានជួយជាសម្ភារដល់កម្លាំងនគរបាលជាតិកម្ពុជា ក្នុងការការពារសុវត្ថិភាព និងសន្តិសុខ ក្នុងអំឡុងពេល នៃកិច្ចប្រជុំនេះឱ្យប្រព្រឹត្តប្រកបទៅដោយភាពជោគជ័យផងដែរ។
សម្ដេចនាយករដ្ឋមន្ត្រីស្ដីទី ក៏បានបញ្ជាក់បន្ថែមដែរថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ប្រទេសជប៉ុនបានជួយដល់កម្ពុជាក្នុងវិស័យជាច្រើនទៀត ក្នុងនោះបានជួយដល់កម្ពុជាក្នុងការរៀបចំការបោះឆ្នោតកន្លងមក ហើយបច្ចុប្បន្ន ជប៉ុនក៏កំពុងបន្តការគាំទ្រ និងចូលរួមក្នុងកិច្ចការរៀបចំការបោះឆ្នោតនៅឆ្នាំ២០២៣ ខាងមុខនេះផងដែរ។
សម្ដេចបន្តថា លទ្ធផលនេះ ឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណង់មិត្តភាពដ៏មានតម្លៃរវាងកម្ពុជា-ជប៉ុន។ សម្ដេច ក៏សូមចូលរួមរំលែកនូវមរណទុក្ខ ចំពោះអតីតនាយករដ្ឋមន្ដ្រីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ ដែលត្រូវបានខ្មាន់កាំភ្លើងធ្វើឃាតក្នុងពេលកន្លងទៅថ្មីនេះ។ សម្ដេចក្រឡាហោម បានលើកឡើងថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក៏បានលើកកម្រិតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ។
ជាការឆ្លើយតប ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ដែលបានអនុញ្ញាឱ្យឯកឧត្តម ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសអស់អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា។
ឯកឧត្តម បានជម្រាបជូនសម្តេចក្រឡាហោម បន្ថែមថា ក្នុងឱកាសនៃបេសកម្មការទូតរបស់ឯកឧត្តម រយៈពេលជាង ៣ឆ្នាំកន្លងមក កម្ពុជា និងជប៉ុន បានសម្រេចនូវសមិទ្ធផលនានាជាច្រើន បូករួមទាំងការធ្វើទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរផងដែរ ក្នុងនោះឯកឧត្តម នាយករដ្ឋមន្ដ្រីជប៉ុន ក៏ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាបានចំនួន២លើក ខណៈនោះសម្ដេចតេជោ នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានទៅបំពេញទស្សនកិច្ចនៅជប៉ុនបានចំនួន២លើដូចគ្នាផងដែរ។
ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា ក្នុងអំឡុងវិបត្តិកូវីដ-១៩ ក្រោមកិច្ចខិតខំប្រឹងប្រែងដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យបុគ្គលិករបស់ស្ថានទូត ដូចជា ប្រជាជនជប៉ុន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា បានបន្តបំពេញការងារ និងមានសុវត្ថិភាពជីវិត ដែលអាចប្រកបរបរជាប្រចាំថ្ងៃបានយ៉ាងល្អប្រសើររហូតមកដល់បច្ចុប្បន្ន។
ឯកឧត្តម បានបញ្ជាក់ជូនសម្តេចក្រឡាហោមថា ឯកឧត្តមក៏ធ្លាប់បានជួបជាមួយប្រជាជនជប៉ុន ដែលកំពុងធ្វើអាជីវកម្ម នៅខេត្តបាត់ដំបង ពួកគាត់បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនត្រឹមតែយកចិត្តទុកដាក់លើសុវត្ថិភាពរបស់បុគ្គលិកស្ថានទូតប៉ុណ្ណោះទេ ថែមទាំងជួយការពារសុវត្ថិភាពរបស់ប្រជាជនជប៉ុននៅកម្ពុជាផងដែរ។
ឯកឧត្តមបន្ថែមថា ដូចអ្វីដែលសម្ដេចបានលើកឡើង ក្នុងកិច្ចប្រជុំទ្វេភាគីរវាង ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលទាំងនេះអាចធ្វើឱ្យឆ្នាំ២០២៣នេះ គឺជាឆ្នាំដែលមានវឌ្ឍនភាពរីកចម្រើនខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទន្ទឹមនេះឯកឧត្តម MIKAMI Masahiro ក៏បានសម្តែងក្តីសង្ឃឹមថា ព្រឹត្តិការណ៍ស៊ីហ្គេម និងការបោះឆ្នោតនាឆ្នាំ២០២៣ របស់កម្ពុជា នៅពេលខាងមុខនឹងទទួលបានជោគជ័យខ្ពស់។
សម្ដេចក្រឡាហោម នាយករដ្ឋមន្ដ្រីស្ដីទី បានបញ្ជាក់ជម្រាបជូនឯកឧត្តម ឯកអគ្គរាជទូតសារជាថ្មីថា ស្ថាប័ន និងមន្ដ្រីគ្រប់ផ្នែកនៃរាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមខ្លួនបន្តពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀត ៕