ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីអបអរទិវាជាតិ១២ធ្នូប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២២ ក្រោមប្រធានបទ«រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»

នារសៀលថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីអបអរទិវាជាតិ១២ធ្នូប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២២ ក្រោមប្រធានបទ«រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ប្រារព្ធនៅមជ្ឈមណ្ឌលកោះពេជ្រ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា គ.ជ.ប.ជ បានឱ្យដឹងថាក្នុងឆមាសទី១ នៃឆ្នាំ២០២២ ស្ថានភាព នៃអំពើជួញដូរមនុស្ស មានភាពល្អប្រសើរ ដោយអត្រានៃបទល្មើស បានថយចុះ គួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១។ នៅពេលដែលស្ថានភាពទូទៅ បានរៀបរយល្អប្រសើរហើយចំពោះសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បែរជាកើតមានបទល្មើសថ្មី លើទឹកដីកម្ពុជា ដែលបង្កឡើងដោយឧក្រឹដ្ឋជនមួយចំនួន សម្ងំលាក់ខ្លួនប្រព្រឹត្តបទល្មើស ក្នុងអាជីវកម្មបន្លំភ្នែក ដោយប្រើប្រាស់ឱកាសដ៏ល្អ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់ឱ្យ សម្រាប់ការវិនិយោគ ដើម្បីការអភិវឌ្ឍន៍ នៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចធំៗ ដូចជា ខេត្តព្រះសីហនុ រាជធានីភ្នំពេញ ជាដើម និង បណ្តាខេត្តមួយចំនួនទៀត ទៅធ្វើសកម្មភាពឧក្រិដ្ឋប្រឆាំងនឹងសិទ្ធិមនុស្ស ។

លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ គិតចាប់ពីថ្ងៃ ទី១៨ ខែសីហា មកដល់ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ គឺក្នុងចំណោមអ្នកដែលបានប្រកាសថា ជាជនរងគ្រោះ សុំឱ្យធ្វើអន្តរាគមន៍ជួយសង្គ្រោះ គ.ជ.ប.ជ បានរកឃើញមនុស្សចំនួន ១១២២នាក់ ស្រី ១២១នាក់ ហើយ តែក្នុងចំណោមជនទាំងនោះ អ្នកដែលត្រូវបានកំណត់អត្តសញ្ញាណថាជាជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការបង្ខាំងខ្លួន និងពលកម្មដោយបង្ខំ ១៥៣នាក់ ស្រី១៨នាក់ មាន៦សញ្ជាតិ និងដោយអំពើ ចំណែកជនក្រៅពីនេះ បានបដិសេធថាខ្លួន មិនបានទទួលភាពរងគ្រោះទេ និងមានបំណងចង់ប្តូរទៅទីតាំងការងារថ្មីដែលមានប្រាក់ខែខ្ពស់ជាងនេះ ឬថា គ្រាន់តែជាការបារម្ភ របស់ក្រុមគ្រួសារតែប៉ុណ្ណោះ។

លោកជំទាវរដ្ឋលេខាធិការបន្តថា រាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែ នាំចេញពីទីតាំងដែលពាក់ព័ន្ធនឹងបទល្មើស ដើម្បីសុវត្ថិភាពពលករ និងមិនអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះវិញឡើយ ហើយគិតពីចាប់ផ្តើមប្រតិបត្តិការដល់ត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យ២២នាក់ មានបីសញ្ជាតិ ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស ២២នាក់ និងជនសង្ស័យពាក់ព័ន្ធនឹងអំពើជួញដូរផ្លូវភេទ ០៤នាក់ ០១ សញ្ជាតិ ត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការ តាមនីតិវិធីច្បាប់កម្ពុជា។ ទីតាំងសង្ស័យប្រព្រឹត្តបទល្មើស ចំនួន៥ ត្រូវបានបិទជាស្ថាពរ និងបួនទីតាំងបិទបណ្តោះអាសន្នដើម្បីស្រាវជ្រាវរកបទល្មើស។

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី និងជាប្រធាន គ.ជ.ប.ជ មានប្រសាសន៍ថា ឆ្នាំ២០២២នេះ ជាឆ្នាំដែលមានឱកាសអាចរៀបចំទិវាជាតិប្រឆាំងការជួញដូរមនុស្សក្រោមប្រធានបទ រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកប ដោយចីរភាព ដែលស្របទៅទស្សនវិស័យ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សានូវសន្តិសុខ សុវត្ថិភាពសង្គម ដើម្បីជាមូលដ្ឋានបង្អែក នៃការអភិវឌ្ឍន៍ជាតិគ្រប់វិស័យក្នុងរយៈពេលវែង។ សម្ដេចបន្តថា គ.ជ.ប.ជ តែងប្រារព្ធរៀបចំកម្មវិធីទិវាជាតិនេះជារៀងរាល់ឆ្នាំយ៉ាងអធិកអធម ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងតាមបណ្តាសាលារៀនគ្រប់ច្រកល្ហក នៅទូទាំងប្រទេស ដែលមានអ្នកចូលរួម រហូតដល់រាប់សែននាក់។

សម្ដេចមានប្រសាសន៍ថា ចរន្តនៃការវិលត្រឡប់មកវិញដោយឥតគ្រោងទុករបស់ពលករកម្ពុជា ពីប្រទេសគោលដៅ ក្នុងអំឡុងកូវីដ-១៩ ជាពិសេស ក្នុងឆ្នាំ២០២០ និង២០២១ បានកើនរហូតដល់ជាង ៣០ម៉ឺននាក់ និងថាក្នុងដំណាក់កាលនេះហើយដែលការគ្រប់គ្រងព្រំដែន មានភាពប្រឈម ស្មុគស្មាញ ដោយចំនួននៃពលករ វិលត្រឡប់ កើនឡើងយ៉ាងគំហុក ជារៀងរាល់ថ្ងៃ ក្នុងនោះជនទេសន្តរប្រវេសន៍បរទេសខុសច្បាប់ជាច្រើន មានឱកាស បន្លំខ្លួន ចូលមកកម្ពុជា ដោយខុសច្បាប់ និងបានសម្ងំលាក់ខ្លួន ធ្វើការងារជាមួយនិយោជក ទុច្ចរិតមួយចំនួន ដែលបង្កើតបានជាបទល្មើសយ៉ាងអាណាធិបតេយ្យ លើទឹកដីកម្ពុជា។

សម្ដេចបន្ថែមថា ស្ថិតក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយឡើយ បានដាក់ចេញនូវវិធានការប្រតិបត្តិការ ដើម្បីរុករក បង្ក្រាប និងបោសសម្អាតបទល្មើសជួញដូរមនុស្ស គ្រប់ទម្រង់ និងបទល្មើសពាក់ព័ន្ធដទៃទៀត យ៉ាងសកម្ម តាមវិធានការច្បាប់ រហូតធ្វើឲ្យកម្ពុជា វិលត្រឡប់មករកស្ថានភាពសុវត្ថិភាព និងសន្តិសុខជាប្រក្រតីឡើងវិញ នៅទូទាំងផ្ទៃប្រទេស និងថារាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្ការទប់ស្កាត់ឧក្រឹដ្ឋកម្មឆ្លងដែន ជាពិសេស អំពើជួញដូរមនុស្ស និងបន្តអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និងកិច្ចការពារសុវត្ថិភាពមនុស្សជាតិ។

សម្ដេចបន្ថែមថា«កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃការរៀបចំ អនុម័ត អនុសញ្ញាអាស៊ានប្រឆាំងការជួញដូរមនុស្ស កតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ ដែលហៅកាត់ថា GCM រហូតត្រូវ បានការទទួលស្គាល់ពីអង្គការសហប្រជាជាតិផ្នែកទេសន្តរប្រវេសន៍ ថាជា «ប្រទេស ជ័យលាភី នៃគំនិតផ្តួចផ្តើម របស់កតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍» ក្នុងការប្តេជ្ញាចិត្តខ្ពស់ ការពារផលប្រយោជន៍ និងសិទ្ធិស្របច្បាប់របស់ពលករទេសន្តរប្រវេសន៍ និងការពារពួកគេពីភាពរងគ្រោះ ដោយការរំលោភបំពាន និងកេងប្រវ័ញ្ច គ្រប់រូបភាព»។

ជាមួយគ្នានេះ សម្ដេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គ្រប់សមាសភាព នៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមានក្រសួង ស្ថាប័ន និងអង្គភាពជំនាញទាំង២៧ ជាសមាជិក និងមានរចនាសម្ព័ន្ធតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ រួមជាមួយនឹងការចូលរួមគាំទ្រយ៉ាងសកម្មពី បណ្តាទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការដៃគូអន្តរជាតិ អង្គការសង្គមស៊ីវិលក្នុងស្រុក និងវិស័យឯកជន ដែលបានខិតខំប្រឹងប្រែងរួមគ្នា រិះរកគ្រប់មធ្យោបាយ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់ ព្រមទាំងផ្តល់កិច្ចការពារជនរងគ្រោះ ទាំងស្រ្តី បុរស និងកុមារ និងបានចូលរួមដោះស្រាយបញ្ហាជាច្រើន សម្រាប់ប្រជាពលរដ្ឋតាមសហគមន៍ ជាពិសេស ក្នុងចំណោមជនទេសន្តរប្រវេសន៍ ដែលគ្មានសុវត្ថិភាព។

នាឱកាសនោះដែរ សម្ដេចបានអំពាវនាវថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរ កម្លាំងសមត្ថកិច្ច និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ខិតខំតាមដានបាតុភាព និងបទល្មើសផ្សេងៗ និងគ្រប់គ្រងព្រំដែនឲ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឲ្យមានអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ រួមគ្នាលុបបំបាត់ការធ្វើទេសន្តរប្រវេសន៍ដែលគ្មានសុវត្ថិភាព ខុសច្បាប់ និងការងារខុសច្បាប់។ សម្ដេចក៏ស្នើថ្នាក់ដឹកនាំគ្រប់និកាយសាសនា បន្តការផ្សព្វផ្សាយខ្លឹមសារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់សាសនិកទាំងឡាយ នៅតាមសហគមន៍ទូទាំងប្រទេស ឲ្យបានយល់ជ្រួតជ្រាប ខ្លឹមសារ ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស តាមវិធានការ និងបានលើកទឹកចិត្តដល់គ្រប់វិស័យពាក់ព័ន្ធជាតិ និងអន្តរជាតិ សូមបន្តរិះរកនូវវិធានការជាគន្លឹះនានា និងរួមសហការគ្នាជាធ្លុងមួយ ធ្វើសកម្មភាពឲ្យកាន់តែខ្លាំងក្លាក្នុងការ «បង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បី ព្រះរាជាណាចក្រកម្ពុជា គ្មានអំពើជួញដូរមនុស្ស»៕

អត្ថបទដែលជាប់ទាក់ទង