សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យលោកស្រី Ann Mills-Griffiths ប្រធានសម្ព័ន្ធជាតិនៃគ្រួសារឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួនក្នុងអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា (POW/MIA) បានចូលជួមសម្តែងការគួរសម
នារសៀលថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកស្រី Ann Mills-Griffiths ប្រធានសម្ព័ន្ធជាតិនៃគ្រួសារឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួនក្នុងអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា (POW/MIA) បានចូលជួមសម្តែងការគួរសម នៅវិមានរដ្ឋសភា។
ជាកិច្ចចាប់ផ្តើមលោកស្រី Ann Mills-Griffiths បានសម្តែងសេចក្តីរីករាយក្រៃលែង ដែលបានជួបសម្តេចក្រឡាហោម សារជាថ្មី។ លោកស្រី បានជម្រាបជូនសម្តេចក្រឡាហោម ថាមកដល់ពេលនេះលោកស្រី បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាច្រើនដងមកហើយ ហើយអាចថាលើកនេះជាពេលចុងក្រោយសម្រាប់លោកស្រី ដែលបានមកទស្សនកិច្ចនៅកម្ពុជា ហេតុដូច្នេះលោកស្រីមានបំណងចូលជួបសម្តែងការគួរសម ដើម្បីថ្លែងអំណរគុណសម្តេច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាម។
លោកស្រី បានបន្តជម្រាបជូនសម្តេចថា លោកស្រីបានមកបំពេញទស្សនកិច្ចជាលើកដំបូងនៅក្នុងឆ្នាំ១៩៩២ ហើយចាប់តាំពីពេលនោះមកលោកស្រី បានធ្វើដំណើរទៅផ្នែកជាច្រើននៃប្រទេសកម្ពុជា។ លោកស្រីក៏បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលផ្តល់កិច្ចសហប្រតិបត្តិការល្អជាងគេ ដែលក្នុងចំណោមប្រទេសដែលកម្មវិធីស្វែងរកអដ្ឋិធាតុនេះ កំពុងមានប្រតិបត្តិការ។ ជាឧទាហរណ៍លោកស្រី បានជម្រាបជូនសម្តេចក្រឡាហោម ទោះក្នុងស្ថានភាពកូវីដ-19 ក្តី ប្រទសកម្ពុជាបានបង្ហាញថា មិនមានភាពថមថយក្នុងការរុករកនូវអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននេះទេ ថែមទាំងមានវឌ្ឍនភាពទៅមុខជានិច្ច ជាងនេះទៅទៀត ប្រទេសកម្ពុជា ក៏ធ្លាប់បានធ្វើការជាមួយអង្គភាពដៃគូររបស់សហរដ្ឋអាមេរិក។
ផ្អែកតាមសមិទ្ធិផលដែលទទួលបាននេះ លោកស្រី បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ យ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចក្រឡាហោមផ្ទាល់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជាឯកឧត្តម ប្រាក់ សុខុន ផងដែរ ហើយនឹងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដទៃទៀតដែលបានចូលរួមសហការក្នុងនាមមនុស្សធម៌ជួយដល់កម្មវិធីស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននេះ។
ឆ្លើយតបនឹងការលើកឡើងរបស់លោកស្រី សម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់លោកស្រី ចំពោះប្រមុខរដ្ឋ និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល។ សម្តេចក្រឡាហោម បានបញ្ជាក់ជូនលោកស្រី ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនមានការប្រែប្រួលទេគឺនៅតែបន្ត ផ្តល់ការគាំទ្រដល់ការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននេះ ដែលបច្ចុប្បន្ននៅសល់៤៨រូបទៀត។ សម្តេចបន្ថែមថា យន្តការទាំងអស់របស់ប្រទេសកម្ពុជា នឹងត្រៀមខ្លួនសហការជាមួយគម្រោងរបស់លោកស្រី ពាក់ព័ន្ធនឹងការងារស្វែងរកអដ្ឋិធាតុនេះ សម្រាប់ឆ្នាំ២០២២ នឹងឆ្នាំ២០២៣ទៅមុខទៀត។
ជាកិច្ចបញ្ចប់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជូនពរដល់ លោកស្រី Ann Mills-Griffiths ប្រធានសម្ព័ន្ធជាតិនៃគ្រួសារឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួនក្នុងអាស៊ីអាគ្នេយ៍ ឲ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនៅពេលនេះ។ ហើយសង្ឃឹមថាកិច្ចការស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាម និងដំណើរការទៅឈានដល់ការបិទបញ្ចប់ប្រកបដោយលទ្ធផលគួរជាទីគាប់ចិត្ត ៕