សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាវិទ្យាល័យជ្រៃ និងសមិទ្ធផលនានា ស្រុកថ្មគោល ខេត្តបាត់ដំបង
នាព្រឹកថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាវិទ្យាល័យជ្រៃ ចំនួន១ខ្នង ២ជាន់ មាន១២បន្ទប់ និងសមិទ្ធផលនានា ស្ថិតនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោក ជា សម្បត្តិ អភិបាលនៃគណៈអភិបាលស្រុកថ្មគោល បានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថាអគារសិក្សា និងសមិទ្ធផលនានាដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ និងមានការចូលរួមគាំទ្របន្ថែមទៀតពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកថ្មគោល។ លោកក៏បានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធី អំពីស្ថានភាពទូទៅនៅក្នុងស្រុកថ្មគោលផងដែរ។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្មគោល ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលស្រុក គណបក្សស្រុក ដែលបានរួមគ្នាធ្វើសកម្មភាពគាំទ្រការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។ សម្ដេចក៏ស្នើប្រជាពលរដ្ឋ និងពាក់ព័ន្ធទាំងអស់ក្នុងស្រុកថ្មគោល បន្តគាំទ្រ និងចូលរួមគ្រប់សកម្មភាពដែលបម្រើសំណូមពរ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ និងកោតសរសើរលោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានខិតខំរួមចំណែកពង្រឹងការកសាងធនធានមនុស្សរបស់ជាតិ តាមរយៈការគ្រប់គ្រងការបង្រៀន និងរៀនដោយយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យធនធានមនុស្សរបស់កម្ពុជាមានលទ្ធភាពកាន់តែច្រើនក្នុងការប្រកួតប្រជែងជាមួយធនធានមនុស្សនៅក្នុងតំបន់ និងអន្តរជាតិ។សម្ដេចបានបន្តមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ។
សម្ដេចក៏បានទាញចំណាប់អារម្មណ៍អង្គពិធីអំពីទស្សនាទាន ខ្មាំងសត្រូវក្នុងសម័យសន្តិភាពដែលខុសពីខ្មាំងសត្រូវសម័យសង្គ្រាម ពោលគឺសម័យសន្តិភាពដូចបច្ចុប្បន្ន ខ្មាំងសត្រូវរបស់យើងទាំងអស់គ្នាធំបំផុតគឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ។ សម្ដេចក៏បានបន្តពន្យល់ទៀតថា«ដើម្បីប្រឆាំងនឹងខ្មៅសត្រូវទាំងពីរនេះ ជាដំបូងគឺយើងត្រូវប្រឆាំងនឹងខ្លួនឯងជាមុនសិន»។ សម្ដេច បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរៀងៗខ្លួន ហើយសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សា និងអភិវឌ្ឍន៍សមត្ថភាព។
សម្ដេចបានបន្តទៀតថា«ធនធានមនុស្សគឺធានធានគន្លឹះដែលបង្កើតលទ្ធផល សមិទ្ធផល និងស្នាដៃរាប់មិនអស់»។ ភ្ជាប់នឹងការថ្លែងជំរុញកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ធនធានមនុស្ស សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ។ សម្ដេចបានរម្លឹកដោយគូសបញ្ជាក់ថាកម្ពុជាកាលពីអតីតកាលបានប្រឈមមុខភាពក្រីក្រនិងសង្គ្រាមស៊ីវិលជាបន្តបន្ទាប់ ធ្វើឱ្យប្រទេសជាតិ និងប្រជាជន គ្មានឱកាសពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពដូចបច្ចុប្បន្ននេះឡើយ។
សម្ដេចក៏បានមានប្រសាសន៍ អំពីភាពជោគជ័យនៃការគ្រប់គ្រងជម្ងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ផលប្រយោជន៍ប្រជាជនបានមកពីការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀនជាដើម។ សម្ដេចបានអំពាវនាវឱ្យប្រជាពលរដ្ឋអប់រំសមាជិកក្រុមគ្រួសារឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីប្រឆាំងនឹងគ្រឿងញៀន។
ជាមួយគ្នានេះ សម្ដេចបានជម្រាបជូនប្រជាពលរដ្ឋអំពីតួអង្គ៥ដ៏មានសារៈសំខាន់នៅមូលដ្ឋានឃុំ សង្កាត់ រួមមាន មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ មេភូមិនិងអនុភូមិ និងប៉ុស្តិ៍សុខភាព។ សម្ដេចបន្តថានៅពេលយន្តការទាំង៥នេះបំពេញការងារបានល្អ មូលដ្ឋានឃុំ សង្កាត់ ទូទាំងប្រទេសនឹងមានសេចក្ដីសុខ សុវត្ថិភាព ហើយប្រជាជនទាំងមូលនឹងមានភាពកក់ក្ដៅ៕
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)