សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមទទួល មេដាយមាស Great Wall Commemorative Medal តាមប្រព័ន្ធវីដេអូ ក្នុងសន្និសីទលើកទី១ នៃវេទិកាកិច្ចប្រតិបត្តិការសន្តិសុខសាធារណៈសកល
នារសៀលថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួល មេដាយមាស Great Wall Commemorative Medal តាមប្រព័ន្ធវីដេអូ ក្នុងសន្និសីទលើកទី១ នៃវេទិកាកិច្ចប្រតិបត្តិការសន្តិសុខសាធារណៈសកល នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវសេចក្តីសោមនស្សរីករាយ ដែលត្រូវបានរដ្ឋាភិបាល និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន ផ្ដល់នូវគ្រឿងឥស្សរិយយស «មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង» ក្នុងឱកាសនៃការ ប្រារព្ធពិធីដ៏មហោឡារិក វេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល លើកទី ៦ ឬ ហៅថាវេទិកា «លានស៊ីនកាង» (Lianyungang) នាពេលនេះ ។
សម្ដេចបន្តថា ការទទួលបាននូវគ្រឿងឥស្សរិយយស ប្រកបដោយគុណតម្លៃដ៏វិសេស វិសាលនេះ គឺជាមោទកភាពសម្រាប់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា ដែលជាស្ថាប័នទទួលខុសត្រូវក្នុងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងន័យនេះ «មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍ មហាកំពែង» មិនត្រឹមតែជាការលើកទឹកចិត្តសម្រាប់សម្ដេចផ្ទាល់ ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ប៉ុណ្ណោះទ ប៉ុន្តែគឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយបន្ថែមទៀត ដល់សមត្ថកិច្ចអនុវត្តច្បាប់ របស់កម្ពុជាទាំងមូល ក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីបម្រើដល់បុព្វហេតុ ជាតិ និងប្រជាជន។
សម្ដេចក៏បានចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំស្ថាប័នអនុវត្តច្បាប់នៃបណ្តាប្រទេសជាមិត្ត ដែលជាជ័យលាភីនៃមេដាយអនុស្សាវរីយ៍មហាកំពែងនាឱកាសនេះ ហើយការទទួល បាននូវគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមនេះ ពិតជាឆ្លុះបញ្ចាំង និងជាសក្ខីភាព នៃកិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការលះបង់ដ៏ធំធេងរបស់ នៅក្នុងបុព្វហេតុជាតិ និងប្រជាជន។
នាឱកាសថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនោះដែរ សម្ដេចក្រឡាហោម បានគូសបញ្ជាក់អំពីការវិវត្តនៃស្ថានភាពសន្តិសុខ ក្នុងរយៈពេលប្រមាណ ២ឆ្នាំ ចុងក្រោយនេះ ដោយយើងឃើញថា ថ្វីត្បិតវិធានការរឹតបន្តឹងការធ្វើដំណើរ និងការបម្លាស់ទី ត្រូវបានអនុវត្តជាសកលដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ក៏ប៉ុន្តែបទល្មើស ឆ្លងដែន មិនត្រឹមតែមិនបានថមថយប៉ុណ្ណោះទេ តែផ្ទុយទៅវិញបែរជាមានការ កើនឡើងគួរឲ្យព្រួយបារម្ភ។
សម្ដេចបន្តថា ទន្ទឹមនេះ ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ព័ត៌មាន បានផ្តល់លទ្ធភាពដល់ឧក្រិដ្ឋជនក្នុងការប្រើប្រាស់មធ្យោបាយនេះ ដើម្បី ធ្វើសកម្មភាពប្រព្រឹត្តបទល្មើសឆ្លងដែន ជាពិសេសអំពើជួញដូរ និងរត់ពន្ធមនុស្ស ការជួញដូរគ្រឿងញៀន និងអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (ឬហៅថា Scam) និងបទល្មើសមិនប្រពៃណីមួយចំនួនទៀត។
ពាក់ព័ន្ធនឹងនិន្នាការនៃបទល្មើសទាំងនេះ សម្ដេចបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាក៏ទទួលរងគ្រោះ ដោយសារក្រុមជនល្មើសជាជនបរទេសបានប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំង ប្រព្រឹត្តបទល្មើស តាមរយៈការទាក់ទងជាមួយមេក្លោងជាជនជាតិបរទេសដូចគ្ន នៅក្នុង/ក្រៅ ប្រទេសរបស់ខ្លួន ធ្វើការឆបោក និងអូសទាញជនរងគ្រោះឲ្យចូលមកប្រទេសកម្ពុជា ទាំងស្របច្បាប់ និងមិនស្របច្បាប់ ក្រោមការសន្យាក្លែង ក្លាយនូវការងារដែលទទួលបានប្រាក់កម្រៃខ្ពស់។
សម្ដេចបន្តថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំងគ្រប់ប្រភេទ រាប់ទាំង អំពើជួញដូរ និងរត់ពន្ធមនុស្ស ហើយបញ្ហានេះមិនអាចប្រទេសណាមួយអនុវត្ត តែឯកឯងបាននោះទេ គឺទាមទារចាំបាច់នូវកិច្ចសហការទាំងនៅក្នុងកម្រិតតំបន់ និងសកលលោក ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនេះ។
វេទិកា Liaryurgarg ត្រូវបានបង្កើតឡើងតាមសំណើរបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុង Lianyungang នៃខេត្ត Jiangsu កាលពីឆ្នាំ២០១៥ និងជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដែលមាន«កិច្ចសហការសន្តិសុខដើម្បីវិបុលភាពរួម» ជាតម្លៃស្នូល ។
វេទិកានេះមានគោលដៅកម្ពស់កិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងសន្តិសុខសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកជាមួយ នឹងការគិតគូរប្រកបដោយភាពច្នៃប្រឌិត និងវិធានការជាក់ស្ដែង ដោយមានការចូលរួមគ្នា ការកសាង និងការ គ្រប់គ្រងរបស់មន្ត្រីជាន់ខ្ពស់ មកពីរដ្ឋាភិបាល និងអង្គការអន្តរជាតិ មន្ត្រីអនុវត្តច្បាប់ និងកងកម្លាំងនគរបាល អ្នកដឹកនាំអាជីវកម្ម និងអ្នកជំនាញប្រឹក្សាយោបល់៕