សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបូជាសព ឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
នាព្រឹកថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបូជាសព ឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវជាកូនប្រុសឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកជំទាវ។
ឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៤០ឆ្នាំ នាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន លេខ៩ ផ្លូវលេខ៨ បុរីប៉េងហួតបឹងស្នោរ គម្រោងទី៩ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សពឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ ត្រូវបានក្រុមគ្រួសារដង្ហែរមកប្រារព្ធពិធីបូជា នៅវត្តនិរោធិ៍រង្សី ដោយសម្ដេចក្រឡាហោមបានផ្ដល់កិត្តិយសជូនភ្លើងរំលាយសពជាកិច្ចបច្ឆា។
ក្នុងសារចូលរួមរំលែកមរណទុក្ខ ផ្ញើជូនឯកឧត្តម ស្បោង សារ៉ាត់ និងលោកជំទាវ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ បានបង្ហាញសេចក្តីរន្ធត់ តក់ស្លុត ក្តុកក្តួល និងសង្វេគសោកស្ដាយឥតឧបមា និងបានចាត់ទុកមរណភាពឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ មិនត្រឹមតែជាការបាត់បង់កូនប្រុស ស្វាមី និងឪពុកជាទីស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវមន្ត្រីធ្លាប់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម និងរួមចំណែកអភិវឌ្ឍសង្គមជាតិក្នុងរយៈពេលកន្លងមក ។
សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ឯក សារ៉ាត ច័ន្ទវីរៈ បានទៅកាន់ឋានបរមសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕