ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើជាផ្លូវការ អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីនៃបណ្ឌិត្យសភានគរបាលជាតិ

នាព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើជាផ្លូវការ អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីនៃបណ្ឌិត្យសភានគរបាលជាតិ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី ដែលសម្ដេចក្រឡាហោម បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាអគារដែលទទួលសាងសង់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ដោយចំណាយទឹកប្រាក់ជាង៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ឯកឧត្តមបន្តថាអគារនេះ ដំណើរការសាងសង់រយៈពេលជាង៥ខែ លើទីតាំងអគារក្បាច់គុនចាស់ មានលក្ខណៈទំនើបស្របតាមស្តង់ដារអន្តរជាតិ អាចហ្វឹកហាត់បាញ់គ្រាប់ពិតបាន១០នាក់ក្នុងមួយលើក ដោយមានប្រព័ន្ធការពារក្បាលគ្រាប់ និងសំឡេងចេញក្រៅ ខណៈឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក៏ជួយឧត្ថម្ភអគារទទួលភ្ញៀវជាតិ អន្តរជាតិ និងការស្នាក់នៅដែលចំណាយថវិកាជាង២លានដុល្លារ និងកំពុងដំណើរការសាងសង់នៅឡើយ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានចាត់ទុកអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី ដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះថាជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បំពេញតម្រូវការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ ឱ្យកាន់តែមានគុណភាព និងមានសមត្ថភាពវិជ្ជាជីវៈច្បាស់លាស់ សម្រាប់ចេញទៅបម្រើប្រទេសជាតិ និងប្រជាជន បន្ថែមលើមូលដ្ឋាននៃការបណ្ដុះបណ្ដាលផ្សេងទៀតដែលមាននៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ដែលបានចូលរួមឧត្ថម្ភគាំទ្រដំណើរការកសាងអគារទំនើបបាញ់គ្រាប់ពិតនេះ និងឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុដែលជួយសាងសង់អគារទទួលភ្ញៀវជាតិ និងអន្តរជាតិ និងអគារស្នាក់នៅសម្រាប់នគរបាលជាតិនៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ទន្ទឹមគ្នានឹងវឌ្ឍនភាពនៅបណ្ឌិត្យសភានគរបាលកម្ពុជានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញការកត់សម្គាល់ចំពោះភាពរីកចម្រើននៃសាលានគរបាលជាតិតាមបណ្ដាភូមិភាគនានា ពោលគឺបន្ទាប់ពីសម្ដេចបានអញ្ជើញចុះទៅដល់សាលាទាំងនោះ សម្ដេចសង្កេតឃើញថាលាសាលានគរបាលជាតិភូមិភាគនានាក៏កំពុងមានការអភិវឌ្ឍ ទាំងការសិក្សារៀនសូត្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជាអគារសិក្សា អគារស្នាក់នៅ ផ្លូវ និងប្រព័ន្ធលូ ដែលជាជំនួយឧត្ថម្ភអភិបាលខេត្តពាក់ព័ន្ធ។

សម្ដេចឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថាក្រសួងមហាផ្ទៃបានផ្ដល់អាទិភាពដល់បណ្ឌិត្យសភានគរបាលកម្ពុជា តាមរយៈការឧត្ថម្ភជាច្រើនដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈសិក្សា និងហ្វឹកហាត់នានាឱ្យស្របតាមតម្រូវការជាក់ស្ដែង និងបានផ្ដល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងគ្រូនគរបាលជាតិ ទៅតាមរូបភាពផ្សេងៗ ដើម្បីលើកកម្ពស់ការងារ និងស្មារតីទទួលខុសត្រូវ ដោយសម្ដេចមានជំនឿថារាល់និស្សិត និងសិក្ខាកាមទាំងអស់នឹងក្លាយជានគរបាលជាតិប្រកបដោយសក្ដានុពល។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តមានប្រសាសន៍គូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់ ដែលជាប្រភពនាំឱ្យកើតមានបទល្មើសផ្សេងទៀតក្នុងសង្គម និងអាចឈានទៅពាក់ព័ន្ធដល់បទល្មើសសម្អាតប្រាក់ ដែលជាបទឧក្រិដ្ឋអន្តរជាតិ។ សម្ដេច បានសង្កត់ធ្ងន់ថាបញ្ហាទាំងនេះទាមទារការចូលរួមឱ្យបានសកម្មបំផុតពីគ្រប់ភាគី ក្នុងនោះក៏មានមន្រ្តីនគរបាលជាតិដែរ ដើម្បីកុំឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរនិងមិនអាចគ្រប់គ្រងបានដូចបណ្ដាប្រទេសមួយចំនួន ៕ 

អត្ថបទដែលជាប់ទាក់ទង