សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតជូនថ្នាក់ដឹកនាំសហភាពសហជីពជាតិខ្មែរ ចូលជួបសម្ដែងការគួរសម
នារសៀលថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនថ្នាក់ដឹកនាំសហភាពសហជីពជាតិខ្មែរ ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
លោក សុខ រ៉ាវុធ ប្រធានសហភាពសហជីពជាតិខ្មែរ បានរាយការណ៍ជូនសម្ដេចអំពីសកម្មភាពថ្នាក់ដឹកនាំ និងក្រុមការងារសហជីពដែលបានរួមចំណែកលើកស្ទួយសុខដុមរមនារវាងនយោជក និងក្រុមកម្មករ និងរួមចំណែកទប់ស្កាត់បញ្ហានាំឱ្យប៉ះពាល់ដល់ទីផ្សារផលិតផល និងផលប្រយោជន៍កម្មករ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណការចូលរួមចំណែកជាវិជ្ជមានរបស់សហភាពសហជីពជាតិខ្មែរ ដើម្បីជំរុញការបង្កើតបរិយាកាសយោគយល់គ្នាទៅវិញទៅមករវាងថៅកែរោងចក្រ និងកម្មករ កម្មការរិនី។ សម្ដេចសង្ឃឹមថាសហភាពសហជីពជាតិខ្មែរ នឹងបន្តពង្រឹងពង្រីកការងារនេះបន្ថែមទៀត៕