សម្ដេចក្រឡាហោម ស ខេង ញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់អគារអន្តេវាសិកដ្ឋាន ទីចាត់ការ និងសមិទ្ធផលនានា នៃវិទ្យាល័យសម្ដេចក្រឡាហោម ស ខេង តាគ្រាម ស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង
នាព្រឹកថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់អគារអន្តេវាសិកដ្ឋាន ទីចាត់ការ និងសមិទ្ធផលនានា នៃវិទ្យាល័យសម្ដេចក្រឡាហោម ស ខេង តាគ្រាម ស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ជូនអង្គពិធីអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការកសាងសាលារៀនឱ្យបានទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ព្រមទាំងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបម្រើផលប្រយោជន៍សាធារណៈ។ សម្ដេចបានថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋាន និងសប្បុរសជនដែលរួមកម្លាំងសាមគ្គីគ្នាជាមួយប្រជាពលរដ្ឋ បរិច្ចាគធនធាន គាំទ្រដំណើរការកសាងសមិទ្ធផលនានាក្នុងមូលដ្ឋាននេះ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់សង្គ្រាមនាំមកនូវសុខសន្តិភាពហើយនោះ ខ្មាំងសត្រូវនាពេលបច្ចុប្បន្នរបស់ជនរួមជាតិ យ៉ាងហោចណាស់មានបី គឺទី១. ភាពល្ងិតល្ងង់ ឬអវិជ្ជា, ទី២. ភាពក្រីក្រ និងទី៣ គឺខ្លួនឯង ដោយសម្ដេចបន្ថែមថា «ចង់ប្រឆាំងគេឈ្នះ ចង់វាយគេឱ្យឈ្នះ ត្រូវឈ្នះភាពឆេវឆាវ និងចិត្តអំណួតខ្លួនឯងសិន ចិត្តលោភលន់ មើលងាយមើលថោកអ្នកដទៃ នោះហើយជាខ្មាំងសត្រូវរបស់យើង» ។
សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ជូនអង្គពិធីអំពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះគោលនយោបាយអាទិភាព៤ គឺមនុស្ស ផ្លូវ ទឹក និងភ្លើងអគ្គិសនី ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម បំពេញសេចក្ដីត្រូវការប្រជាពលរដ្ឋ ព្រមទាំងឈានទៅប្រកួតប្រជែងសមត្ថភាពធនធានមនុស្សទាំងក្នុងតំបន់ និងអន្តរជាតិ។ សម្ដេចក៏បានថ្លែងអំពីវឌ្ឍនភាព នៃការអនុវត្តសាកល្បងការផ្ទេរការគ្រប់គ្រងសាលាបឋម និងមត្តេយ្យសិក្សាមកឱ្យរដ្ឋបាលក្រុងស្រុកជាអ្នកគ្រប់គ្រងផងដែរ ៕