ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនលោកស្រី Jyotsana Verma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ប្រចាំនៅកម្ពុជាទើបតែងតាំងថ្មីចូលជួបសម្ដែងការគួរសម

នារសៀលថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកស្រី Jyotsana Verma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ប្រចាំនៅកម្ពុជាទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា។

ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកស្រីនាយិកា និងថ្លែងថាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចសូមថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលបានបន្តបេសកម្មជាមួយកម្ពុជាជាច្រើនឆ្នាំ រហូតក្លាយជាដៃគូអភិវឌ្ឍន៍មួយមិនអាចខ្វះបាន។

សម្ដេចបន្តថាADB ក៏ជាម្ចាស់ជំនួយមួយដែលបានរួមចំណែកជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាបញ្ហាស្មុគស្មាញ និងប្រសិនបើគ្មានការគាំទ្រពីភាគីពាក់ព័ន្ធទេ នឹងមិនអាចទទួលបានជោគជ័យដូចសព្វថ្ងៃនោះឡើយ។

សម្ដេចបន្ថែមថាADB ក៏បានជួយគាំទ្រកម្ពុជាក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាំងពីឆ្នាំ២០០២ ជាមួយនឹងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀតជាមួយបណ្ដាប្រទេសនៅតាមបណ្ដោយដងទន្លេមេគង្គ។

ពាក់ព័ន្ធនឹងកំណែទម្រង់វិជម្ឈការ និងវិសហមជ្ឈការសម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនលោកស្រីនាយិកាថាផ្អែកតាមប្រវត្តិសាស្រ្ត ការងារកំណែទម្រង់នេះគឺជាការងារមួយដ៏ថ្មីសន្លាង ទាមទារឱ្យមានការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តខ្ពស់។

សម្ដេចបន្តថារាជរដ្ឋាភិបាលបានទទួលបានជោគជ័យជាបន្តបន្ទាប់ ដោយកំណែទម្រង់នេះបានចូលរួមចំណែកដល់ការលើកម្ពស់នូវស្ថិរភាព ភាពជាម្ចាស់ ការកាត់បន្ថយភាពក្រីក្រ និងការលើកម្ពស់ការចូលរួមរបស់ស្រ្តីនៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចក៏បានលើកឡើងបញ្ហាមួយចំនួនដែលត្រូវដោះស្រាយក្នុងការងារមួយចំនួនពាក់ព័ន្ធនឹងកំណែទម្រង់នេះ រួមទាំងការងារកំណែទម្រង់ដែលជាគោលនយោបាយដ៏មានសារៈសំខាន់ដែលបានដាក់ចេញឱ្យអនុវត្តជិត២ ទស្សវត្សរ៍មកហើយ។

សម្ដេចបង្ហាញការសន្និដ្ឋានថា ការយល់ដឹងរបស់អ្នកពាក់ព័ន្ធនានាទាំងស្ថាប័នសាធារណៈ និងសង្គមស៊ីវិលពាក់ព័ន្ធនឹងកំណែទម្រង់នេះនៅមានកម្រិត មានការយល់ឃើញ និងបកស្រាយផ្សេងៗគ្នាអំពីចក្ខុវិស័យ និងគោលបំនងនៃកំណែទម្រង់នេះ។

បញ្ហាប្រឈមទី២ គឺបញ្ហារចនាសម្ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ នៅមិនទាន់មានលក្ខណៈសមស្របពេញលេញតាមចរិតលក្ខណៈផ្សេងៗគ្នានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដូចជាទីក្រុងធំ ទីប្រជុំជន និងទីជនបទ។

បញ្ហាមួយទៀតពាក់ព័ន្ធនឹងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលសម្ដេចបន្ថែមថាសព្វថ្ងៃនេះរាជរដ្ឋាភិបាលបានផ្ទេរមុខងារចំនួន៥៥ ក្នុងវិស័យចំនួន២០ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ តែទោះជាយ៉ាងណាការផ្ទេរនេះពុំទាន់មានលក្ខណៈសមស្របតាមចំនួនមុខងារ និងទំហំមុខងារនីមួយដែលបានផ្ទេរទៅ ព្រមទាំងពុំទាន់មានភាពរលូននៅឡើយ។

សម្ដេច បន្តថាជាក់ស្ដែងថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវច្បាប់ និងអនុក្រឹត្យពាក់ព័ន្ធនឹងការវិនិយោគដែលអនុញ្ញាតឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចសម្រេចលើគម្រោងត្រឹមទឹកប្រាក់៥ លានដុល្លារអាមេរិកដោយពុំចាំបាច់មានការឆ្លងពីថ្នាក់ជាតិ ប៉ុន្តែពុំទាន់មានរដ្ឋបាលណាមួយពិនិត្យសម្រេចលើការងារនេះនៅឡើយទេ។

សម្ដេច បានបន្តទៀតថាបញ្ហាទាំងនេះ ទាមទារឱ្យមានការគាំទ្រពីរដ្ឋបាលថ្នាក់ជាតិ ព្រោះបើអនុវត្តមិនបានជោគជ័យ អាចប៉ះពាល់ដល់អារម្មណ៍ និងមតិរបស់សាធារណជនលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ខណៈបញ្ហាមួយទៀតគឺប្រព័ន្ធគ្រប់គ្រងបុគ្គលិក និងអភិវឌ្ឍធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេច ក៏បានលើកឡើងពីបញ្ហាសំខាន់មួយទៀតដែលមានលក្ខណៈជាអន្តរវិស័យមួយចំនួន ដូចជាការរៀបចំប្រព័ន្ធអភិបាលកិច្ចឌីជីថល ការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់សមភាពយ៉ែនឌ័រ បរិយាប័ន្ន និងការលើកម្ពស់សមធម៌សង្គម ពុំទាន់បានជ្រួតជ្រាប និងអនុវត្តបានពេញលេញក្នុងការបំពេញការងារជាទូទៅនៅឡើយ។

សម្ដេច ក៏បានលើកឡើងដែរថានៅពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវកម្មវិធីជាតិថ្មីមួយ ក្នុងនោះនឹងមានការឆ្លើយតបដោះស្រាយបញ្ហាខាងលើនេះ។ ជាមួយគ្នានេះ សម្ដេច ក៏បានសម្ដែងការអរគុណចំពោះADB ដែលបានសហការអនុវត្តគម្រោងបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋានដែលមានរយៈពេល៥ឆ្នាំ។ សម្ដេច បន្តថាគម្រោងនេះ កំពុងមានការអនុវត្តយឺតយ៉ាវជាងផែនការដែលបានគម្រោងទុកប្រមាណ៥ខែ ដោយសារកត្តាការគ្រប់គ្រងដីធ្លីសម្រាប់សាងសង់សាលា និងដោយសារបញ្ហាកូវីដ-១៩ ហើយផ្អែកតាមការលើកឡើងមកនេះ សម្ដេចសង្ឃឹមថាADB នឹងបន្តគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាកម្មវិធីជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី២។

សម្ដេច ក៏បានលើកឡើងសំណើរមួយចំនួនទៅដល់ADB ដូចជាការបន្តស្វែងរកអ្នកជំនាញបច្ចេកទេសបន្ថែម ដើម្បីគាំទ្រទៅលើការងារអន្តរវិស័យមួយចំនួនដូចជាការរៀបចំប្រព័ន្ធអភិបាលកិច្ចឌីជីថល ការប្រែប្រួលអាកាសធាតុ ដែលកិច្ចការងារនេះជាកិច្ចការថ្មីដែលទាមទារឱ្យមានការគាំទ្រពីដៃគូអភិវឌ្ឍន៍។ សម្ដេចក៏បានស្នើធនាគារអភិវឌ្ឍន៍អាស៊ីគាំទ្របន្ថែមសម្រាប់ថវិកាគាំទ្រគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលនៅខ្វះខាត។ សម្ដេច ក៏បានស្នើឱ្យគាំទ្រដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតក្រៅពីអគារសាលាជាតិរដ្ឋបាលមូលដ្ឋាន ដូចជាសួនច្បារ ទីធ្លារកីឡា និងស្រះទឹកជាដើម។ 

សម្ដេចក៏បានស្នើADB គាំទ្របច្ចេកទេស និងសម្ភារៈសម្រាប់ការងារស្រាវជ្រាវរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន រួមទាំងការកសាងប្រព័ន្ធទិន្នន័យពាក់ព័ន្ធនឹងអភិបាលកិច្ចមូលដ្ឋាន។ សម្ដេច ក៏ស្នើគាំទ្រលើគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលស្រុកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ 

លោកស្រីនាយិការADB បានថ្លែងអំណរគុណសម្ដេចក្រឡាហោមដែលបានទទួលលោកស្រី និងបានមានប្រសាសន៍ថាធនាគារអភិវឌ្ឍន៍អាស៊ីគឺជាដៃគូដ៏រឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងមហាផ្ទៃ ដែលមានគម្រោងមួយចំនួនបាននិងកំពុងអនុវត្តជាមួយគ្នា។

លោកស្រីបានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់សម្ដេចក្រឡាហោម សម្រាប់ការគាំទ្ររបស់ADBក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបានលទ្ធផលគួរឱ្យកោតសរសើរ។ ដោយឡែកពាក់ព័ន្ធនឹងគម្រោងADBនៅតាមដងទន្លេមេគង្គលោកស្រីក៏បានជម្រាបជូនសម្ដេចថាគម្រោងទាំងនោះបានបញ្ចប់ក្រោយរយៈពេល២០ឆ្នាំ ប៉ុន្តែនៅមានការងារបន្តបន្ទាប់ទៀតពាក់ព័ន្ធវិស័យនេះដែលADBកំពុងសិក្សា។

លោកស្រីក៏បានសម្ដែងការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការប្ដេជ្ញាចិត្ត និងឆន្ទៈក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាការងារមួយទាមទាររយៈពេយូរអង្វែង។  លោកស្រីបានសម្ដែងការរីករាយយ៉ាងក្រៃលែងដែលបានដឹងព័ត៌មានតាមរយៈសម្ដេចក្រឡាហោមថារាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតសំខាន់ និងយកចិត្តទុកដាក់ចំពោះសមភាពយ៉ែនឌ័រ។ 
ឆ្លើយតបនឹងសំណើរសម្ដេច លោកស្រីបានជម្រាបជូននូវការទទួលយកសំណើរទាំងនេះ និងបន្តធ្វើការសិក្សាជាមួយក្រុមការងារក្រសួងមហាផ្ទៃ ដើម្បីធានាបានប្រសិទ្ធភាពការងារនៃកម្រោងរវាងADBនិងក្រសួងមហាផ្ទៃ។  

លោកស្រីបានបន្តថាចំពោះការងារពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុសព្វថ្ងៃ ADB កំពុងរៀបចំគម្រោងតម្លៃដល់ទៅ១០០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០៣០ ដោយលោកស្រីស្នើសុំសម្ដេចផ្ដល់គាំទ្រ។ ជាការឆ្លើយតបចំពោះការលើកឡើងរបស់លោកស្រីនាយិកា ADBនោះ សម្ដេចក្រឡាហោម បានត្រៀមខ្លួនបន្តធ្វើការងារជាមួយលោកស្រីនាយិកាក្នុងអាណត្តិរបស់លោកស្រីនៅប្រទេសកម្ពុជា៕ 

អត្ថបទដែលជាប់ទាក់ទង