សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតជូនប្រតិភូសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ហៅកាត់ថា (CWPUC) ចូលជួបសម្ដែងការគួរសម
នារសៀលថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជូនប្រតិភូសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ហៅកាត់ថា (CWPUC) ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានបង្ហាញសេចក្ដីរីករាយ និងកោតសរសើចំពោះថ្នាក់ដឹកនាំ និងក្រុមការងារសហជីពទាំងមូលដែលបានរួបរួមគ្នាបង្កើតជាសហជីពស្របតាមច្បាប់ស្ដីពីការងារ ដោយសម្ដេចបានចាត់ទុកថាជាគំនិតផ្ដួចផ្ដើមដ៏ល្អ និងមានសារៈសំខាន់សម្រាប់ការងារ និងលើកស្ទួយដល់សិទ្ធិកម្មករធ្វើការងារតាមបណ្ដារោងចក្រ សហគ្រាស ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។
តំណាងសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា លោក ហង្ស រ៉ាវី ក៏បានជម្រាបសម្ដេចថាសហភាពសហជីពរក្សាសិទ្ធិកម្មករ មានសហភាពសហជីពចំនួន១៦ សមាគមចំនួន៨ សរុប២២អង្គភាព មានសហជីពមូលដ្ឋានសរុបចំនួន១២១មូលដ្ឋាន និងមានសមាជិកសរុបចំនួន២៩,៩៧៨នាក់ ដោយបានចូលរួមចំណែកការពារសិទ្ធិ និងផលប្រយោជន៍កម្មករ និងគោលនយោបាយរាជរដ្ឋាភិបាល។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់យោបល់ឱ្យសហភាពសហជីពពិចារណាចូលរួមចំណែកលើកស្ទួយកិត្តិយស កិត្យានុភាពជាតិ និងទាក់ទាញការវិនិយោគពីសំណាក់ក្រុមហ៊ុនបរទេស ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនក្នុងស្រុកប្រកបអាជីវកម្មដោយភាពនឹងនរដើម្បីរួមចំណែកបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ៕