សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី អនុញ្ញាតជូនលោកជំទាវ ហ្វរូហ្គ ហ្វយូហ្សិថ នាយិកាអង្គការ យូនីសេហ្វ ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជូនលោកជំទាវ ហ្វរូហ្គ ហ្វយូហ្សិថ នាយិកាអង្គការ យូនីសេហ្វ ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកជំទាវនឹងត្រូវបញ្ចប់បេសកកម្មនៅកម្ពុជា ។
ជាកិច្ចចាប់ផ្ដើមនៃជំនួបនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ចំពោះលោកជំទាវ និងបានថ្លែងអំណរគុណដល់អង្គការ យូនីសេហ្វ ដែលតែងតែជាដៃគូដ៏សំខាន់ និងយូរអង្វែងរបស់កម្ពុជា។ សម្ដេចនាយករដ្ឋមន្ត្រីស្ដីទី ក៏បានបង្ហាញក្ដីសង្ឃឹមជឿជាក់ថា អង្គការ យូនីសេហ្វ ប្រចាំនៅកម្ពុជា នឹងបន្តគាំទ្រការអភិវឌ្ឍកម្ពុជាបន្តទៀត។
លោកជំទាវ ហ្វរូហ្គ ហ្វយូហ្សិថ បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ដែលឆ្លៀតពេលវេលាទទួលជួបលោកជំទាវនាឱកាស ដែលលោកជំទាវនឹងត្រូវបញ្ចប់បេសកកម្មនៅកម្ពុជា។ លោកជំទាវ ក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលចាត់វិធានការប្រកបដោយជោគជ័យក្នុងការឆ្លើយតបការរីករាលដាលជំងឺកូវីដ-១៩ ហើយក្នុងនោះក្រសួងមហាផ្ទៃ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ផងដែរ។
លោកជំទាវនាយិកាយូនីសេហ្វ បានបន្តថា អង្គការ យូនីសេហ្វ គឺជាដៃគូរាជរដ្ឋាភិបាលកម្ពុជាតាំងពីយូរណាស់មកហើយ ដោយបានចាប់ផ្ដើមសកម្មភាពនៅកម្ពុជាតាំងតែពីឆ្នាំ១៩៥២ មកម្លេះ និងក៏ជាដៃគូដែលបានត្រឡប់មកកម្ពុជាវិញភ្លាមៗ ក្រោយរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំ ដោយបានផ្ដល់នូវជំនួយមនុស្សធម៌ក្នុងពេលប្រជាជនកម្ពុជាជួបការលំបាកខ្លាំង។
លោកជំទាវបន្តថា រហូតដល់ឆ្នាំ២០០១ អង្គការ យូនីសេហ្វ បានសហការ និងផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងតាមរយៈកម្មវិធីសិទ្ធិកុមារ ដែលបានប្ដូរមកជាកម្មវិធីអភិវឌ្ឍន៍សហគមន៍នៅឆ្នាំ២០១១។
លោកជំទាវ ហ្វរូហ្គ ហ្វយូហ្សិថ បន្ថែមថា អង្គការ យូនីសេហ្វ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱ្យមានគណៈកម្មាធិការទទួលបន្ទុកស្រ្តី និងកុមារនៅក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ ហើយចាប់ពីឆ្នាំ២០១៨មក អង្គការ យូនីសេហ្វ ក៏បានចាប់ផ្ដើមធ្វើការដោយផ្ទាល់ជាមួយក្រសួងមហាផ្ទៃ ដើម្បីអនុវត្តគម្រោងលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងគម្រោងកិច្ចការពារកុមារស្ថិតក្រោមកម្មវិធីប្រចាំប្រទេសឆ្នាំ២០១៩-២០២៣ របស់យូនីសេហ្វ ។
នៅក្នុងការអនុវត្តគម្រោងខាងលើនេះ លោកជំទាវនាយិកា បានមានប្រសាសន៍ទៀតថា អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានបន្តសហការអនុវត្តរហូតមកដល់សព្វថ្ងៃ ហើយសម្រាប់ការលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះដែរ លោកជំទាវក៏ពិតជាមានក្ដីរីករាយយ៉ាងក្រៃលែង ដោយទទួលព័ត៌មានថា ថវិកាវិភាគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការលើកកម្ពស់សេវាសង្គម បានកើនឡើងពី ៨% ទៅ ១០%។
លោកជំទាវបានជម្រាបសម្ដេចក្រឡាហោម បន្តថា យូនីសេហ្វ ក៏នឹងបន្តគាំទ្រជាមួយក្រសួងមហាផ្ទៃ ដើម្បីបន្តជំរុញការបង្កើនថវិកាវិភាគនេះរហូតដល់ ២០%។ លោកជំទាវ បន្ថែមថា សព្វថ្ងៃ យូនីសេហ្វ ក៏កំពុងរៀបចំបង្កើតកម្មវិធីប្រចាំប្រទេស៥ឆ្នាំបន្តទៀតរបស់ខ្លួន ពីឆ្នាំ២០២៤-២០២៨ ដោយនឹងរៀបចំឱ្យមានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនានា ក្នុងនោះក៏មានក្រសួងមហាផ្ទៃផងដែរ។
ឆ្លើយតបចំពោះការលើកឡើងរបស់លោកជំទាវ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានថ្លែងអំណរគុណចំពោះការវាយតម្លៃជាវិជ្ជមានពីលោកជំទាវ និងបានជម្រាបជូនលោកជំទាវវិញថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានក្លាយជាគោលនយោបាយស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជាហើយ ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក៏បានធ្វើឱ្យការបង្កើនថវិកាទៅថ្នាក់ក្រោមជាតិមានភាពយឺតយ៉ាវបន្តិច។
យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំព្យាយាមពន្លឿនការងារនេះនៅបន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩ បានធូរស្រាល ស្របពេលនឹងការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពកិច្ច ការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ។ សម្ដេច ក៏បានជម្រាបជូនដែរអំពីការត្រៀមខ្លួនចូលរួមកិច្ចពិគ្រោះយោបល់ជាមួយ យូនីសេហ្វ ក្នុងការរៀបចំបង្កើតផែនការកម្មវិធីថ្មី ៕