ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា ទទួលជួបលោក OKUBO HIDEO ស្ថាបនិកមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូលជួបសម្ដែងការគួរសម

នារសៀលថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបលោក OKUBO HIDEO ស្ថាបនិកមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ហៅកាត់CIEFF ចូលជួបសម្ដែងការគួរសម។

នាឱកាសនោះ លោក OKUBO HIDEO បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ដែលបានទទួលជួបរូបលោក និងបានជម្រាបសម្ដេចថាជំនួបនេះ លោកមានគោលបំណងពីរ ទីមួយគឺសម្ដែងនូវក្ដីនឹករលឹកដ្បិតលោកខកខានជួបសម្ដេចក្រឡាហោម ប្រមាណ៥ឆ្នាំមកហើយ ហើយគោលបំណងទីពីរគឺស្នើសុំការគាំទ្រពីសម្ដេចសម្រាប់ការបន្តអនុស្សរណៈនៃការយោគយល់គ្នារយៈពេល១០ឆ្នាំបន្តទៀតរវាងក្រុមហ៊ុន E-Security Service (ESS) ជាមួយក្រសួងមហាផ្ទៃ ដែលក្រុមហ៊ុននេះជាផ្នែកមួយនៃមូលនិធិCIEFF។

លោកបន្តថានៅក្នុងMOUនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលក្រុមហ៊ុនESS ធ្វើជាដៃគូផ្ដល់សេវាកម្មព័ត៌មានសន្តិសុខនៅកម្ពុជា ហើយដែលMOUនេះនឹងត្រូវផុតកំណត់នៅកំឡុងខែតុលា ឆ្នាំ២០២២ខាងមុខនេះ។ លោកបានថ្លែងអំណរគុណក្រសួងមហាផ្ទៃ ដែលបានគាំទ្រដល់ការអនុវត្តMOUកន្លងមក និងស្នើបន្តកិច្ចសហប្រតិបត្តិការMOUនេះរយៈពេល១០ឆ្នាំបន្តទៀត។

ក្នុងឱកាសនោះដែរ លោក OKUBO HIDEO ក៏បានជម្រាបជូនសម្ដេចក្រឡាហោម ដោយសង្ខេបនូវវឌ្ឍនភាពការងាររបស់ESAក្នុងរយៈពេល១០ឆ្នាំនៅកម្ពុជា ដោយគិតមកដល់ពេលនេះ ក្រុមហ៊ុនបានចុះកុងត្រាជាមួយក្រុមហ៊ុនចំនួន១៣០៥ក្រុមហ៊ុន ក្នុងការផ្ដល់សេវាកម្មព័ត៌មានសន្តិសុខពេញ២៤ម៉ោងក្នុងមួយថ្ងៃ និងពេញ៧ថ្ងៃក្នុងមួយសប្ដាហ៍ ជាពិសេសមានអតិថិជនច្រើននៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀត។

លោកថាក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រុមហ៊ុនបានទទួលអន្តរាគមន៍ដោះស្រាយឧបទ្ទវហេតុសរុប២៨៣ករណី ពីអតិថិជនដែលមានពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសង្គមដូចជាចោរកម្ម អគ្គិភ័យ គ្រោះទឹកជំនន់ និងការសង្គ្រោះបន្ទាន់ ក្នុងនោះជាង៤០ករណី បានទទួលកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយអាជ្ញាធរប៉ូលិស។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ និងកោតសរសើរចំពោះសមិទ្ធផលរបស់ក្រុមហ៊ុនESS ដែលសម្រេចបានក្នុងរយៈពេល១០ឆ្នាំនៃការអនុវត្តMOUកន្លងមក។ សម្ដេចបានមានប្រសាសន៍ថាក្រុមហ៊ុនបានដើរតួជាផ្នែកមួយសំខាន់ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅកម្ពុជា តាមរយៈកិច្ចសហការជិតស្និតជាមួយអាជ្ញាធរប៉ូលិស។

សម្ដេច សង្ឃឹមថាក្រុមហ៊ុននឹងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដើម្បីជំរុញឱ្យពួកគាត់ប្រើប្រាស់ប្រព័ន្ធសេវាកម្មព័ត៌មានសន្តិសុខនេះឱ្យបានកាន់តែច្រើន ហើយចំពោះសំណើរនៃការបន្តMOU ជាមួយក្រសួងមហាផ្ទៃ សម្ដេចស្វាគមន៍ និងស្នើឱ្យក្រុមហ៊ុនធ្វើការងារមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីរៀបចំនីតិវីធីចុះហត្ថលេខាបន្តសុពលភាពរយៈពេល១០ឆ្នាំទៀត។

មុននឹងបញ្ចប់ជំនួបនោះ សម្ដេចក្រឡាហោម បានបង្ហាញការត្រៀមខ្លួនសហការជាមួយក្រុមហ៊ុនដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមានឡើងក្នុងកំឡុងពេលនៃការអនុវត្តMOU ជាមួយក្រសួងមហាផ្ទៃ។ ចំណែកលោក OKUBO HIDEO ក៏បានគោរពថ្លែងអំណរគុណសម្ដេច និងសន្យាថាក្រុមហ៊ុននឹងព្យាយាមចូលរួមលើកស្ទួយវិស័យសន្តិសុខនៅកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត ៕ 

អត្ថបទដែលជាប់ទាក់ទង