សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្ស
នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គនាយក អគ្គលេខាធិការ អភិបាលរាជធានី ខេត្ត ស្នងការរាជធានី ខេត្ត និងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនទៀត។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ក្នុងនោះ គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានទទួលបណ្ដឹងសរុបចំនួន២៨៩ករណី ពីសាម៉ីជន សាច់ញាតិ ស្ថានទូត និងអង្គការអន្តរជាតិមួយចំនួន។
សម្ដេច ឱ្យដឹងថាខេត្តព្រះសីហនុមាន២១២ករណី, ពោធិ៍សាត់មាន៤ករណី, ស្វាយរៀងមាន១៨ករណី, ខេត្តកោះកុងមាន៥ករណី, ប៉ៃលិនមាន១ករណី, ឧត្តរមានជ័យមាន១៤ករណី, កណ្ដាលមាន១៨ករណី, សៀមរាបមាន១ករណី, រាជធានីភ្នំពេញ១៤ករណី និងខេត្តបន្ទាយមានជ័យមាន២ករណី។ សម្ដេច បន្តថា«ពាក្យបណ្ដឹងទាំងឡាយនេះ ដំបូងឡើយយើងក៏មិនជឿទុកចិត្តទាំងស្រុងនោះដែរ ប៉ុន្តែឆ្លងកាត់ការអនុវត្តជាក់ស្ដែងបន្តបន្ទាប់គឺប្រមាណ៩៥ភាគរយជាការពិត»។
សម្ដេចក្រឡាហោម បានបន្តថាក្រុមប្រតិបត្តិការ ក៏បានស្រាវជ្រាវ និងស៊ើបអង្កេតបានករណីមួយចំនួនដែរ ដោយគិតចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានស្រាវជ្រាវ និងស៊ើបអង្កេតបានចំនួន៨៥ករណី រកឃើញមនុស្ស១៧៦នាក់ មាន៨សញ្ជាតិ ក្នុងនោះខេត្តព្រះសហនុច្រើនជាងគេ និងកត់សម្គាល់ថាភាគច្រើននៃជនរងគ្រោះគឺធ្វើការនៅកន្លែងអាជីវកម្មល្បែងភ្នាល់អនឡាញខុសច្បាប់។
ដើម្បីធានាឱ្យកិច្ចប្រតិបត្តិការនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួយដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យប្រកាន់ជំហរឯកភាពគ្នាថា«ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ គឺដោយត្រូវប្រកាន់គោលការណ៍នីតិរដ្ឋ មិនមែនដោយផ្អែកលើល្បែងស៊ីសងខុសច្បាប់នោះទេ»។ សម្ដេច បន្ថែមថាទោះបីមានការប្រឈមខ្លះក៏ដោយ ប៉ុន្តែគ្រប់គ្នាត្រូវយល់ឱ្យបានត្រឹមត្រូវថាអំពើជួញដូរមនុស្ស និងល្បែងអនឡាញខុសច្បាប់នេះជាអំពើល្មើសច្បាប់ បម្រើផលប្រយោជន៍តែបុគ្គល ឬក្រុមមនុស្សមួយចំនួនតូចប៉ុណ្ណោះ ពុំមែនបម្រើផលប្រយោជន៍សាធារណៈ ឬផលបរយោជន៍ប្រជាជនទូទៅឡើយ។
សម្ដេច បានចាត់ទុកបញ្ហាប្រឈមនេះថាជាឱកាសឱ្យមន្រ្តីបញ្ចេញស្នាដៃ បង្ហាញឆន្ទៈ និងការប្ដេជ្ញាចិត្តក្នុងការបំពេញភារកិច្ចជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដែរ ដ្បិតប្រសិនបើមានការរារែក មិនច្បាស់លាស់ នឹងមានន័យថាមន្រ្តីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្មានការប្ដេជ្ញាចិត្ត និងមិនអាចបញ្ចេញស្នាដៃទទួលខុសត្រូវនោះទេ។ បើតាមសម្ដេច កិច្ចប្រតិបត្តិការនេះជាវិញ្ញាសារសំខាន់សម្រាប់វាស់វែងឧត្តមគិតិ ឆន្ទៈ សមត្ថភាពរបស់រដ្ឋបាលរាជធានីខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ពិសេសអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត។
ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់នេះដែរ សម្ដេចបានមានប្រសាសន៍ថា ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺជាមេរោគហារីកសង្គមយ៉ាងកាចសាហាវបំផុត។ តាមរយៈបទល្មើសនេះ បទល្មើសផ្សេងៗនឹងកើតមានឡើងតាមនោះដែរ មានជាអាទិ៍ បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ បទល្មើសគ្រឿងញៀន ភេវរកម្ម លួចឆក់ប្លន់ បទល្មើសជម្រិតទារប្រាក់ បទល្មើសធ្វើទារុណកម្ម កាប់សម្លាប់ សងសឹក ប្រើប្រាស់អាវុធខុសច្បាប់ បទល្មើសអន្តោប្រវេសន៍ខុសច្បាប់ បទល្មើសសម្អាតប្រាក់ និងក៏ប៉ះពាល់ដល់ការកសាងយុត្តិធម៌សង្គម។
សម្ដេច បន្តសង្កត់ធ្ងន់ទៀតថា«ការបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងខុសច្បាប់អាចជំនួសឱ្យការវិនិយោគត្រឹមត្រូវតាមច្បាប់នោះបានទេ។ អាខុសច្បាប់ហ្នឹងមានពន្ធ មានចំណូលស្អីចូលរដ្ឋដូចគេវិនិយោគត្រឹមត្រូវ? វាថែមទាំងរារាំងការវិនិយោគត្រឹមត្រូវដែលគេមានទុនវិនិយោគច្រើនថែមទៀតផង។ ព្រោះធម្មតាមុននឹងគេយកប្រាក់មកវិនិយោគ គេមើលទាំងអស់។ ការមកច្រើននៃអ្នកមិនត្រឹមត្រូវនេះ វាក៏មិនអាចមកជំនួសអ្នកជំនាញល្អៗ និងទេសចរណ៍នោះបានដែរ ប៉ុន្តែវាថែមទាំងរារាំងអ្នកជំនាញ និងទេសចរណ៍ថែមទៀតផង»។
សម្ដេច បានទាញការចាប់អារម្មណ៍ថា រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង២០០លានដុល្លារ ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ហើយការវិនិយោគផ្លូវល្បឿនលឿនប្រមាណ២ពាន់លានដុល្លារ និងការកែលម្អផ្លូវជាតិលេខ៤នោះ មិនមែនដើម្បីបម្រើឱ្យឋានសួរគ៌នៃល្បែងខុសច្បាប់នោះទេ។ គឺក្នុងបំណងទាក់ទាញការវិនិយោគត្រឹមត្រូវ អ្នកទេសចរណ៍ត្រឹមត្រូវដើម្បីបានចំណូលកសាងប្រទេសជាតិទាំងមូល គឺមិនមែនតែខេត្តព្រះសីហនុនោះទេ។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់សម្រេចគោលដៅអាទិភាព៤ រួមមានទី១. គឺសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា, ទី២. ខិតខំស្រាវជ្រាវមេខ្លោងនិងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសឱ្យបានម៉ឺងម៉ាត់ និងដោយគ្មានការលើកលែង, ទី៣.ត្រួតពិនិត្យប្រមូលភស្តុតាងដើម្បីបិទទីតាំងប្រព្រឹត្តបទល្មើស និងទីតាំងខុសច្បាប់ និងទី៤. គឺត្រូវពន្លាតការស្រាវជ្រាវបន្ថែមទៀត ដើម្បីរកបទល្មើសសម្អាតប្រាក់ និងបទល្មើសផ្សេងៗទៀត។
សម្ដេច ក៏បានផ្ដល់ការណែនាំអំពីការសម្រេចបែងចែកការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋានភូមិឃុំសង្កាត់ឱ្យរដ្ឋបាលរាជធានី ខេត្ត ជាអ្នកទទួលខុសត្រូវ ដោយសារបទល្មើសនេះមិនពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សមនុស្ស។ ចំណែកក្រុមការងារដឹកនាំដោយឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអ្នកទទួលខុសត្រូវបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់៕