សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Nobert BARTHLE ជាសមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ នៃប្រទេសអាល្លឺម៉ង់
នៅព្រឹកថ្ងៃអង្គារ៍ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Nobert BARTHLE ជាសមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ នៃប្រទេសអាល្លឺម៉ង់។
ក្នុងកិច្ចជំនួបនោះសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណរដ្ឋាភិបាលអាល្លឺម៉ង់ដែលតែងតែជួយដល់កិច្ចអភិវឌ្ឍន៍កម្ពុជា ដោយសម្ដេចបានបង្ហាញការកត់សំគាល់ថា រាល់ការអភិវឌ្ឍរបស់កម្ពុជាមិនអាចកាត់ផ្ដាច់បានពីជំនួយគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់បានឡើយ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍អំពីអភិបាលកិច្ចល្អ និងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយសម្ដេចបានអះអាងថា បើទោះបីជាមានឧបសគ្គខ្លះមែន ប៉ុន្តែការងារនេះត្រូវបានរាជរដ្ឋាភិបាលប្ដេជ្ញាចិត្តរួចហើយថានឹងធ្វើឲ្យបានជោគជ័យ។
សម្ដេចបានមានប្រសាសន៍បន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពមន្ត្រីថ្នាក់ឃុំ-សង្កាត់ ដើម្បីឲ្យពួកគាត់មានលទ្ធភាពកាន់តែច្រើនក្នុងការអភិវឌ្ឍមូលដ្ឋាន តាមយៈការបង្កើនថវិកាតាមឆ្នាំជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣ ដែលរាជរដ្ឋាភិបាលបានកំណត់រួចហើយនោះ។
សម្ដេច ឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ កំពុងខិតខំពង្រីកបន្ថែមទៀត នូវការិយាល័យច្រកចេញចូលតែមួយ ដែលបច្ចុប្បនេះ បាននិងកំពុងដំណើរការនៅគ្រប់រាជធានី-ខេត្តប្រមាណជាង៥០កន្លែងរួចហើយ ដើម្បីពង្រឹងការផ្ដល់សេវាជូនពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
ឯកឧត្តម សមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ នៃប្រទេសអាល្លឺម៉ង់ បានសម្ដែងការគាំទ្រ និងកោតសរសើរថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេសសម្ដេចក្រឡាហោម ស ខេង តែម្ដង ដែលអាល្លឺម៉ង់កត់សំគាល់ឃើញថាបានដឹកនាំអនុវត្តការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានជោគជ័យជាបន្តបន្ទាប់ និងបានដាក់ចេញទិសដៅប្រកបដោយភាពជឿជាក់។
ឯកឧត្តម Norbert បានជំរាបជូនសម្ដចក្រឡាហោម ស ខេង ថារដ្ឋាភិបាលអាល្លឺម៉ង់ មានបំណងចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍កម្ពុជាជាបន្តទៀតជាមួយរាជរដ្ឋាភិបាល កម្ពុជា ពិសេសការបន្ថែមនូវសមិទ្ធផលថ្មីៗទៀតដែលអាល្លឺម៉ងបានសហការចូលរួមគាំទ្រកន្លងមក។
ក្នុងឱកាសនៃជំនួបនោះឯកឧត្តមសមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ នៃប្រទេសអាល្លឺម៉ង់
បានគោរពអញ្ជើញសម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចនៅសហព័ន្ធអាល្លឺម៉ង់ ក្នុងពេលវេលាសមស្រប ដើម្បីទទួលយក និងផ្លាស់ប្ដូរបទពិសោធន៍បន្ថែមទៀតទៅលើអ្វីដែលជាមូលដ្ឋានៃការកែទម្រង់របស់កម្ពុជាឲ្យកាន់តែទទួលបានជោគជ័យ៕