សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន ក្របខណ្ឌកម្មវិធី «អ្នកដឹកនាំវ័យក្មេង Young Leader Program» ឆ្នាំ២០២២ ចូលជួបសម្ដែងការគួរសម
នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន ក្របខណ្ឌកម្មវិធី «អ្នកដឹកនាំវ័យក្មេង Young Leader Program» ឆ្នាំ២០២២ ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ និងចូលរួមអបអរសាទរក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍ដែលមានសមត្ថភាព និងទទួលបានឱកាសទៅសិក្សានៅប្រទេសជប៉ុន ជាប្រទេសមានការអភិវឌ្ឍរីកចម្រើនមួយនៅក្នុងទ្វីបអាស៊ី និងមានទំនាក់ទំនងល្អជាមួយកម្ពុជា។ សម្ដេច ជឿជាក់ថាតាមរយៈអាហរូបករណ៍នេះ បេក្ខជនទាំងអស់ពិតជានឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រយកចំណេះដឹង ទ្រឹស្ដី និងបទពិសោធន៍ ដើម្បីពង្រឹងសមត្ថភាពវិលមកបំពេញការងារបម្រើអង្គភាព បម្រើជាតិ និងប្រជាជន។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានចែករំលែកទស្សនាទានមួយចំនួនជូនក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍ ក្នុងនោះរួមមានការងារសំខាន់ៗពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ ការរីកចម្រើននៃប្រទេសជាតិ ទំនាក់ទំនងកម្ពុជា និងជប៉ុន ស្ថានការណ៍អន្តរជាតិ ដូចជាការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរបស់ក្រុមប្រទេសមហាអំណាច បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងការប្រឈមមុខនឹងបញ្ហាផ្សេងៗកើតចេញពីវិបត្តិសង្គ្រាមចុងក្រោយនេះ។
ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា និងជប៉ុន សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាជប៉ុនជាប្រទេសមួយបានរួមចំណែកយ៉ាងច្រើនដល់ការស្ដារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងថាក្រៅពីបានផ្ដល់ជំនួយនិងកម្ចីជាច្រើនហើយនោះ ជប៉ុនក៏បានបង្កលក្ខណៈឱ្យក្រុមអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជាជាបន្តបន្ទាប់ដែរ ទាំងសហគ្រាសធនតូច និងមធ្យម។ សម្ដេច បន្ថែមថាពេលនេះ ជប៉ុនក៏កំពុងចូលរួមចំណែកអភិវឌ្ឍន៍កំពង់ផែព្រះសីហនុ ហើយក៏មានអង្គការជប៉ុនមួយចំនួនបានកៀគរជំនួយមកជួយសាងសង់សាលារៀនតាមតំបន់ជនបទនៅកម្ពុជា ។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានបន្តថាអតីតឯកអគ្គរដ្ឋទូតជប៉ុននៅកម្ពុជាជាច្រើនរូប សម្ដេចកត់សម្គាល់ថាក្រោយពេលបញ្ចប់បេសកកម្មការទូតនៅកម្ពុជាហើយនោះ ពួកគាត់បានវិលមកកម្ពុជាជាថ្មីទៀត ដោយបង្កើតជាអង្គការ សមាគម និងក្រុមហ៊ុននានាដើម្បីរួមចំណែកជួយអភិវឌ្ឍប្រទេសកម្ពុជា និងជំរុញការវិនិយោគនៅក្នុងប្រទេសកម្ពុជា តាមរយៈការកៀគរវិនិយោគទុនមកសិក្សាស្វែងយល់ពីស្ថានភាព និងឱកាសប្រកបដោយសក្ដានុពលរបស់កម្ពុជា។
សម្ដេចក្រឡាហោម ក៏បានលើកឡើងអំពីការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅប្រទេសជប៉ុនដែលមានភាពរីកចម្រើនច្រើនជាងប្រទេសកម្ពុជា ពិសេសការផ្ទេរមុខងារ សិទ្ធិអំណាច និងធនធាន។ សម្ដេច បន្ថែមថាប្រទេសកម្ពុជា ក៏បាននិងកំពុងខិតខំធ្វើការងារនេះដែរ ជាក់ស្ដែងនៅក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងកំឡុងពេលកូវីដ-១៩នោះ កម្ពុជាបានទទួលលទ្ធផលជាវិជ្ជមានច្រើនតាមរយៈការចូលរួមកាន់តែសកម្មរបស់រដ្ឋបាលខេត្ត បន្ទាប់ពីថ្នាក់ជាតិបានផ្ទេរការគ្រប់គ្រងវិស័យសុខាភិបាល។
មុននឹងបញ្ចប់ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានជូនពរក្រុមបេក្ខជនជ័យលាភី ទទួលបានជោគជ័យនៅក្នុងដំណើរការសិក្សានៅប្រទេសជប៉ុន ដើម្បីនាំយកចំណេះដឹងវិលត្រឡប់មកបម្រើជាតិ និងប្រជាជនវិញ។ តំណាងបេក្ខជនជ័យលាភីក៏បានគោរពថ្លែងអំណរគុណសម្ដេចដែលបានផ្ដល់ឱកាសឱ្យចូលជួបសម្ដែងការគួរសម ទទួលបានអនុសាសន៍ ព្រមទាំងទស្សនាទានល្អៗនាពេលនេះ និងបានគោរពជូនពរសម្ដេចមានសុខភាពល្អ។
សូមបញ្ជាក់ថាបន្ទាប់ពីបានឆ្លងកាត់ការប្រកួតប្រជែង និងការសម្ភាសន៍ផ្ទាល់យ៉ាងស្វិតស្វាញ និងម៉ត់ចត់ពីសាកលវិទ្យាល័យនៅប្រទេសជប៉ុន ជប៉ុនបានជ្រើសរើសបក្ខជនលាភីអាហារូបករណ៍កម្មវិធី «អ្នកដឹកនាំវ័យក្មេង Young Leader Program» ឆ្នាំ២០២២ ចំនួន៥រូបតំណាងឱ្យប្រទេសកម្ពុជាទៅសិក្សារយៈពេល១ឆ្នាំ លើមុខជំនាញ៣ រួមមានអភិបាលកិច្ចថ្នាក់ក្រោមជាតិ ច្បាប់ពាណិជ្ជកម្ម និងរដ្ឋបាលសេវាសុខាភិបាល៕