ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមកិច្ចប្រជុំ ASEAN SMART CITIES NETWORK (ASCN) លើកទី៥ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»

នាព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំ ASEAN SMART CITIES NETWORK (ASCN) លើកទី៥ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» តាមប្រព័ន្ធវីដេអូ ពីទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ឧត្តុងឧត្តមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានឆ្លៀតឱកាសដ៏ មមាញឹកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៥ នៃបណ្តាញទីក្រុងឆ្លាតអាស៊ាន តាមប្រព័ន្ធ Video Conference ដ៏មានសារៈសំខាន់នាពេលនេះ។

សម្ដេចក្រឡាហោម បានរំលឹកឡើងវិញអំពីដំណើរការរបស់អាស៊ានដែលរហូតមកដល់ពេលនេះ មានរយៈពេល៥៥ឆ្នាំ និងបានដំណើរការដោយឈរលើស្មារតីស្នូល «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍តែមួយ»។ សម្ដេចបន្ថែមថា សន្តិភាព និងស្ថេរភាពដែលអាស៊ានទទួលបានអស់រយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក បានធ្វើឲ្យអាស៊ានក្លាយជាតំបន់មានការរីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយសម្រេចបាននូវកំណើន និងការអភិវឌ្ឍខ្ពស់ រួមចំណែកកែលម្អជាលំដាប់នូវសុខមាលភាពរបស់ប្រជាពលរដ្ឋ។

សម្ដេចបន្តថា ទោះបីយើងត្រូវឆ្លងកាត់វិបត្តិកូវីដ-១៩ ជាសកលក៏ដោយ ក្នុងឆ្នាំនេះអាស៊ានបានសម្រេចសមិទ្ធផលធំៗមួយចំនួនដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការបន្តធ្វើការយ៉ាងស្វិតស្វាញក្នុងការបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ខណៈនាពេលថ្មីៗនេះបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដោយបានស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមទាំងផ្នែកភូមិសាស្ត្រនយោបាយ និងបញ្ហាសង្គម សេដ្ឋកិច្ចដែលកំពុងកើតមាន។

សម្ដេចបានរម្លឹកទៀតថា នៅក្នុងឱកាសស្វាគមន៍គណៈប្រតិភូកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវគំនិតផ្ដួចផ្ដើមចំនួនពីរ ដែលសម្ដេចផ្ទាល់យល់ថាមានសារៈសំខាន់សម្រាប់បណ្តាញទីក្រុងឆ្លាតអាស៊ាន ក្នុងនោះគំនិតផ្តួចផ្តើមទីមួយ គឺការដោះស្រាយចំពោះការគំរាម កំហែងដល់ភាពរស់រាននៃជីវិតក្នុងតំបន់ និងក្នុងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូចខាតផ្នែកបរិស្ថាន។ សម្ដេចបន្ថែមថា ក្នុងគំនិតផ្តួចផ្តើមទីមួយនេះ បណ្តាញទីក្រុងឆ្លាតអាស៊ាន និងបណ្តាទីក្រុងនានានៃបណ្តាប្រទេសអាស៊ាន នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកប្រែក្លាយតំបន់របស់អាស៊ានទៅកាន់អនាគតបៃតង ដែលមានចីរភាពការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់ និងភាពប្រកួតប្រជែង ក្នុងផ្នែកសេដ្ឋកិច្ច ហើយថាកិច្ចការនេះ នឹងអាចគ្របដណ្តប់ទៅលើវិស័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កម្មន្តសាល កសិកម្ម ការដឹកជញ្ជូន បរិស្ថាន និងហិរញ្ញវត្ថុ ដោយមានបច្ចេកវិទ្យា នវានុវត្តន៍ និងការកែច្នៃ ដើម្បីប្រើប្រាស់ឡើងវិញដែលនឹងបំពេញតួនាទីជាកត្តាជំរុញ។

ចំពោះគំនិតផ្តួចផ្តើមទីពីរ ពាក់ព័ន្ធនឹងវិធានការដើម្បីស្ដារ និងងើបឡើងវិញចេញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពវិញ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា បណ្តាក្រុងនានានៃបណ្តាប្រទេសអាស៊ាន ក៏ត្រូវបានទទួលស្គាល់ថា បានបំពេញតួនាទី យ៉ាងសំខាន់ផងដែរក្នុងការរួមចំណែកសម្រេចកិច្ចការនេះ ដែលកន្លងមកទីក្រុងក៏ដូចជា រដ្ឋបាលថ្នាក់ក្រោមជាតិផ្សេងទៀតដែរ បានបំពេញកិច្ចការយ៉ាងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងបានអន្តរាគមន៍ទាន់ពេលវេលាក្នុងការ ដោះស្រាយបញ្ហានានាដែលបង្ករដោយជំងឺនេះ។

នាឱកាសនោះដែរ ក្នុងនាមព្រះរាជាណាចក្រកម្ពុជា ជាប្រធានប្តូរវេននៃបណ្តាញទីក្រុងឆ្លាតអាស៊ាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការផ្ដល់នូវការគាំទ្រ និងកិច្ចសហការដល់កម្ពុជាពីសំណាក់អគ្គលេខាធិការដ្ឋានអាស៊ាន ដៃគូសន្ទនារបស់អាស៊ាន (External Partner) និងបណ្តាប្រទេសទាំង១០របស់អាស៊ាន ដែលបានរួមគ្នាក្នុងការសម្រេចកិច្ចការក្នុងស្មារតីស្នូលរបស់អាស៊ាន ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍តែមួយ ។

សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃបណ្តាញទីក្រុងឆ្លាតអាស៊ាន ដែលប្រព្រឹត្តទៅនាថ្ងៃនេះ បានធ្វើឡើងឆ្លើយតបនឹងស្មារតីនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៨ នៅប្រទេសសឹង្ហបូរី។ កិច្ចប្រជុំដែលប្រារព្ធពិធីបើកក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង នាពេលនេះ នឹងបន្តដំណើរការក្រោមអធិបតីភាពរបស់ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងជាតិរបស់កម្ពុជា ៕ 

អត្ថបទដែលជាប់ទាក់ទង