សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាល វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១
នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាល វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ទោ អ៊ុក សារ៉ាយ នាយកសាលានគរបាលជាតិភូមិភាគ១ បានឱ្យដឹងថាសាលានគរបាលជាតិភូមិភាគ១ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ និងចាប់ផ្ដើមការបណ្ដុះបណ្ដាលនៅឆ្នាំ២០០២។ បច្ចុប្បន្នសាលាមានអគាររដ្ឋបាលកម្ពស់ ១ជាន់ ចំនួន១ខ្នង, អគារសិក្សាកម្ពស់១ជាន់ចំនួន១ខ្នង, អគារសិស្សស្នាក់នៅកម្ពស់ ២ជាន់ ចំនួន១ខ្នង, អគារអាហារដ្ឋានកម្ពស់ ១ជាន់ ចំនួន១ខ្នង, អគារគ្រូស្នាក់នៅកម្ពស់ ១ជាន់ ចំនួន១ខ្នង, ទីលានហ្វឹកហាត់បាញ់គ្រាប់ពិត ១កន្លែង និងរបងព័ទ្ធជុំវិញ។
លោកឧត្តមសេនីយ៍ទោបន្តថា សម្ដេចក្រឡាហោម បានផ្ដួចផ្ដើមគំនិតដ៏ខ្ពង់ខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពីសំណាក់អភិបាលខេត្ត និងសប្បុរសជននានា ដោយជាលទ្ធផលជាក់ស្ដែង ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បានសម្រេចជួយស្ថាបនាផ្លូវបេតុងប្រវែង ១.៦០០ម៉ែត្រ, លូបង្ហូរទឹកប្រវែង ៥០០ម៉ែត្រ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានផ្ដល់ឡដុតសំរាមខ្នាតមធ្យម១កន្លែង។ សមិទ្ធផលនេះ បានធ្វើឱ្យសាលានគរបាលជាតិភូមិភាគ១ សម្រេចបានផែនការអភិឌ្ឍន៍របស់ខ្លួនជាង ៦០ភាគរយ តាមការកំណត់របស់បណ្ឌិត្យសភានគរបាលកម្ពុជា។
លោកបន្តថា សាលាបានទទួលបណ្ដុះបណ្ដាលមន្រ្តី និងសិស្សនគរបាលមកពីខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី។ រហូតដល់ពេលនេះបានបណ្ដុះបណ្ដាលនគរបាលសរុបចំនួន ៥.៨៧៦នាក់ ក្នុងនោះនារី ៤១៦នាក់ ខណៈឆ្នាំ២០២២ បានបញ្ចប់ការបណ្ដុះបណ្ដាលសិស្សនគរបាលចំនួន១លើក មានសិស្សជ័យលាភី១៧៧នាក់ និងបច្ចុប្បន្នកំពុងបណ្ដុះបណ្ដាលសិស្សចំនួន១១៨នាក់។ លោកក៏បានរាយការណ៍អំពីបញ្ហាប្រឈមមួយចំនួនដូចជា តម្រូវការអគារសិក្សាកម្ពស់ ២ជាន់ ចំនួន១ខ្នង, រថយន្ត Pick Up ១គ្រឿង និងការខ្វះមន្រ្តីបំពេញការងារជាដើម។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរម្លឹកថា ការកសាងកម្លាំងនគរបាលជាតិ បានឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ហើយមានន្រ្តីខ្លះក៏ធ្លាប់បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល និងខ្លះទៀតនៅមិនទាន់ឆ្លងកាត់វគ្គបណ្ដុះបណ្ដាល។ ក៏ប៉ុន្តែដល់បច្ចុប្បន្ន ក្រសួងមហាផ្ទៃ បានធ្វើកំណែទម្រង់តម្រូវឱ្យនគរបាលក្របខ័ណ្ឌថ្មីទាំងអស់ ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជាដាច់ខាត ហើយមន្រ្តីថ្នាក់ដឹកនាំនគរបាលដែលមិនទាន់បានរៀន ក៏ត្រូវបានរៀបចំវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់មកដែរ។
សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ណែនាំដោយស្នើមិនឱ្យមានការបណ្ដែតបណ្ដោយពេលយូរសម្រាប់ការចូលរៀនវគ្គនគរបាល នៃក្រុមមន្រ្តីនគរបាលដែលប្រឡងជាប់ និងត្រូវរៀបចំវគ្គវិក្រឹត្យការបន្ថែមទៀតឱ្យបានទៀងទាត់ ធ្វើយ៉ាងណាឱ្យមន្រ្តីនគរបាលទទួលបានចំណេះដឹងពីសាលាហើយ ចេញទៅធ្វើការងារមានបទពិសោធន៍ និងបានវិលមករៀនបន្ថែមដើម្បីពង្រឹងសមត្ថភាព។ សម្រាប់ការជ្រើសរើសក្របខណ្ឌមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល សម្ដេចបានណែនាំឱ្យពិនិត្យគ្រប់ជ្រុងជ្រោយ ចៀសវាងអ្នកភ្នំពេញទៅប្រឡងយកក្របខណ្ឌនៅខេត្ត ហើយប្ដូរមកភ្នំពេញវិញ ធ្វើឱ្យខេត្តខ្វះមន្រ្តីធ្វើការងារតាមតម្រូវការជាក់ស្ដែង។
សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ផ្ដល់ការណែនាំមួយចំនួនទៀតដែរដល់សិស្សនគរបាលជាប់ក្របខ័ណ្ឌថ្មីថា ក្នុងនាមជាមន្រ្តីនគរបាល គឺមិនអាចមិនដឹងពីតួនាទី និងភារកិច្ចរបស់ខ្លួននោះឡើយ ពោលគឺត្រូវដឹង ត្រូវតែចេះឱ្យច្បាស់ និងប្រាកដប្រជា។ សម្ដេចឧបនាយករដ្ឋមន្ត្រី បានបន្តថា «បើនគរបាលចរាចណ៍ ត្រូវតែដឹង ត្រូវតែចេះពីច្បាប់ចរាចណ៍។ បើនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ឬស្រាលក៏ត្រូវតែចេះច្បាប់ព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ។ យើងត្រូវតែដឹង ត្រូវតែចេះ»។
ពាក់ព័ន្ធនឹងបញ្ហាប្រឈម ដែលត្រូវបានរាយការណ៍ដោយលោកឧត្តមសេនីយ៍ទោនាយកសាលានគរបាលជាតិភូមិភាគ១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យរៀបចំគម្រោងសាងសង់អគារសិក្សាដែលបានស្នើសុំនោះ ខណៈសំណើរសុំរថយន្តដើម្បីប្រើប្រាស់នៅក្នុងសាលា សម្ដេចបានសន្យាថានឹងផ្ដល់ជូន ប៉ុន្តែស្នើសុំរង់ចាំការបញ្ជាទិញជារួមនាពេលខាងមុខ។ ចំពោះការបន្ថែមមន្រ្តីវិញ សម្ដេចបានណែនាំឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុកបុគ្គលិករៀបចំការងារនេះ។
ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានឆ្លៀតផ្ដល់ទស្សនាទានខ្លះៗពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអនុវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស ការវិវត្តន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ភាពជាប្រធានអាស៊ានប្ដូរវេនរបស់កម្ពុជានៅឆ្នាំ២០២២ ការប្រែប្រួលស្ថានការណ៍អន្តរជាតិ ពិសេសសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយជាដើម ៕