ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម

នៅរសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

អញ្ជើញមានប្រសាសន៍ទៅកាន់ក្រុមនិស្សិត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ ចំពោះក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុនទាំងអស់ និងមានក្ដីរីករាយដែលបានទទួលជួបក្រុមនិស្សិតនាថ្ងៃនេះ មុនពេលចេញទៅបន្តការសិក្សាយកចំណេះដឹង។ សម្ដេចមានក្ដីសង្ឃឹមថាការសិក្សារបស់ក្រុមនិស្សិតនៅប្រទេសជប៉ុន នឹងពិតជាទទួលបានជោគជ័យ ដើម្បីយកចំណេះវិជ្ជាវិលត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ។

បន្ទាប់មក តំណាងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ បានសម្ដែងក្ដីរីករាយនិងថ្លែងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្ដេចក្រឡាហោម ស ខេង ដែលបានផ្ដល់ឱកាសឱ្យក្រុមនិស្សិត បានចូលជួបនាឱកាសនេះ និងសង្ឃឹមថាក្រុមនិស្សិតទាំងអស់នឹងទទួលបានអនុសាសន៍ល្អៗពីសម្ដេចក្រឡាហោម។ តំណាងក្រុមនិស្សិតក៏បានរាយការណ៍ជូនសម្ដេចថានិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់នេះ មានសមាសភាពជាមន្រ្តីរាជការនៃក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

នាកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអបអរសាទរក្រុមនិស្សិតជ័យលាភី និងបានសង្កត់ធ្ងន់ថាអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុននាពេលនេះ ជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្រយ៉ាងខ្លាំងក្លារបស់ក្រុមនិស្សិត ពោលគឺមិនមែននិស្សិតទូទៅសុទ្ធតែអាចទទួលបានអាហារូបករណ៍នេះដោយងាយៗនោះទេ។ សម្ដេច បានមានប្រសាសន៍ថាសម្ដេចតែងស្វាគមន៍និងទទួលជួបជាមួយក្រុមនិស្សិតអាហារូបរណ៍ជានិច្ច។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បញ្ជាក់ជូនទៅកាន់ក្រុមនិស្សិតអាហារូបករណ៍អំពីសវតានៃកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន និយាយជារួម និងដោយឡែកជាមួយក្រសួងមហាផ្ទៃកម្ពុជា។ សម្ដេច ក៏បានឆ្លៀតលើកឡើងអំពីកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន ក្នុងដំណើរការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការក្នុងការងារផ្សេងទៀតជាមួយក្រសួងមហាផ្ទៃផងដែរ។

សម្ដេចក្រឡាហោម បានចាត់ទុកវត្តមានទៅសិក្សានៅប្រទេសជប៉ុនរបស់ក្រុមនិស្សិតនាឱកាសនេះ ថាជាការរួមចំណែកបង្ហាញឱ្យឃើញថ្មីមួយទៀតនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន និងថានិស្សិតអាហារូបករណ៍ទាំងអស់ក៏អាចបង្កើតទំនាក់ទំនងថ្មីៗបន្ថែមទៀតជាមួយសាស្រ្តាចារ្យជប៉ុននិងបរទេស និស្សិតសជប៉ុន និងនិស្សិតមកពីប្រទេសផ្សេងៗទៀត។ សម្ដេច សង្ឃឹមថាក្រុមនិស្សិតនឹងពិតជាប្រឹងប្រែងប្រែងសិក្សារៀនសូត្រ។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ដែរថា ជាការពិតក្នុងឱកាសទទួលបានហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុននេះ ក្រុមនិស្សិតទាំងអស់អាចនឹងជួបបញ្ហាប្រឈមថ្មីៗឬការលំបាកផ្សេងៗពុំខានឡើយ។ ប៉ុន្តែសម្ដេចបានសង្កត់ធ្ងន់ថា ការតាំងចិត្តតស៊ូដោយក្ដីអត់ធ្មត់ និងប្រឹងប្រែងសិក្សាឱ្យអស់ពីលទ្ធភាព ពិតជានឹងធ្វើឱ្យជីវិតសិក្សារបស់និស្សិតទាំងអស់កាន់តែមានតម្លៃ ហើយលទ្ធផលជាវិជ្ជមាននឹងកើតឡើងនាពេលខាងមុខជាក់ជាពុំខានឡើយ។

សូមបញ្ជាក់ថាក្រុមនិស្សិតដែលបានចូលជួបសម្ដេចក្រឡាហោម ស ខេង នាឱកាសនេះ គឺជាក្រុមនិស្សិតទទួលបានជ័យលាភីក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ហៅកាត់ថាJDSដែលផ្ដោតសំខាន់លើមន្រ្តីរាជការវ័យក្មេងដែលមានសមត្ថភាព និងស្មារតីក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនកាន់តែប្រសើរឡើងនាពេលអនាគត៕ 

អត្ថបទដែលជាប់ទាក់ទង