សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ
នៅរសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម អគ្គស្នងការនគរបាលជាតិ អគ្គនាយក ឯកឧត្តម លោកជំទាវជាអភិបាល អភិបាលរងខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាច្រើនរូបទៀត។
អញ្ជើញមានប្រសាន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនអង្គប្រជុំអំពីការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ក្នុងនោះសម្ដេចក៏បានមានប្រសាសន៍ដល់ការដាក់ចំណាត់ថ្នាក់របស់ក្រសួងការបរទេសអាមេរិកមកលើកម្ពុជា ថាជាប្រទេសគ្មានឆន្ទៈប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សផងដែរ។
សម្ដេចមានប្រសាន៍ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាសេនាធិការ បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងថាទោះជាភាគីអាមេរិកដាក់ចំណាត់ថ្នាក់បែបណាក៏ដោយ ក៏កម្ពុជាចាត់ទុកចំណាត់ថ្នាក់នេះជាមូលដ្ឋានមួយក្នុងការបន្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ខ្លួនដែរ។
យោងតាមផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាល នៃកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងម៉ុតមាំប្រកបដោយឆន្ទៈមោះមុតក្នុងការតស៊ូប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ជាពិសេសលើស្ត្រី និងកុមារ ដើម្បីការពារជោគវាសនាប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាជនបរទេស ដែលរស់នៅកម្ពុជាមិនឱ្យធ្លាក់ទៅក្នុងគ្រោះភ័យអន្តរាយដោយអំពើទាសភាពសម័យថ្មីនេះបានឡើយ។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញនូវបណ្តាគោលការណ៍ ផែនការ និងវិធានការជាអាទិភាព ព្រមទាំងដឹកនាំអនុវត្ត កិច្ចការនេះទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីមោទនៈ ក្នុងនោះបានលើកកម្ពស់ការយល់ដឹងរបស់សាធារណជនគ្រប់ស្រទាប់ឲ្យបានជ្រួតជ្រាបអំពីគ្រោះថ្នាក់ នៃអំពើជួញដូរមនុស្ស កលល្បិចជនល្មើស ព្រមទាំងបានបើកកិច្ចប្រតិបត្តិការយ៉ាងសកម្មក្នុងការបង្ក្រាបអំពើជួញដូរមនុស្សជាច្រើនករណី រំដោះជនរងគ្រោះច្រើនពាន់នាក់ និងបានឧបត្ថម្ភ គាំទ្រក្នុងការធ្វើសមាហរណកម្មទៅក្នុងសហគមន៍ដោយជោគជ័យ។
ផ្ដើមពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងការធ្វើពលីកម្មយ៉ាងសកម្មរបស់ក្រសួង ស្ថាប័នមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ បានញ៉ាំងឱ្យអំពើល្មើសទាំងនេះកាត់បន្ថយ និងធ្វើឲ្យសង្គមកម្ពុជា មានសុខសុវត្ថិភាព សន្តិសុខ មានការវិវត្តរីកចម្រើន មានភាពស៊ីវិល័យសមស្របតាមគន្លងប្រពៃណី និងទំនៀមទម្លាប់ដ៏ថ្លៃថ្នូររបស់ជាតិ ខ្មែរ ប្រជាពលរដ្ឋមានជីវភាពសមរម្យ ដោយបានចៀសផុតពីហានិភ័យ និងគ្រោះថ្នាក់ដែលបង្កដោយអំពើ ជួញដូរមនុស្ស ជួញដូរពលកម្ម និងជួញដូរផ្លូវភេទជាបន្តបន្ទាប់។
ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី កម្ពុជានៅមានសេសសល់បញ្ហាប្រឈមដោយអន្លើដែលបង្កឡើងដោយមហិច្ឆតារបស់ឧក្រិដ្ឋជន រួមទាំងកត្តាសត្យានុម័តិ អត្តនោម័តិ កត្តាសេដ្ឋកិច្ច និងកត្តានយោបាយផងដែរ ហើយបញ្ហាទាំងអស់នេះ បានជះឥទ្ធិពលដល់កិត្យានុភាពជាតិ ប៉ះពាល់ដល់គោលនយោបាយជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ថែមទាំងបង្កឱ្យមានផលប៉ះពាល់ដល់សិទ្ធិ សុខុមាលភាព និងជីវភាព ជាក់ស្ដែង របស់ប្រជាពលរដ្ឋមួយចំនួនទៀតផង។
អាស្រ័យហេតុនេះ ដើម្បីជំរុញឱ្យបានខ្លាំងក្លាថែមទៀតនូវសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញនូវផែនការប្រតិបត្តិការ មានខ្លឹមសារសំខាន់ៗពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយអប់រំ ការអនុវត្តវិធានការរដ្ឋបាល ការអនុវត្តវិធានការច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ៕