សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលភូមិភាគ២
នាព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលភូមិភាគ២ ខេត្តកំពង់ចាម។
ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សន្តិបណ្ឌិតរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង ព្រមទាំងអង្គពិធីជាមន្រ្តីជាន់ខ្ពស់ ថ្នាក់ដឹកនាំ គ្រូនគរបាល មន្រ្តី និងសិស្សនគរបាលជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ២ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថាសិស្សនាយនគរបាលដែលសាលានគរបាលជាតិភូមិភាគ២ បាននិងកំពុងបណ្ដុះបណ្ដាលក្នុងជំនាន់ទី១៥ លើកទី២ និងបានចូលរួមក្នុងពិធីសំណេះសំណាលក្រោមអធិបតីភាពសម្ដេចក្រឡាហោម នាឱកាសនេះ មានចំនួន១២៧នាក់ ក្នុងនោះមានសិស្សនារីចំនួន២៣នាក់។
លោកឧត្តមសេនីយ៍ទោ បានបន្តថាថ្មីៗនេះ តាមរយៈគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ដើម្បីឱ្យមានការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលានគរបាលជាតិភូមិភាគ២នោះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានសម្រេចជួយឧត្ថម្ភការស្ថាបនាផ្លូវបេតុងប្រវែង២៣០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកប្រវែង៥៥០ម៉ែត្រ អស់ទឹកប្រាក់៩៣១ពាន់៧០០ដុល្លារអាមេរិក។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ ក៏បានសម្រេចជួយសាងសង់អគារស្នាក់នៅកម្ពស់១ជាន់មួយខ្នង ទំហំ៤៥ម៉ែត្រគុណ១៣.៥ម៉ែត្រ គ្រែដែកកម្ពស់២ជាន់ចំនួន៨០គ្រែ និងទូដាក់សម្លៀកបំពាក់ចំនួន១៦០ទូ អស់ទឹកប្រាក់ជាង២០ម៉ឺនដុល្លារ ខណៈឯកឧត្តម អភិបាលខេត្តស្វាយរៀង ក៏បានសម្រេចជួយឧបត្ថម្ភអគារស្នាក់នៅបំពាក់គ្រែ និងទូសម្លៀកបំពាក់ដូចគ្នា អស់ទឹកប្រាក់ជាង២០ម៉ឺនដុល្លារអាមេរិកដែរ។
លោកឧត្តមសេនីយ៍ទោ បានឱ្យដឹងថា ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានសម្រេចជួយសាងសង់ឡដុតសំរាមខ្នាតមធ្យមប្រើចរន្តអគ្គិសនីចំនួន១កន្លែងផងដែរ ហើយថាប្រសិនបើសមិទ្ធផលទាំងនេះសម្រេចបាន១០០ភាគរយនោះ នឹងបញ្ជាក់ថាសាលានគរបាលជាតិភូមភាគ២ បាននិងកំពុងអភិវឌ្ឍន៍ដោយសម្រេចបាន៦៥ភាគរយ បើធៀបនឹងស្តង់ដាគុណភាពអប្បរមា និងប្លង់មេដែលបានកំណត់។
លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ២ បានឱ្យដឹងទៀតថាសាលាបណ្ដុះបណ្ដាលនគរបាលជាតិភូមិភាគ២ បានបណ្ដុះបណ្ដាលមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល និងសិស្សនគរបាលក្របខ័ណ្ឌថ្មី មកពីខេត្តចំនួន៤ រួមមានខេត្តកំពង់ចាម ព្រៃវែង ត្បូងឃ្មុំ និងស្វាយរៀង ដោយចាប់ពីពេលបង្កើតរហូតដល់ពេលនេះ សាលាបានបណ្ដុះបណ្ដាលកងកម្លាំងសរុប៦២៧៩នាក់ ក្នុងនោះនារីមានចំនួន៥១៣នាក់។
នៅក្នុងឱកាសនោះសម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងចូលរួមអបអរសាទរ សាលានគរបាលជាតិភូមិភាគ២ ដែលបាននិងកំពុងបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិ និងសិស្សនគរបាលក្របខ័ណ្ឌថ្មី ប្រកបដោយគុណភាព ដើម្បីចូលរួមចំណែកកសាងធនធានមនុស្សនគរបាលជាតិ និងមានក្ដីសង្ឃឹមថាសាលានគរបាលជាតិភូមិភាគ២ នឹងបន្តកិច្ចខិតខំប្រែងបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍សាលាឱ្យកាន់តែមានការរីកចម្រើន។
ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណអភិបាលខេត្តពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រដល់ដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសាលានគរបាលជាតិភូមិភាគ២។ ជាមួយគ្នានេះ សម្ដេចក៏បានសម្រេចជួយសាងសង់អគារសិក្សាមួយខ្នងបន្ថែមទៀតដែរ ដល់សាលានគរបាលជាតិភូមិភាគ២ ដើម្បីបំពេញតម្រូវការជាក់ស្ដែងដ៏ចាំបាច់នៅក្នុងសាលា។
សម្ដេចបានបន្តថា ដើម្បីឱ្យនគរបាលមានការយល់ដឹង មានវិជ្ជាជីវៈ មានគុណវុឌ្ឍិ មានគុណធម៌ និងប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ គឺចាំបាច់ណាស់ត្រូវតែសិក្សារៀនសូត្រឱ្យបានត្រឹមត្រូវ ពោលគឺអ្នកដែលត្រូវបានប្រឡងជាប់ជាមន្រ្តីនគរបាល ត្រូវតែឆ្លងកាត់វគ្គសិក្សាជាក់ស្ដែងវគ្គមូលដ្ឋាននាពេលនេះមានរយៈពេល៤ខែ។ សម្ដេច បន្តថាមន្រ្តីនគរបាលដែលឆ្លងកាត់ការរៀនសូត្រ ប្រាកដជានឹងបំពេញភារកិច្ចបានល្អប្រសើរជាងអ្នកមិនបានរៀនសូត្រ។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងបង្កើនចំនួនក្របខ័ណ្ឌមន្រ្តីនគរបាលរំលែកទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយបែងចែកពីការិយាល័យ និងនាយកដ្ឋាននានាដែលមានបុគ្គលិកច្រើន។ សម្ដេច បន្តថាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នេះ ស្ថិតក្នុងចំណោមតួអង្គសំខាន់ដែលនៅជិតប្រជាពលរដ្ឋបំផុត ដូចជាក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ អនុភូមិ ប៉ុស្តិ៍សុខភាព និងគ្រូបង្រៀនជាដើម។
សម្ដេចក្រឡាហោម ក៏បានផ្ដល់ទស្សនាទានឱ្យសិស្សនគរបាលទាំងអស់ ខិតខំសិក្សារៀនសូត្រ និងត្រៀមខ្លួនបំពេញភារកិច្ចជាក់ស្ដែង និងសិក្សារៀនសូត្របន្ថែមពីការងារជាក់ស្ដែង ពិសេសពាក់ព័ន្ធនឹងការប្រែប្រួលនៃបទល្មើសប្រឈមៗ និងថ្មីៗ ដូចជាគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យាជាដើម។ សម្ដេច ក៏បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការផ្សារភ្ជាប់ការងារទៅនឹងជីវភាពប្រជាពលរដ្ឋផងដែរ។
មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ឱ្យសាលានគរបាលជាតិភូមិភាគ២ និងសាលាភូមិភាគផ្សេងៗទៀត បន្តអនុវត្តកំណែទម្រង់នគរបាលជាតិនេះឱ្យបានល្អ។ សម្ដេច ក៏បានគូសបញ្ជាក់ថានឹងបន្តអញ្ជើញចុះទៅឱ្យគ្រប់សាលានគរបាលជាតិភូមិភាគ និងមានការតាំងចិត្តច្បាស់ហើយថា ក្រសួងនឹងកាត់បន្ថយការបញ្ជូនមន្រ្តីនគរបាលជាតិថ្នាក់មូលដ្ឋាន ទៅរៀននៅក្រៅប្រទេសឱ្យបាន១០០ភាគរយ៕