សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ២ ភូមិ ស្ថិតនៅតាមបណ្តោយផ្លួវជាតិលេខ៧៨ រួមមានភូមិស្រែស្រណុក និងភូមិក្បាលរមាស
នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ២ ភូមិ ស្ថិតនៅតាមបណ្តោយផ្លួវជាតិលេខ៧៨ រួមមានភូមិស្រែស្រណុក និងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្នុងដំណើរអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋនេះដែរក៏មានការអញ្ជើញអមដំណើរពីសំណាក់ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែងឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។
សម្តេចក្រឡាហោម បានមានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋទាំងពីរភូមិ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែខ្វាយខ្វល់និងយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។
នាឱកាសនោះសម្តេចក្រឡាហោម បានលើកឡើងអំពីគុណបំណាច់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលប្រកាន់ភ្ជាប់នូវជំហរល្អប្រសើរក្នុងការបំលាស់ទីលំនៅដ្ឋានភូមិចាស់ មករស់នៅភូមិថ្មីនេះ។ ការផ្លាស់ប្តូរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋពីភូមិចាស់មកកាន់ភូមិថ្មី និងព្រមទទួលយកសំណងពីផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោម២នេះជាការបង្ហាញឲ្យឃើញថាប្រជាពលរដ្ឋពិតបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រេីន ។
ក្នុងឱកាសនោះដែរសម្តេចក្រឡាហោម បានឧបត្ថម្ភថវិកាដល់សាលាឃុំក្បាលរមាស ១.០០០.០០០រៀល, មណ្ឌលសុខភាពក្បាលរមាស ១.០០០.០០០រៀល, មណ្ឌលសុខភាពក្បាលរមាសថ្មី ១.០០០.០០០រៀល, សាលាបឋមសិក្សាក្បាលរមាស ១.០០០.០០០រៀល, ប៉ុស្តិ៍នគរបាលក្បាលរមាស១.០០០.០០០រៀល, កម្លាំងស្នងការនគរបាលខេត្ត១.០០០.០០០រៀល, កម្លាំងកងរាជអាវុធហត្ថខេត្ត១.០០០.០០០រៀល, និងប្រជាពលរដ្ឋទាំងពីរភូមិ ៤០៧គ្រួសារ ក្នុងមួយគ្រួសារថវិកា ៤០.០០០រៀល៕