ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និងសមិទ្ធផលនានា

នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និងសមិទ្ធផលនានា ស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា អគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង និងអគារសិក្សាសាលារៀន ខ្មែរ-ចិន ចេង ម៉េង ព្រមទាំងសមិទ្ធផល នានាជាច្រើនទៀត រួមមាន ផ្លូវបេតុងអាមេ ការចាក់សាប ចាក់ដី ដាំកូនឈើ ធ្វើសួនច្បារ និងឧបករណ៍កីឡាផ្សេងៗ ដែលសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មានដូចជា នៅសាលាបឋមសិក្សាថ្នល់ទទឹង ក្នុង ឆ្នាំ២០១៩ មានអគារចំនួន១ ខ្នង ពីរជាន់ ស្មើនឹង១២ បន្ទប់ និងនៅសាលាខ្មែរ-ចិន ចេង ម៉េងអគារសិក្សា១ខ្នង កំពស់២ជាន់ មាន៦បន្ទប់ និងអគារផ្ទាល់ដី៣ខ្នង ស្មើ១៤បន្ទប់ ដែលបានផ្តួចផ្តើមឧបត្ថម្ភការកសាងដោយលោក ឧកញ៉ា តែ អ៊ីឆែ និងភរិយា។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកឧកញ៉ា តែ អ៊ីឆែ និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជនទាំងអស់ដែលបានចូលរួមសាមគ្គីបរិច្ចាកថវិកាគាំទ្រដំណើរការកសាងអគារសិក្សា ដែលជាផ្នែកមួយដ៏មានសារៈសំខាន់នៅក្នុងដំណើរការបណ្ដុះបណ្ដាល និងកសាងធនធានមនុស្សនៅកម្ពុជា។

សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ជាថ្មីទៀត អំពីប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តី ជាពិសេសការដាក់ចេញវិធានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋយ៉ាងច្រើនលើសលុប រហូតបង្កើតបានភាពសាំសហគមន៍។ សម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់បង្កើនការប្រុងប្រយត្ននឹងជំងឺឆ្លងនេះដែលបច្ចុប្បន្នកំពុងមានការរីករាលដាលជាថ្មី។

ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតឃុំ សង្កាត់ ថ្មីៗនេះដែរ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាភាគរយច្រើននៃប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត គឺជាការបញ្ជាក់ឱ្យឃើញច្បាស់ថា ប្រជាពលរដ្ឋបានគាំទ្រការបោះឆ្នោតនេះ ដ្បិតពលរដ្ឋក៏មានសិទ្ធិមិនទៅបោះឆ្នោតបានដែរ ដោយហេតុរវល់ឬមិនពេញចិត្តការបោះឆ្នោត។  សម្ដេចបន្ថែមថា«នេះក៏ជាការបង្ហាញអំពីការសាមគ្គីភាពផ្ទៃក្នុងជាតិយើងមានកម្រិតខ្ពស់ ក្នុងការបន្តអនុវត្តលើមាគ៌ាប្រជាធិបតេយ្យ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ»។

សម្ដេចក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋ និងអាជ្ញាធរ កងកម្លាំងទាំងអស់នៅតាមមូលដ្ឋាន ដែលបានចូលរួមគាំទ្រដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពរលូន និងគ្មានអំពើហិង្សា។ សម្ដេចបន្ថែមថា«យើងទាំងអស់គ្នាមានភាពចាស់ទុំខាងនយោបាយ នេះជាមោទនភាពធំណាស់ និងជាទុនធំណាស់សម្រាប់ប្រទេសជាតិយើង សម្រាប់អនាគតកូនចៅយើង ហើយដែលយើងត្រូវពង្រីកវាបន្ថែមទៀត ដោយចៀសវាងជម្លោះនៅពេលបោះឆ្នោត»។

សម្ដេចបន្តថា«ពេលយើងឃោសនាបោះឆ្នោត បេក្ខជននិងបេក្ខជន អ្នកនយោបាយនិងអ្នកនយោបាយ តែងតែប្រើវោហារសព្ទដាក់គ្នាទៅវិញទៅមក។ តែពេលបោះឆ្នោតហើយ ទោះជាពេលឃោសនាបោះឆ្នោតយើងប្រើពាក្យសម្ដីធំតូចដាក់គ្នាយ៉ាងម៉េចក៏ដោយ ក៏ត្រូវមកអង្គុយមកធ្វើការជាមួយគ្នា ព្រោះប្រជាជនបោះឆ្នោតឱ្យហើយ។ យើងត្រូវគោរពការសម្រេចចិត្តរបស់គាត់។ ប៉ុន្តែមិនមែនមានន័យថាឈប់តស៊ូមតិនោះទេ អង្គុយតស៊ូមតិជាមួយគ្នា ដាក់បញ្ហាលើតុជាមួយគ្នាដើម្បីដោះស្រាយបញ្ហា ធ្វើការជាមួយគ្នាឱ្យបានល្អ បម្រើពលរដ្ឋឱ្យបានល្អ»។

សម្ដេចក៏បានបន្តសង្កត់ធ្ងន់អំពីបញ្ហាគ្រឿងញៀននៅកម្ពុជាដែរ ដែលពេលនេះកំពុងប្រឈមនឹងកំណើនគ្រឿងញៀនចេញពីការកែច្នៃដោយសមាសធាតុគីមីផ្សេងៗ។ សម្ដេចក៏បានឱ្យដឹងអំពីការទទួលបានការអនុញ្ញាតពីសម្ដេចតេជោ រៀបចំសេចក្ដីព្រាងច្បាប់មួយ ដើម្បីគ្រប់គ្រងការនាំចូលសាធាតុគីមី និងទប់ស្កាត់កុំឱ្យមានការបង្វែរយកទៅផលិតជាគ្រឿងញៀន។ សម្ដេចបន្ថែមថាបញ្ហាគ្រឿងញៀននេះក៏មានការជាប់ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ អពើភេវរកម្ម និងការរីកសាយភាពអាវុធមហាប្រល័យ។

ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សម្ដេចក្រឡាហោម បានបង្ហាញការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់រដ្ឋាភិបាលអាមេរិកដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ ដែលមានន័យថារាជរដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ សម្ដេចបន្ថែមថា«ខ្ញុំក៏បារម្ភឬក៏ថាមានការភ្ញាក់ផ្អើលដែរ ព្រោះខ្ញុំក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយតែងសហការជាមួយដៃគូអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកតែម្ដង»។

សម្ដេចបន្តថា«ខ្ញុំមានការបារម្ភលើលក្ខណ្ឌនៃការវាយតម្លៃ ឬមនោសញ្ចេតនានៃការវាយតម្លៃ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ កម្ពុជានៅយតែមានឆន្ទៈ និងនៅតែបន្តធ្វើការងារនេះ ហើយនៅតែបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ដោយស្មោះជាមួយគ្នា។ យើងនិយាយតាមរបៀបសាមញ្ញថាអ្នកមកជួយខ្ញុំ ដើម្បីជួយឱ្យខ្ញុំឈ្នះ តែបើខ្ញុំចាញ់ មានន័យថាអ្នកឯងក៏ចាញ់ដែរ មិនមែនចាញ់តែខ្ញុំទេ។ មកជួយឱ្យល្អ តែបើធ្វើមិនបានល្អ អាហ្នឹងអ្នកឯងក៏អាក្រក់ដែរ។ ថាអ៊ីចឹងទៅចុះ...។ ប្រទេសខ្លះ ដូចជាធ្វើការងារនេះមិនបានល្អទេ តែបែរជាបានពិន្ទុល្អវិញ»។ យ៉ាងណាក៏ដោយ សម្ដេចបានសង្កត់ធ្ងន់ថាកម្ពុជានឹងមិនដកថយឡើយ ផ្ទុយទៅវិញគឺនឹងខិតខំរកឱ្យឃើញចំណុចខ្សោយដើម្បីដោះស្រាយ។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃក្នុងការដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ក្នុងនោះសម្ដេចក៏បានអំពាវឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រចំពោះការអនុវត្តវិធានការណ៍ដោះលែងអ្នកជាប់ឃុំមួយចំនួនឱ្យនៅក្រៅឃុំដោយមានលក្ខណ្ឌ និងការអនុវត្តទោសសហគមន៍។ សម្ដេចបន្តថាការងារនេះកំពុងអនុវត្តសាកល្បង ហើយប្រសិនបើអនុវត្តបានជោគជ័យ ក្រសួងនឹងពង្រីកការងារនេះទៀតដោយមានកិច្ចសហការជាមួយក្រសួងយុត្តិធម៌៕ 

អត្ថបទដែលជាប់ទាក់ទង