សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំ ប្រតិភូថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ឹង គៀត
នៅរសៀលថ្ងៃព្រសហ្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ ប្រតិភូថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឪពុកបង្កើតលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។
ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទទួលមរណភាព កាលពីវេលាម៉ោង១១:៥០នាទី ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានផ្ញើសាររំលែកមរណទុក្ខនេះជូនលោកជំទាវ អ៊ឹង កន្ថាផាវី ព្រមទាំងក្រុមគ្រួសារ។
ក្នុងលិខិតនោះ សម្ដេចក្រឡាហោម និងភរិយា មានសេចក្តីក្តុកក្តួល និងសោកស្ដាយឥតឧបមា ដោយទទួលដំណឹងដ៏ក្រៀមក្រំនៃមរណភាពឯកឧត្តម អ៊ឹង គៀត ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឪពុករបស់លោកជំទាវ។ សម្ដេចបន្តថា ឯកឧត្តម អ៊ឹង គៀត គឺជាកុលបុត្រខ្មែរដ៏ឆ្នើម ប្រកបដោយស្មារតីស្នេហាជាតិដ៏មោះមុតមួយរូប ដែលធ្លាប់បានបូជាកម្លាំងកាយ និងប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ ចូលរួមបម្រើក្នុងបុព្វហេតុជាតិ និង ប្រជាជន ។
សម្ដេចបានមានប្រសាសន៍ថា មរណភាពរបស់ ឯកឧត្តម អ៊ឹង គៀត មិនត្រឹមតែជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅរបស់លោកជំទាវ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវ ឥស្សរជនជាន់ខ្ពស់ ដែលធ្លាប់បានចូលរួមចំណែកស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ អស់រយៈពេល ជាច្រើនទសវត្សរ៍កន្លងមក។
ស្ថិតក្នុងវេលាដ៏សោកសង្រេង និងសង្កេតក្រៀមក្រំនេះ សម្ដេច និងភរិយា បានបង្ហាញការចូលរួមរំលែកមរណទុក្ខ ជាមួយលោកជំទាវ អ៊ឹង កន្ថាផាវី ព្រមទាំងក្រុមគ្រួសារ និងបានបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹង គៀត សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕