សម្ដេចសម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់ គ.ជ.ប
នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់ គ.ជ.ប រៀបចំចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២២នេះ នៅខេត្តព្រះសីហនុ។
ឯកឧត្តម ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើរបាយការណ៍ឱ្យដឹងថា បើទោះបីជាដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានឆ្លងកាត់ការលំបាកមួយចំនួន ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គ្រោះធម្មជាតិភ្លៀង ជំនន់ និងខ្យល់កន្ត្រាក់នៅតំបន់ខ្លះ និងប្រឈមបញ្ហាបច្ចេកទេសមួយចំនួន ប៉ុន្តែការបោះឆ្នោតនេះបានព្រឹត្តទៅដោយរលូន តាមច្បាប់ បទបញ្ជា នីតិវិធីនៃការបោះឆ្នោត និងប្រតិទិនកំណត់ ក្នុងបរិយកាសប្រកបដោយសន្តិសុខ សុវត្ថិភាព មានសណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងការគំរាមកំហែង។
ឯកឧត្តមបន្តថាក្រោយការបោះឆ្នោតនេះ គណបក្សឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍ជាតិភាគច្រើន បានចេញសេចក្ដីថ្លែងការណ៍គាំទ្រនិងកោតសរសើរការបោះឆ្នោត ខណៈអង្គការសង្កេតការណ៍អន្តរជាតិភាគច្រើនក៏បានចេញសេចក្ដីថ្លែងការណ៍វាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនេះ និងបានលើកឡើងជាអាទិ៍ថាការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយជោគជ័យ ដោយសេរី យុត្តិធម៌ ស្មើភាព សន្តិភាព តម្លាភាព និងស្តង់ដាអន្តរជាតិ តាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គួរឱ្យកត់សម្គាល់។
ឯកឧត្តមអគ្គលេខាធិការបានឱ្យដឹងថាក្នុងសន្និបាតរយៈពេល២ថ្ងៃមកនេះ គ.ជ.ប មានគោលបំណងត្រួតពិនិត្យការងារ ផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធល្អៗ វាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ ការខ្វះខាតដើម្បីបង្កើនការយល់ដឹង ពង្រឹងកិច្ចសហការ និងការអនុវត្តសំដៅកែលម្អរការរៀបចំការបោះឆ្នោតខាងមុខឱ្យកាន់តែល្អប្រសើរថែមទៀត។ ដោយឡែកសមាជិកពេញអង្គនៃសន្និបាតរួមមានថ្នាក់ដឹកនាំ និងមន្រ្តី គ.ជ.ប ជំនួយការ គ.ជ.ប ប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការរៀបចំការបោះឆ្នោត លេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោត ថ្នាក់ដឹកនាំ និងមន្រ្តី ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមភ្ញៀវចំនួនទៀត សរុបប្រមាណ៦០០នាក់។
អញ្ជើញមានប្រសាសន៍នាកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគណៈកម្មការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរកងកម្លាំងមានសមត្ថ គណបក្សនយោបាយនានា អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋដែលបានចូលរួមធ្វើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ។
សម្ដេចបន្តថាគ្រប់ដំណាក់កាលនៃការបោះឆ្នោត កម្ពុជាតែងតែបានយកចិត្តទុកដាក់កែលម្អដំណើរការបោះឆ្នោតទាំងក្របខណ្ឌច្បាប់ និងបច្ចេកទេស ដោយឈរលើមូលដ្ឋាននៃអនុសាសន៍ និងធាតុចូលពីគ្រប់មជ្ឈដ្ឋាន ព្រមទាំងការតាំងចិត្តចូលរួមដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយភាពស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះ គ.ជ.ប វិញ ក៏បានកែសម្រួលរចនាសម្ព័ន្ធ អគ្គលេខាធិការដ្ឋានរបស់ខ្លួនដើម្បីធ្វើឲ្យអង្គភាពនេះ បំពេញភារៈកិច្ចកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបានធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោតបន្ថែមទៀត ដោយយកចិត្តទុកដាក់លើការបង្កើតកម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជន ព្រមទាំងការងារមួយចំនួនទៀតពាក់ព័ន្ធនឹងបច្ចេកវិទ្យា។
សម្ដេចបន្ថែមថា មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឳិបានវាយតម្លៃជាទូទៅថាជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍នៃប្រជាធិបតេយ្យ។ ចំណែកអ្នកបោះឆ្នោតវិញ ក៏កាន់តែមានការយល់ដឹងអំពីដំណើរការបោះឆ្នោត។
សម្ដេចក្រឡាហោម ស ខេង បានបន្តថារាជរដ្ឋាភិបាលកម្ពុជាមានការទទួលខុសត្រូវខ្ពស់ក្នុងការលើកកម្ពស់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌នៅកម្ពុជា ក្នុងនោះសម្ដេចបានកត់សម្គាល់ពីការទទួលខុសត្រូវចម្បងៗដូចជា ការធានារក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ, ការធានាឯករាជភាពនិងស្វ័យភាពរបស់ស្ថាប័នរៀបចំការបោះឆ្នោត និងអំពីការការកំណត់កាលបរិច្ឆេទបោះឆ្នោត។
នាឱកាសនោះដែរ សម្ដេចក៏បានមានប្រសាសន៍ទៅកាន់អង្គសន្និបាតអំពីកិច្ចសហការរវាងរាជរដ្ឋាភិបាល ជាមួយ គ.ជ.ប, កិច្ចសហការដើម្បីរក្សាសន្តិសុខបោះឆ្នោតរួមទាំងសន្តិសុខសុវត្ថិភាពដល់គណបក្សនយោបាយនិងបេក្ខជននានាដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត សកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោត សមត្ថភាពកន្លែងបោះឆ្នោត កន្លែងរាប់សន្លឹកឆ្នោត និងសម្ភារៈបរិក្ខារបម្រើឲ្យការបោះឆ្នោតនិងការរាប់សន្លឹកឆ្នោត, ការធានាដល់ធនធានថវិកាសសម្រាប់គ.ជ.ប ចាត់ចែងកិច្ចការនានាក្នុងដំណើរការបោះឆ្នោតប្រកបដោយស្តង់ដារ និងគុណភាព និងណើរការបោះឆ្នោតក្នុងស្ថានភាពកូវីដ-១៩៕