ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសម

នារសៀលថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួង។

លោក ណៅ សុចិត្រ តំណាងកម្មសិក្សាការី បានរាយការណ៍ជូនសម្ដេចក្រឡាហោម អំពីសកម្មភាពសិក្សារបស់កម្មសិក្សាការីនៅសាលាភូមិន្ទរដ្ឋបាល និងបានសម្ដែងនូវគារវភក្តីភាពដ៏ស្មោះ ស្ម័គ្រចំពោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំ ដល់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឆ្នាំ២០២១ នាពេលនេះ។

លោកបន្តថា ក្នុងឆ្នាំ២០២១កន្លងមកនេះ ក្រសួងមហាផ្ទៃបានបញ្ជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារសរុបចំនួន ១៨០នាក់ ស្រី៤១នាក់ ក្នុងនោះ វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ចំនួន៣៦នាក់ ស្រី៥នាក់ វគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាលចំនួន ៧១នាក់ ស្រី១៤នាក់ វគ្គវិក្រឹតការមន្ត្រីមធ្យមចំនួន ៦១នាក់ ស្រី១៨នាក់ និងវគ្គវិក្រឹតការមន្ត្រីក្រមការចំនួន ១២នាក់ ស្រី៤នាក់។

ក្នុងនាមកម្មសិក្សាការី លោកបានស្នើសុំសម្តេចក្រឡាហោម បន្តលើកទឹកចិត្តដល់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្របខណ្ឌក្រសួងមហាផ្ទៃ ឱ្យដាក់ពាក្យប្រឡងចូលរៀននៅសាលាភូមិន្ទរដ្ឋបាលជារៀងរាល់ឆ្នាំ ដើម្បីបង្កើននូវចំណេះដឹង ជំនាញថ្មីៗថែមទៀត ដើម្បីធានាបាននិរន្តរភាពនៃកំណែទម្រង់រដ្ឋបាលសាធារណៈ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានការកោតសរសើរ និងលើកទឹកចិត្តខ្ពស់ចំពោះកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលបានខិតខំសិក្សារៀនសូត្រយកចំណេះដឹង ដើម្បីពង្រឹងសមត្ថភាពក្នុងការបំពេញការងារស្នូលរៀងៗខ្លួន។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោក៏បង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ក្នុងការបង្កើនការបញ្ជូនមន្ត្រីឱ្យទៅទទួលការបណ្ដុះបណ្ដាល ទាំងក្នុង និងក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាពសំដៅធានាដល់ប្រក្រតីភាព និងប្រសិទ្ធភាពការងារ។

សម្ដេចបន្តថា ក្រសួងមហាផ្ទៃ ក៏បាននិងខិតខំលើកកម្ពស់ការបណ្ដុះបណ្ដាលទាំងមន្ត្រីនគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលតាមភូមិភាគ ព្រមទាំងមន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោម ទាំងនៅសាលាភូមិន្ទរដ្ឋបាល និងនៅសាលាជាតិរដ្ឋបាលមូលដ្ឋានដែលក្រសួងមហាផ្ទៃទើបតែបង្កើតឡើង។

នៅក្នុងឱកាសនោះដែរ សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីដំណើរការកំណែទម្រង់ការងារនានានៅក្រោមក្រសួងមហាផ្ទៃ ដូចជាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់នគរបាលជាតិ និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ក្នុងនោះសម្ដេចក៏បានចែករំលែកទស្សនាទានពាក់ព័ន្ធដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានបញ្ជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទៅទទួលការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល មានដូចជា វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ វត្តមន្ត្រីគ្រប់គ្រងរដ្ឋបាល វគ្គមន្ត្រីមធ្យម និងមន្ត្រីក្រមការ សរុបចំនួន ៧៩២នាក់ ស្រី១៣៨នាក់ ៕ 

អត្ថបទដែលជាប់ទាក់ទង