ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម

នាព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះឯកឧត្តមអគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម រួមទាំងប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ និងបានថ្លែងអំណរគុណដល់អង្គការដែលបានផ្ដល់កិច្ចសហការជាមួយកម្ពុជាកន្លងមក និងបន្តទៀត ក្នុងនោះរួមទាំងប្រទេសអារ៉ាប៊ីសាអូឌីតដែលបានទទួលយកពលករកម្ពុជាទៅបំពេញការងារ។

សម្ដេចបានបន្តថាបើទោះបីជាកិច្ចសហប្រតិបត្តិការបច្ចុប្បន្នជាមួយការអង្គការសម្ព័ន្ធពិភពឥស្លាម នៅមិនទាន់មានចំនួនច្រើនក្ដី ប៉ុន្តែសម្ដេចបានសម្ដែងក្ដីសង្ឃឹមទៅថ្ងៃខាងមុខកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងកាន់តែមានការរីកចម្រើនថែមទៀត។ សម្ដេចបន្តថានៅកម្ពុជា ការប្រតិបត្តិសាសនាឥស្លាមរបស់ពលរដ្ឋក៏កំពុងតែមានភាពរស់រវើក ពិសេសនៅក្រោយរបបប្រល័យពូជសាសន៍ និងដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាល។

សម្ដេចក៏បានរំលឹកដែរថាកន្លងមក សម្ដេចធ្លាប់បានទទួលជួបឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា ដែលនៅក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត បានអញ្ជើញសម្ដេចទៅបំពេញទស្សនកិច្ចដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដោយសម្ដេចបានស្វាគមន៍ និងថាការពន្យាពេលទស្សនកិច្ចនោះគឺដោយសារស្ថានភាពកូវីដ-១៩។ យ៉ាងណាក៏ដោយ សម្ដេចបានបន្តថាបច្ចប្បន្នគឺជាឱកាសសមស្របហើយសម្រាប់ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយសារពីកម្ពុជាក៏មានសាសនិកឥស្លាម និងពលករធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងគោលបំណងខាងសាសនា និងការងារដែរ ហើយដែលការពារសន្តិសុខដល់ពួកគាត់ក៏ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

ជាការឆ្លើយប ឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម បានជម្រាបជូនសម្ដេចក្រឡាហោមថាឯកឧត្តមពិតជាមានភាពរីករាយយ៉ាងក្រៃលែងដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ពិសេសឯកឧត្តមបានដឹងថាកម្ពុជាជាប្រទេសមានសុខដុមផ្នែកសាសនា មានការអត់ឱនឱ្យគ្នា និងមានការគោរពស្រលាញ់គ្នាទៅវិញទៅមក រួមទាំងសុខសន្តិភាពទៀតផង។

ឯកឧត្តមក៏បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ថាក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបានជួបជាមួយពលរដ្ឋខ្មែរជាសាសនិកឥស្លាម សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងបានចូលជួបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឯកឧត្តមបន្តថាទោះបីពលរដ្ឋកាន់សាសនាឥស្លាមនៅកម្ពុជាមានភាគរយតិច តែពួកគាត់មានយល់ដឹង និងរស់នៅយ៉ាងស្រុះស្រួលជាមួយពលរដ្ឋកាន់សាសនាផ្សេងទៀត។

ឯកឧត្តមក៏បានជម្រាបសម្ដេចទៀតថា ឯកឧត្តមបានទទួលអនុសាសន៍ប្រកបដោយកិត្តិបណ្ឌិតពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អំពីការធ្វើឱ្យមានសុខដុមនីយកម្មខាងសាសនានៅកម្ពុជា និងបានបន្តថាការរស់នៅស្រុះស្រួលគ្នានេះ គឺជាការបង្ហាញឱ្យឃើញថាកម្ពុជាជាប្រទេសមានវប្បធម៌ និងអរិយធម៌ដ៏ប្រពៃ ដែលឯកឧត្តមនឹងចែករំលែកទៅកាន់វេទិកាអន្តរជាតិ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការលើកឡើងនេះ និងបានគូសបញ្ជាក់ថាភាពមិនត្រឹមត្រូវនៃការអនុវត្តគោលនយោបាយនេះកន្លងមកនៅកម្ពុជា គឺដោយសារកំហុសរបស់មេដឹកនាំមុនៗ ជាពិសេសមេដឹកនាំរបបប្រល័យពូជសាសន៍ដែលបានហាមឃាត់ការប្រតិបត្តិខាងសាសនាគ្រប់សាសនា ដែលកំហុសនេះធ្វើឱ្យថ្នាក់ដឹកនាំជំនាន់ក្រោយត្រូវតែចៀសវាងជាដាច់ខាត។

សម្ដេចបន្តថាជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយដាក់បញ្ចូលពលរដ្ឋដែលប្រតិបត្តិសាសនាឥស្លាមចូលក្នុងការងាររដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបានប្រគល់ភារកិច្ចនេះជូនឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន់ ហាសាន់ ដើម្បីរៀបចំសមាសភាពមន្រ្តីខ្មែរឥស្លាមក្នុងមុខតំណែងគណៈអភិបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការងារពាក់ព័ន្ធនឹងពលរដ្ឋខ្មែរឥស្លាម និងបានថ្លែងអំណរគុណចំពោះអង្គការសម្ព័ន្ធពិភពឥស្លាមដែលបានផ្ដល់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសបានជួយដល់ពលរដ្ឋខ្មែរឥស្លាម។ សម្ដេចបានជូនពរឯកឧត្តមអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម រួមទាំងប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយជោគជ័យ៕ 

អត្ថបទដែលជាប់ទាក់ទង