ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភីសាកលវិទ្យាល័យជាតិបាត់ដំបង

នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភីសាកលវិទ្យាល័យជាតិបាត់ដំបង ប្រារព្ធនៅសាលសាកលវិទ្យាល័យជាតិបាត់ដំបង ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គពិធីអំពីវឌ្ឍនភាពនៃការគ្រប់គ្រងដំណើរការបង្រៀន និងរៀន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូជាតិនិងអន្តរជាតិ និងបានគូសបញ្ជាក់ថានិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងបរិញ្ញាបត្រជាន់ខ្ពស់ដែលទទួលបានសញ្ញាបត្រនាឱកាសនេះមានចំនួន៦០៤នាក់ ក្នុងនោះមាននិស្សិតនារីចំនួន៣១០នាក់។ 

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងការចូលរួមចំណែករបស់សប្បុរសជនទាំងអស់ ក្នុងការចូលរួមកសាងវិស័យអប់រំនៅកម្ពុជាឱ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស អាចឈានទៅធ្វើសមាហរណ៍កម្មទាំងក្នុងតំបន់ និងអន្តរជាតិ។ សម្ដេចក៏បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង មន្រ្តី សាស្រ្តាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យជាតិបាត់ដំបងដែលបានធ្វើឱ្យសាកលវិទ្យាល័យមានការប្រែលប្រួលរីកចំរើនឆាប់រហ័ស។ 

ជាមួយគ្នានេះដែរ សម្ដេចក៏បានស្នើសាកលវិទ្យាល័យជំរុញភាពជាម្ចាស់ក្នុងការដឹកនាំ ដើម្បីសក្ដិសមជាសាកលវិទ្យាល័យជាតិ និងធ្វើនវានុវត្តន៍កម្មវិធីអប់រំឱ្យក្លាយទៅជាកម្មវិធីឌីជីថល ដោយមានមុខវិជ្ជាឌីជីថលប្រកបដោយភាពសប្បូរបែប និងមានកម្មវិធីអប់រំផ្គួប ឬកម្មវិធីរួមគ្នាជាមួយសាកលវិទ្យាល័យជាតិ និងអន្តរជាតិនានា។ សម្ដេចក៏បានអរគុណដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ដែលបានផ្ដល់កិច្ចសហការជ្រោមជ្រែងឱ្យសាកលវិទ្យាល័យដើរតួនាទីក្នុងអនុវិស័យឧត្តមសិក្សាសម្រាប់ភូមិភាគពាយ័ព្យ និងទូទាំងប្រទេស។ 

សម្ដេចក៏បានបង្ហាញមោទកភាពដែលសាកលវិទ្យាល័យជាតិបាត់ដំបងបានបណ្ដុះបណ្ដាលនិស្សិតបានយ៉ាងច្រើនជារៀងរាល់ឆ្នាំជាមួយនឹងលទ្ធផលគុណភាពនៃការអប់រំកាន់តែប្រសើរ ធ្វើឱ្យនិស្សិតមានឱកាសឈានទៅចាប់យកឱកាសការងារទាំងក្នុងវិស័យរដ្ឋ និងឯកជន។ សម្ដេចក៏សង្ឃឹមថានិស្សិតដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សាទទួលសញ្ញាបត្រនាពេលនេះនឹងស្វះស្វែងរកការងារធ្វើ ព្រមទាំងទទួលបានជោគជ័យដូចរៀមច្បងដែលជាអតីតនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបងនេះដែរ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីវឌ្ឍនភាពនៃដំណើការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥កាលពីពេលថ្មីៗដែលក៏ជាផ្នែកមួយនៃកំណែទម្រង់ថ្នាក់ក្រោមជាតិ។ ពាក់ព័ន្ធនឹងការបោះឆ្នោតនេះដែរ សម្ដេចបានបង្ហាញមោទកភាពចំពោះប្រជាពលរដ្ឋដែលបានគាំទ្រដំណើរការបោះឆ្នោត ដោយអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករជាមួយភាពកាន់តែចាស់ទុំខាងនយោបាយ។ 

សម្ដេចក៏បានមានប្រសាសន៍ពីការចូលរួមចំណែកយ៉ាងសំខាន់របស់ភាគីពាក់ព័ន្ធក្នុងការដំណើរការបោះឆ្នោតនេះ ដូចជារាជរដ្ឋាភិបាល អាជ្ញាធរ និងកងកម្លាំង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។ នៅពេលមានប្រសាសន៍អំពីសារៈសំខាន់ គ.ជ.ប សម្ដេចបានលើកឡើងពីការចោទសួរមួយចំនួនដែលថាតើការបោះឆ្នោតនេះធានាអព្យាក្រឹត្យដែរទេ បើសមាជិក គ.ជ.ប មានប្រភពចេញតែពីគណបក្សប្រជាជនកម្ពុជា។ 

សម្ដេចបានចាត់ទុកសំនួរខាងលើនេះជាសំណួរខុស និងជាសំណួរដែលតាំងឡើយដោយមនោសញ្ចេតនាណាមួយ ព្រោះបច្ចុប្បន្នថ្នាក់ដឹកនាំ គ.ជ.ប មានសមាសភាពមកពីប្រភពចម្រុះ ខណៈច្បាប់បានតម្រូវឱ្យលាលែងពីគណបក្សនយោបាយ និងមានការតព្វកិច្ចអនុវត្តតាមច្បាប់។ សម្ដេចចោទជាសំណួរថាតើអតីតសមាជិក គ.ជ.ប ដែលដើរចេញដោយសារអតីតគណបក្សសង្គ្រោះជាតិរំលាយនោះ ជាការបង្ហាញអព្យាក្រឹត្យឬយ៉ាងណា? សម្ដេចបន្ថែមថា«អត់មាននរណាបណ្ដេញគាត់ទេ គាត់ដេញខ្លួនគាត់ ហើយមានន័យថាគាត់ហាក់ដូចជាអារម្មណ៍គាត់នៅលើគណបក្សគាត់ គាត់អត់ទាន់ប្រកាន់ជំហរអព្យាក្រឹត្យ»។ 

ពាក់ព័ន្ធនឹងការចោទថាលួចសន្លឹកឆ្នោត ចោទថាការបោះឆ្នោតមិនត្រឹមត្រូវ តែគណបក្សដែលចោទនោះបានទទួលយកលទ្ធផលបោះឆ្នោតនោះ សម្ដេចក្រឡាហោមបានចាត់ទុកការនិយាយ និងទង្វើនោះថារឿងមិនត្រឹមត្រូវ និងជាវប្បធម៌នយោបាយមួយគួរបញ្ឈប់ ដោយបន្ថែមថា«នេះជាបន្ទាត់នយោបាយរបស់គាត់ ឱ្យតែចាញ់គាត់ថាអ៊ីចឹង តាមមើលអ៊ីចឹង! លេងអាចក្បួនហ្នឹងអត់បានទេ វប្បធម៌ហ្នឹងមួយដែលខ្ញុំស្នើគណបក្សនយោបាយត្រូវទទួលស្គាល់ការពិត[…]ចង់និយាយថាបើគ្រាន់តែចោទស្មានៗអ៊ីចឹង លុបបំបាត់ទៅអាវប្បធម៌ហ្នឹង»។ 

ភ្ជាប់នឹងសំណើរឱ្យលុបបំបាត់វប្បធម៌ចោទស្មានៗនោះដែរ សម្ដេចក៏បានស្នើឱ្យអ្នកចាញ់ឆ្នោតបង្កើតវប្បធម៌ស្វាគមន៍អ្នកឈ្នះ ដោយសម្ដេចបានពន្យល់ថា«ពីមុនយើងធ្វើសង្គ្រាមវាយគ្នា ប្រើកម្លាំងប្រដាប់អាវុធ អំពើហិង្សាដើម្បីឡើងកាន់អំណាច អាហ្នុងមិនមែនគូប្រកួតប្រជែងទេ គេហៅគូបក្ខដិបក្ឋ មានតែសម្លាប់គ្នាទៅវិញទៅមកទេ មានឯងអត់អញមានអញអត់ឯង។ តែយើងមិនមែនគូបក្ខដិបក្ខទេ យើងជាគូប្រកួតប្រជែង។ គូប្រកួតប្រជែងប្រែមកថាចាញ់គឺសូមទទួលស្គាល់ថាចាញ់ ហើយអបអរអ្នកឈ្នះ ជូនពរអ្នកឈ្នះ ធ្វើការជាមួយគ្នា»។ 

សម្ដេចក្រឡាហោមក៏បានស្នើប្រជាពលរដ្ឋនៅមូលដ្ឋានដែលមាននិន្នាការគាំទ្រគណបក្សផ្សេងៗគ្នានាអំឡុងពេលបោះឆ្នោតកន្លងទៅនោះ សូមបង្កើនការផ្សះផ្សាររាប់អានគ្នា មានសាមគ្គីភាពជាមួយគ្នា និងគោរពការដឹកនាំ ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ដែលឈ្នះឆ្នោតដាច់ ឬមានសំឡេងភាគច្រើន។ សម្ដេចក៏ស្នើក្រុមប្រឹក្សាឃុំ សង្កាត់ដែលឈ្នះឆ្នោតខិតខំរួមគ្នាបំពេញភារកិច្ចបំរើប្រជាពលរដ្ឋដោយគ្មានការរើសអើង មិនត្រូវផ្លែផ្កាឱ្យអ្នកចាញ់ ឬក្រុមសំឡេងភាគតិច ប៉ុន្តែរួមសាមគ្គីគ្នាក្នុងនាមជាខ្មែរដូចគ្នា ៕ 

អត្ថបទដែលជាប់ទាក់ទង