សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមជាគណៈអធិបតី ពិធីប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ
នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណៈអធិបតី ពិធីប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ដើម្បីរំលឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន និងដើម្បីគាសរំលើងឱ្យឃើញនូវវីរភាពរបស់កុលបុត្រខ្មែរក្នុងការតស៊ូដើម្បីជាតិ និងប្រជាជនសម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយនោះ នៅឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើររួមគ្នាទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ។
បច្ចុប្បន្ន នៅតំបន់ស្លាកស្នាមប្រវត្តិសាស្ត្រមួយនេះ ក៏មានការសាងសង់នូវសំណង់មួយចំនួនរួចរាល់ហើយដូចជា សាលាដំណាក់, វេទិកាប្រារព្ធពិធី, ស្រះទឹក, បន្ទប់អនាម័យ, ទីលានបាល់ទាត់, ប្រព័ន្ធរំដោះទឹក ចាក់ដីបំពេញ, បំពាក់អំពូលអគ្គិសនីបំភ្លឺជាដើម ហើយលទ្ធផលទាំងអស់នេះនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃស្អែកនេះផងដែ៕