សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមជាគណៈអធិបតី ពិធីប្រគល់សញ្ញាបត្រ និងបើកវគ្គសិក្សាថ្មី សាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន
នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណៈអធិបតី ពិធីប្រគល់សញ្ញាបត្រ និងបើកវគ្គសិក្សាថ្មី នៅសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
យោងតាមរបាយការណ៍ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សិស្ស សិក្ខាកាម និងកម្មសិក្សាការី សាលាភូមិន្ទរដ្ឋបាលដែលបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនាថ្ងៃនេះ រួមមានសិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុបចំនួន២,៣៨៨នាក់។
សាលាភូមិន្ទរដ្ឋបាល ជាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីរាជការ។ សាលាភូមិន្ទរដ្ឋបាលបានបើកដំណើរការឡើងវិញនៅក្នុងឆ្នាំ១៩៩២។ ចាប់តាំងពីឆ្នាំ១៩៩២ មកដល់ពេលបច្ចុប្បន្នសាលាភូមិន្ទរដ្ឋបាល បណ្តុះបណ្តាលសិស្សបានចំនួន ១៦,៦០៦នាក់ ក្នុងនោះមាននារី ៣,៨០៧នាក់ ស្មើនឹង ២៣ភាគរយ៕