ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១កន្លងទៅនេះ ដែលអត្រាគ្រោះថ្នាក់ចរាចរ និងអ្នករងគ្រោះបាត់បង់ជីវិតមានការថយចុះច្រើនបើប្រៀបធៀបនឹងឆ្នាំ២០២០
បងប្អូនជនរួមជាតិជាទីគោរព!
ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃដំណាច់ឆ្នាំសាកល២០២១ ហើយនៅថ្ងៃនេះដែរខ្ញុំក៏សូមជម្រាបជូនបងប្អូនជនរួមជាតិនូវស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១កន្លងទៅនេះ ដែលអត្រាគ្រោះថ្នាក់ចរាចរ និងអ្នករងគ្រោះបាត់បង់ជីវិតមានការថយចុះច្រើនបើប្រៀបធៀបនឹងឆ្នាំ២០២០ដែលពុំសូវមានការធ្វើដំណើរមមាញឹកដោយសារស្ថានភាពជម្ងឺកូវីដ-១៩ផងនោះក៏ដោយ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២១នេះគឺមាន២.៦៧០លើកបើប្រៀបធៀបនឹងឆ្នាំ២០២០មានចំនួន៣.១៧៦លើកនោះគឺមានការថយចុះ១៦ភាគរយ ។ រីឯចំនួនអ្នកស្លាប់បាត់បង់ជីវិតមានចំនួន១.៤៩៧នាក់បើប្រៀបធៀបនឹងឆ្នាំ២០២០មានចំនួន១.៦៤៦នាក់ គឺមានការថយចំនួន១៤៩នាក់ស្មើនឹង៩ភាគរយ ។ ចំណែកអ្នករងរបួសមានចំនួន៣.៦១៥នាក់ គឺមានការថយចុះ១.០៧១នាក់ ស្មើនឹង២៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ដែលមានអ្នករងរបួសរហូតដល់ ៤.៦៨៦នាក់ ។
ការថយចុះគ្រោះថ្នាក់ចរាចរណ៍ អាត្រាអ្នកស្លាប់ និងរងរបួសនេះបានបង្ហាញពីមោទនភាពនៃការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដោយស្មារតីវិជ្ជាជីវៈយ៉ាងសកម្ម ។
បងប្អូនជនរួមជាតិជាទីគោរព! ទោះបីជាលទ្ធផលបានបង្ហាញពីការថយចុះគ្រោះថ្នាក់ចរាចរណ៍ ទាំងអាត្រាអ្នកស្លាប់ និងរងរបួសយ៉ាងដូច្នេះក្តី ប៉ុន្តែស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅពេលនេះ នៅតែជាសោកនាដកម្មសម្រាប់ប្រជាពលរដ្ឋខ្មែរនៅឡើយដោយធ្វើឲ្យមនុស្សច្រើនរាប់ពាន់នាក់ក្នុងមួយឆ្នាំៗបានបាត់បង់ជីវិត រងរបួស និងខូចខាតទ្រព្យសម្បត្តិ ។
តាមផ្នែកជំនាញបានរកឃើញពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២១នេះ គឺដោយសារការបើកបរដោយល្បឿនលឿនចំនួន៣៨ភាគរយ ការមិនគោរពសិទ្ធមានចំនួន២៤ភាគរយ ការមិនប្រកាន់ស្តាំមានចំនួន១៤ភាគរយ ការប្រជែងគ្រោះថ្នាក់មាន៨ភាគរយ បត់ឆ្វេង-ស្តាំមិនប្រយ័ត្នមាន៨ភាគរយ ស្រវឹង៤ភាគរយ កត្តាយានយន្តមាន៣ភាគរយ និង ងងុយមាន១ភាគរយ ។
ហេតុដូច្នេះឆ្លៀតក្នុងឱកាសនេះខ្ញុំសូមអំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនជនរួមជាតិទាំងអស់ សូមរក្សាស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលវេលានៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់។
ក្នុងនាមប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំក៏សូមក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ សូមបង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋយើង។
ជាមួយគ្នានេះស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការសម្រួលតាមដងផ្លូវឲ្យមាន គំនូសសញ្ញា ភ្លើងសញ្ញានិង ស្លាកសញ្ញាចរាចរណ៍ផ្សេងៗ ឲ្យបានគ្រប់គ្រាន់ ដែលវាជាការក្រើនរំលឹក ឬពញ្ញាក់អារម្មណ៍ឲ្យអ្នកបើកបរលើដងផ្លូវគោរពច្បាប់ចៀសវាងគ្រោះថ្នាក់ ។ ទន្ទឹមនឹងនោះការផ្សព្វផ្សាយ អប់រំ ពីច្បាប់ចរាចរណ៍ ត្រូវតែបន្តធ្វើជាប្រចាំ ទាំងទីប្រជុំជនរហូតដល់ជនបទ ដើម្បីលើកកំពស់ការយល់ដឹងពីច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋយើង ។
ខ្ញុំសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសារអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៖
- ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍
- គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប
- បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់
- បើស្រវឹង សូមកុំបើកបរ
- គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ
- គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ
- ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព
សូមអរគុណ!