ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុញ្ញតជូនលោកស្រី Maryem salim នាយកធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញតជូនលោកស្រី Maryem salim នាយកធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ តាមប្រព័ន្ធវីដេអូ។ ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍លោកស្រីដែលចូលកាន់តួនាទីជានាយក World bank ថ្មីប្រចាំនៅកម្ពុជា។

ផ្អែកលើបទពិសោធន៍ការងាររបស់លោកស្រី សម្ដេចបានសម្ដែងការជឿជាក់ថាភាពជាដៃគូររវាងធនាគារពិភពលោក និងកម្ពុជា នឹងកាន់តែមានសារៈសំខាន់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងបរិបទដែលពិភពលោកទាំងមូលក៏ដូចជាកម្ពុជាកំពុងខិតខំដោះស្រាយវិបត្តិសេដ្ឋកិច្ច និងសុខាភិបាលដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩។ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានបន្តថារាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំយកចិត្តទុកដាក់ក្នុងការដាក់ចេញនូវរាល់វិធានការនានា ទាំងវិធានការសេដ្ឋកិច្ចនិងសុខាភិបាល ដើម្បីធានាដល់ការគ្រប់គ្រង និងគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជួបការលំបាក ជាពិសេសការការពារអាយុជីវិតប្រជាពលរដ្ឋឱ្យចៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។ 

ឆ្លៀតក្នុងឱកាសនេះដែរសម្ដេចក្រឡាហោម បានថ្លែងអំណរគុណធនាគារពិភពលោកដែលបានដាក់ចេញនូវយុទ្ធសាស្ត្រប្រកបដោយភាពបត់បែនក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តន៍គម្រោងគាំទ្រនានាដែលបានចូលរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ រួមទាំងគម្រោងស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩នេះ។ ជាមួយគ្នានេះសម្ដេចក្រឡាហោម ក៏បានវាយតម្លៃខ្ពស់ចំពោះគម្រោងនានាដែលWold Bank កំពុងជួយគាំទ្រដល់ការលើកកម្ពស់អភិបាលកិច្ចល្អនៅកម្ពុជាជាពិសេសការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ 

ពាក់ព័ន្ធនឹងកិច្ចសហការលើគម្រោងកន្លងមក សម្ដេចក្រឡាហោម បានលើកឡើងពីការបញ្ចប់គម្រោងចំនួន៣ ក្នុងនោះរួមមានទី១ គឺការវិនិយោគជនបទសម្រាប់រដ្ឋបាលមូលដ្ឋាន ដែលបានផ្ដល់ហិរញ្ញប្បទានវិនិយោគដល់រដ្ឋបាលថ្នាក់ក្រោមជាតិពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១០, ទី២-គម្រោងអភិបាលកិច្ចល្អដែលបានជួយដល់ប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤ និងទី៣ គម្រោងសង្គហទានសង្គមពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៦។ សម្ដេច បានបន្តថាគម្រោងដែលកំពុងបន្តអនុវត្តជាមួយធនាគារពិភពលោកនោះ រួមមានទី១ គឺគម្រោងការងារគាំទ្រគណនេយ្យភាពសង្គមដែលតាមរយៈគម្រោងនេះធនាគារពិភពលោក បានកៀរគរហិរញ្ញវត្ថុគាំទ្រពីបណ្ដាដៃគូអភិវឌ្ឍន៍នានាក្នុងការងារគណនេយ្យភាពសង្គមដែលបានរួមចំណែកពង្រឹងការប្រាស្រ័យទាក់ទងរវាងរដ្ឋបាលមូលដ្ឋានជាមួយប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរឡើង។ 

សម្ដេច បន្តថាគម្រោងទីពីរ គឺគម្រោងអាហាររូបត្ថម្ភកម្ពុជា ដែលធនាគារពិភពលោកបានលើកកម្ពស់ការទទួលខុសត្រូវ និងគណនេយ្យភាពរបស់រដ្ឋបាលមូលដ្ឋានចំពោះប្រជាពលរដ្ឋសម្រាប់ការផ្ដល់សេវាថែទាំសុខភាពមាតា និងទារក តាមរយៈកម្មវិធីផ្ដល់អាហារូបត្ថម្ភដល់កុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងស្ត្រីកំពុងបំបៅដោះកូនជាដើម។ ដោយឡែកគម្រោងទី៣ សម្ដេចបានបន្តថាជាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ នៅក្នុងក្របខណ្ឌនៃការអនុវត្តគម្រោងដំណាក់កាលទី១ និងទី២ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ 

សម្ដេច បន្តថាគម្រោងនេះ ពិតជាបានផ្ដល់នូវសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋក្រីក្រ ជាក់ស្ដែងគម្រោងនេះបានជួយរាជរដ្ឋាភិបាលក្នុងការផ្ដល់លំនៅឋាន និងដីកសិកម្មដល់គ្រួសារក្រីក្រប្រមាណ៥ពាន់គ្រួសារ ព្រមទាំងបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ ដូចជាផ្លូវចំនួន៣៤៥គីឡូម៉ែត្រ សំណង់អាគារសាលារៀនចំនួន ៨ខ្នង ប៉ុស្តិ៍សុខភាពសរុបចំនួន៥ខ្នង សំណង់ផ្សារសហគមន៍ និងអាគារសហគមន៍ចំនួន១២ខ្នង សំណង់ធារាសាស្ត្រចំនួន៧កន្លែង អណ្ដូងទឹកស្អាតចំនួន ៧៩អណ្ដូង និងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដែលគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ ចំណែកគម្រោងទី៤ គឺគម្រោងលើកកម្ពស់ជីវភាពរបស់ប្រជាជនក្រីក្រដែលបានចូលរួមជួយលើកកម្ពស់ជីវភាពរបស់ប្រជាជនក្រីក្រនៅខេត្តសៀមរាប។ ជុំវិញការអនុវត្តគម្រោងទាំងនេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថានេះគឺជាលទ្ធផលជាក់ស្ដែងដែលធនាគារពិភពលោក បានជួយគាំទ្រដល់កម្ពុជាដែលសម្ដេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តនូវកិច្ចសហប្រតិបត្តិការល្អរបស់ធនាគារពិភពលោក។ 

ជាការឆ្លើយតបលោកស្រី Mariam Sherman នាយកធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចក្រឡាហោម ដែលបានទទួលលោកស្រីនាឱកាសនេះហើយលោកស្រីបានបញ្ជាក់ទៀតថាលោកស្រីធ្លាប់បំពេញការងារនៅកម្ពុជាតាំងតែពី២០ឆ្នាំមុនមកម្ល៉េះ ជាពិសេសក្នុងការងារនៃគម្រោងដែលសម្ដេចបានរំលឹកឡើងខាងលើ។ លោកស្រី បានបន្តថាទោះបីស្ថិតក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មានផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា លោកស្រីមើលឃើញថារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងដាក់ចេញនូវវិធានការផ្សេងៗប្រកបដោយប្រសិទ្ធភាព ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលបានធ្វើឲ្យស្ថានភាពវិលមករកភាពល្អប្រសើរឡើងវិញ។ 

លោកស្រី ក៏បានជម្រាបជូនសម្ដេចក្រឡាហោមអំពីការសិក្សាគម្រោងថ្មីមួយរបស់ធនាគារពិភពលោកគឺពាក់ព័ន្ធនឹងការគ្រប់គ្រងកាកសំណល់រឹងនៅតាមមូលដ្ឋាន ហើយដែលគម្រោងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលពីគ្រោះយោបល់នៅឡើយ និងក៏ទាមទារឱ្យមានការគាំទ្រពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសពីក្រសួងមហាផ្ទៃដើម្បីធ្វើឲ្យគម្រោងនេះទទួលបានជោគជ័យផងដែរ។ លោកស្រី បានបន្តថាការពិគ្រោះយោបល់កម្រិតដំបូងលើគម្រោងនេះ ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប និងគ្រោងរៀបចំការពិគ្រោះយោបល់បន្តនៅខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។ លោកស្រី ក៏បានគូសបញ្ជាក់ជូនសម្ដេចថាបច្ចុប្បន្ននេះធនាគារពិភពលោកកំពុងស្វែងរកធនធានបន្ថែមទៀតដើម្បីផ្ដល់ជាហិរញ្ញប្បទានដល់គម្រោងកំពុងអនុវត្តឲ្យមានដំណើរការប្រកបដោយប្រសិទ្ធភាព ហើយជាមួយគ្នានេះលោកស្រី ចង់ទទួលទស្សនៈពីសម្ដេចក្រឡាហោម ពាក់ព័ន្ធនឹងស្ថានភាពកម្ពុជាដើម្បីជួយជាការតម្រង់ទិសដល់ធនាគារពិភពលោកបន្តការគាំទ្រប្រទេសកម្ពុជា។ 

ឆ្លើយតបនឹងការលើកឡើងរបស់លោកស្រី សម្ដេចក្រឡាហោម បានមានប្រសាសន៍អំពីការងារកន្លងមកដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងវិធានការផ្សេងៗដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។ សម្ដេច បានមានប្រសាសន៍ថាសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា គឺដោយសាររាជរដ្ឋាភិបាលមានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ហើយជាពិសេសប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដាក់ចេញនូវវិធានការផ្សេងៗដើម្បីទប់ទល់នឹងជំងឺនេះ ក្នុងនោះទីមួយគឺការបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋឲ្យចេះការពារខ្លួនក៏ដូចជាការដាក់ចេញនូវវិធានការ៣កុំ ៣ការពារ និងទីពីរ គឺការប្ដេជ្ញាស្វែងរកវ៉ាក់សាំង ហើយបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋគ្រប់គ្នាតាមគម្រោង ដែលពីមុនបានចាក់ត្រឹមពីរដូស បន្ទាប់មកបានបន្ថែមការចាក់ដូសជំរុញបន្តទៀត ហើយថាអ្វីដែលបានសម្រេចនោះគឺការចាក់វ៉ាក់សាំងទទួលបានចំនួនតាមគម្រោង ពិសេសបានចាក់ដល់កុមារ។ 

សម្ដេច បានបន្តថាវិធានការមួយទៀត គឺការត្រៀមខ្លួនជាមុនរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការផ្ទេរសិទ្ធិអំណាចទៅដល់រដ្ឋបាលថ្នាក់មូលដ្ឋានដែលសម្ដេចបានលើកឡើងថាបានត្រៀមចំនួនពីរខែមុនការមកដល់នៃជំងឺកូវីដ-19 ដែលបានផ្ទេរទាំងសិទ្ធិអំណាច និងធនធាន ដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចដាក់ចេញ និងគ្រប់គ្រងទៅលើវិស័យសុខាភិបាលជាឧទាហរណ៍ គឺការបិទខ្ទប់តំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញដែលមានការបែងចែកជាតំបន់ក្រហម តំបន់រឿងទុំ និងតំបន់លឿង។ 

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណការវាយតម្លៃរបស់ធនាគារពិភពលោកចំពោះជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ-១៩ នៅកម្ពុជា ដែលបើប្រៀបធៀបទៅនឹងប្រទេសជិតខាងមានប្រទេសឡាវ វៀតណាម និងថៃ គឺកម្ពុជាមានភាពល្អប្រសើរជាង។ ចំពោះផែនការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថាទោះបីជាកម្ពុជាមានភាពធូរស្រាល ប៉ុន្តែប្រទេសជិតខាងនៅមានភាពធ្ងន់ធ្ងរនៅឡើយ ដោយបច្ចុប្បន្ននេះភាគីកម្ពុជាកំពុងចាំមើលស្ថានភាពជាក់ស្ដែង។ 

សម្ដេច បន្តថាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្រាងសេចក្ដីព្រាងផែនការស្ដារសេដ្ឋកិច្ចឡើងវិញ និងកំពុងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាក្នុងគោលដៅនៃការស្ដាសេដ្ឋកិច្ចឲ្យមានភាពរស់រវើកឡើងវិញរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានសកម្មភាពអាជីវកម្មនិងការងារផ្សេងៗជាបន្តបន្ទាប់ ហើយជាលទ្ធផលមិនមានការឆ្លងរីករាលដូចពីមុននោះទេ ដែលនេះចាត់ទុកជាភាពជោគជ័យមួយ ដើម្បីបន្តនូវការបើកដំណើរការប្រទេសជាតិជាបណ្ដើរៗ និងឈានទៅបើកប្រទេសទាំងស្រុង។ សម្ដេចក្រហោម ក៏បានឆ្លៀតបញ្ជាក់ទៅកាន់លោកស្រីអំពីការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាហើយដែលគម្រោងនេះរាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់ដំណាក់កាលទី១ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ នឹងឈានចូលដំណាក់កាលទី២ រយៈពេល១០ឆ្នាំ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០៣០ ក្នុងនោះរួមមានការកំណត់ចក្ខុវិស័យ និងយុទ្ធសាស្ត្រសំខាន់ៗសម្រាប់អនុវត្តកំណែទម្រង់នេះដល់ឆ្នាំ២០៣០។ ពាក់ព័ន្ធនឹងការអនុវត្តដំណាក់កាលទីពីរនេះដែរ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាឯកសារសំខាន់ៗត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល ហើយគ្រោងនឹងផ្សព្វផ្សាយដើម្បីកៀរគរការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។ ជាការឆ្លើយតបលោកស្រីនាយកធនាគារពិភពលោកប្រចាំនៅកម្ពុជាបានសំដែងការអបអរសាទរចំពោះរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋដែលជាបទពិសោធន៍មួយក្នុងការដែលប្រទេសផ្សេងៗអាចយកជាគំរូ។ 

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីក៏បានជំរាបសម្ដេចថាធនាគារពិភពលោកត្រៀមខ្លួនជានិច្ចក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើដំណើរការស្ដារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាគាំទ្រដល់ក្រសួងមហាផ្ទៃក្នុងការអនុវត្តគម្រោងផ្សេងៗដែលកំពុងអនុវត្ត ហើយក៏រង់ចាំធ្វើការជាមួយក្រសួងមហាផ្ទៃប្រសិនបើក្រសួងមានគំនិតចង់សិក្សាអំពីគម្រោងណាមួយជាមួយធនាគារពិភពលោក។ លោកស្រីបានថ្លែងអំណរគុណជូនសម្ដេចក្រឡាហោម ដែលបានចំណាយពេលវេលាដ៏មានតម្លៃជួបលោកស្រីនាឱកាសនេះ ហើយសម្ដេចក្រឡាហោម ក៏បានជូនពរលោកស្រីឲ្យទទួលបានជោគជ័យនៅក្នុងអាណត្តិការងារនៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង