សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី៦ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី៦ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
កិច្ចប្រជុំរដ្ឋសភា បានប្រព្រឹត្តទៅដោយមានរបៀបវារៈចំនួន៧រួមមានការសម្រេចសុពលភាពនៃអាណត្តិរបស់ឯកឧត្តម អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួស ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលបានទទួលមរណភាព និងការបោះឆ្នោតជ្រើសតាំង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា។
រដ្ឋសភាក៏បោះឆ្នោត ជ្រើសតាំងឯកឧត្តម ឈាង វុន ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងឯកឧត្តម ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ព្រមទាំងបោះឆ្នោតទុកចិត្ត លោកជំទាវ សោម គីមសួគ៌ ជាអគ្គសវនករ ឯកឧត្តម សួន សិទ្ធី ជាអគ្គសវនកររង ឯកឧត្តម អ៊ុក សារាវុធ ជាអគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ សម្រាប់បន្តអាណត្តិថ្មី ៥ឆ្នាំ។
ដោយឡែករដ្ឋសភាក៏ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ និងសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ផងដែរ៕