ក្រុមការងារ ក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ មាណេរ ផ្តល់ជូនសហគមន៍សិស្សក្រីក្រ កំព្រា ភូមិក្រឡាញ់ ដែលមានសិស្សចំនួន៦២នាក់ និងលោកគ្រូអ្នកគ្រូចំនួន ៦នាក់
នៅថ្ងៃអាទិត្យ ២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារ ក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ មាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការី បាននាំយកអំណោយ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ផ្តល់ជូនសហគមន៍សិស្សក្រីក្រ កំព្រា ភូមិក្រឡាញ់ ដែលមានសិស្សចំនួន៦២នាក់ និងលោកគ្រូអ្នកគ្រូចំនួន ៦នាក់។
អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាពេលនេះរួមមានៈ ម៉ូតូកង់បី ចំនួន១គ្រឿង សម្រាប់ដឹកសិស្សទៅសាលា, ម៉ូតូឌ្រីមសេ១០០ ប្រើហើយ ចំនួន២គ្រឿងសម្រាប់គ្រូ និងអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវទឹកត្រី ទឹកសុទ្ធ ម៉ាស់និងអាល់កុល។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ បានជម្រាបជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលគ្រប់ពេលវេលាតែងតែមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការរស់នៅរបស់លោកគ្រូអ្នកគ្រូ និងការសិក្សារបស់សិស្សគ្រប់សាលានានាក្នុងខេត្តបាត់ដំបង ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។
ឯកឧត្តម រដ្ឋលេខាធិការ បានជំរុញលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ចូលរួមផ្សព្វផ្សាយការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ (COVID-១៩) ត្រូវអនុវត្តន៍តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការការពារឲ្យបានខ្ជាប់ខ្ជួន គឺ៣កុំ និង៣ការពារផងដែរ ៕