ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា០១ខ្នង និងសមិទ្ធផលនានា

នៅព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា០១ខ្នង និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាសម្ដេច ជា ស៊ីម នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្ដើមឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេច និងលោកជំទាវ ព្រមទាំងគណៈអធិបតី ថាសមិទ្ធផល ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ តាមរយៈឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ។

ឯកឧត្តមបន្តថា ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី បានផ្ដួចផ្ដើមដឹកនាំជួសជុលកែលម្អ និងសាងសង់សាលាបឋមសិក្សាសម្ដេច ជា ស៊ីម ដោយបានបង្កើតគណៈកម្មការមួយដើម្បីកៀរគរថវិកា និងគ្រប់គ្រងដំណើរការសាងសង់ ក្នុងនោះជួសជុលអគារសិក្សា សម្ដេច ជា ស៊ីម០១ខ្នង ០១ជាន់ ស្មើនឹង១៦បន្ទប់ រួមមានដូរដំបូលថ្មី កម្រាល លាបថ្នាំក្នុងក្រៅ ជួសជុលបង្គន់អនាម័យ បំពាក់បណ្ដាញអគ្គីសនី បំពាក់អំពូល កង្វារ ក្ដាខៀន និងជួសជុលតុកៅអី។

ឯកឧត្តមអភិបាលខេត្តបន្តថាឯកឧត្តម ស សុខា និងលោកជំទាវ ក៏បានដឹកនាំការរៀបចំប្រព័ន្ធលូបង្ហូរទឹកចេញ កន្លែងលាងដៃ ចាក់សាបទីធ្លារក្នុង និងក្រៅសាលា រៀបសួនផ្កា ជួសជុលរបង ជួសជុលទីចាត់ការ និងសាលាប្រជុំសម្ដេច ជា ស៊ីម ០២បន្ទប់ រួមមានដំបូលថ្មី ដូរកម្រាល ដូរទ្វារបង្អួច លាបថ្នាំក្នុងក្រៅ រៀបបន្ទប់នាយក បន្ទប់សុខភាព បង្គន់អនាម័យ និងបំពាក់បណ្ដាញអគ្គីសនី អំពូល កង្វារ ម៉ាស៊ីនត្រជាក់ LCD Projector។ ថវិកាសរុបអស់ជាង៥០ម៉ឺន៥ពាន់ដុល្លារអាមេរិក។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរកថា និងមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើមសម្ដេច បានសម្ដែងសេចក្ដីរំភើបរីករាយចំពោះការប្រារព្ធពិធីសម្ពោធសមិទ្ធផលនៅសាលាបឋមសិក្សាសម្ដេច ជា ស៊ីម និងបានរំលឹកអំពីសវតាត្រួសៗអំពីសាលាបឋមសិក្សាមួយនេះ។

សម្ដេចបានថ្លែងអំណរគុណ និងកោតសរសើរគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ក្នុងការសាងសង់ ជួសជុលអគារសិក្សា និងសមិទ្ធផលនានា ពិសេសសប្បុរសជន ដែលបានចូលរួមគាំទ្រផ្នែកធនធានថវិកាសរុបប្រមាណកន្លះលានដុល្លារអាមេរិក ធ្វើឱ្យក្រុមការងារអាចបញ្ចប់គម្រោងកែលម្អរសាលាបឋមសិក្សា សម្ដេច ជា ស៊ីម ដោយជោគជ័យដូចដែលបានឃើញនាពេលនេះ។

ពាក់ព័ន្ធនឹងការធ្វើវិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យអប់រំ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថានៅខេត្តបាត់ដំបងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសាកល្បងផ្ទេរការគ្រប់គ្រងមត្តេយ្យសិក្សា និងបឋមសិក្សា មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ហើយដែលការងារនេះអាចនឹងត្រូវបានពង្រីកនៅទូទាំងប្រទេសនាពេលខាងមុខ។

សម្ដេចឧបនាយករដ្ឋមន្រ្តីបន្តថាជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានផ្ទេរសិទ្ធិអំណាច និងធនធានក្នុងវិស័យមួយចំនួនពីថ្នាក់ជាតិមកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែរ ក្នុងនោះក៏មានដែរការផ្ទេរការគ្រប់គ្រងក្នុងវិស័យសុខាភិបាលមកឱ្យស្ថិតក្រោមការរដ្ឋបាលរាជធានីខេត្ត។ សម្ដេចគូសបញ្ជាក់ការងារនេះបានបង្កលក្ខណៈឱ្យរដ្ឋបាលរាជធានីខេត្តអាចទទួលខុសត្រូវដោះស្រាយបញ្ហាជំងឺកូវីដ១៩បានយ៉ាងល្អ។

យ៉ាងណាក៏ដោយសម្ដេចបានមានប្រសាសន៍ទោះបីជាមានការផ្ទេរសិទ្ធិ អំណាច និងធនធាន ក្នុងវិស័យមួយចំនួន ពីថ្នាក់ជាតិ មកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនេះ សម្ដេចបានគូសបញ្ជាក់ថា ថ្នាក់ជាតិ គឺក្រសួងស្ថាប័នជំនាញ ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខភិបាលនៅតែបន្តទទួលខុសត្រូវលើការងាររួម ពិសេសជួយជ្រោមជ្រែងឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបំពេញមុខងារដែលបានផ្ទេរទៅឱ្យកាន់តែមានប្រសិទ្ធភាព។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម បានបន្តមានប្រសាសន៍សម្ដែងការកោតសរសើរជាម្ដងទៀតចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ដែលបានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងគ្រោះមហន្តរាយធម្មជាតិជំនន់ទឹកភ្លៀងកាលពីពេលកន្លងទៅ។

ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងការកោតសរសើរថ្នាក់ដឹករដ្ឋបាលខេត្តបាត់ដំបង និងខេត្តជាប់ព្រំដែនកម្ពុជាថៃផ្សេងទៀត ដែលបាននិងកំពុងដឹកនាំគណៈបញ្ជាការឯកភាពគ្រប់ជាន់ថ្នាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពិសេសការរៀបចំទទួលប្រជាពលរដ្ឋជាពលករធ្វើដំណើរមកពីប្រទេសថៃ ដោយរៀបចំទីតាំងស្នាក់នៅធ្វើចត្តាឡីស័ក និងផ្ដល់ជូនស្បៀងហារគ្រប់បែបយ៉ាងដល់ពួកគាត់។

ពាក់ព័ន្ធនឹងសាលាបឋមសិក្សាសម្ដេច ជា ស៊ីម ដែលមានគំនិតផ្ដួចផ្ដើមថារៀបចំទៅជាសាលាគម្រូក្នុងខេត្តបាត់ដំបង សម្ដេចបានមានប្រសាសន៍គាំទ្រ និងណែនាំគណៈគ្រប់គ្រងសាលា និងថ្នាក់ដឹកនាំជួយជ្រោមជ្រែងសាលានេះឱ្យមានលក្ខណៈសម្បត្តិកាន់តែប្រសើរដើម្បីបានជាមូលដ្ឋានក្នុងការរៀបចំឱ្យថ្នាក់ដឹកនាំសាលាបឋមសិក្សាផ្សេងទៀតមកសិក្សាស្វែងយល់។ សម្ដេចលើកទឹកចិត្តឱ្យមានការស្វែងយល់ដើម្បីអភិវឌ្ឍន៍។

ជាកិច្ចបញ្ចប់នៃពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលសាលាបឋមសិក្សា សម្ដេច ជា ស៊ីម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញប្រគល់អំណោយថវិកា និងសម្ភារៈ ជូនសាលាក្រុងបាត់ដំបង សាលាបឋមសិក្សាសម្ដេច ជា ស៊ីម លោកគ្រូ អ្នកគ្រូ ក្រុមយុវជន សិស្សានុសិស្ស ក្រុមគ្រូពេទ្យប្រចាំការ លោកតា លោកយាយ និងបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងលិខិតថ្លែងអំណរគុណជូនសប្បុរសជន៕

អត្ថបទដែលជាប់ទាក់ទង