សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធី សម្រួលភារកិច្ច និងចាត់តាំងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី
នៅព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ពិធី សម្រួលភារកិច្ច និងចាត់តាំងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី ប្រារព្ធនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី។
យោងតាមសេចក្ដីសម្រេចរបស់សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ងី ចាន់ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានសម្រួលផ្ទេរពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ មកជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី ហើយឯកឧត្តម ស្វាយ សំអ៊ាង ត្រូវបានកែសម្រួលមកជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាបានផ្ដល់ការណែនាំឱ្យក្រុមការងារទាំងអស់ ត្រូវខិតខំផ្សាភ្ជាប់ការដឹកនាំ និងការងាររបស់ខ្លួន ទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បំរើប្រជាពលរដ្ឋឱ្យបានល្អ ធ្វើអំពើល្អជាមួយប្រជាជនឱ្យបានច្រើន ចៀសវាងការគៀបសង្កត់ គំរាមកំហែង ឬប្រសិនបើពួកគាត់ជួបនៅបញ្ហាណាមួយត្រូវខិតខំដោះស្រាយតាមសមត្ថកិច្ចឱ្យបានល្អ និងយុត្តិធម៌។
សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនថាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឬក៏គណបក្សនោះទេ ត្រូវតែបន្តចុះមកមូលដ្ឋានជាទៀងទាត់ ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងតម្រូវការរបស់ប្រជាពលរដ្ឋ ពីព្រោះតាមរយៈសកម្មភាពនេះហើយដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្ស អាចប្រមូលបាននូវអ្វីដែលជាកិច្ចការសំខាន់សម្រាប់ពលរដ្ឋ ហើយដោះស្រាយឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។
សម្ដេចក៏បានបន្តលើកឡើងអំពីកិច្ចការពារធនធានធម្មជាតិ ដោយសម្ដេចបានដៅចំៗថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ត្រូវតែធានាថាការពារឱ្យបាននូវធនធានធម្មជាតិ ដែលការងារនេះគឺជាយុទ្ធសាស្រ្ត ដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋ ទាក់ទាញទេសចរណ៍ ទាក់ទាញការវិនិយោគ ដោយមិនត្រូវចាត់ទុកបញ្ហានេះជាបញ្ហាធម្មតានោះឡើយ ពីព្រោះការងារនេះគឺជាការងារដើម្បីផលប្រយោជន៍ជាតិ ប្រជាជន និងកូនចៅជំនាន់ក្រោយ។
ពាក់ព័ន្ធនឹងកិច្ចការពារធនធានធម្មជាតិនេះ សម្ដេចក្រឡាហោមបានផ្ដល់ការលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ព្រមទាំងអភិបាលខេត្ត ពិសេសខេត្តដែលសំបូរធនធានធម្មជាតិ ដូចជាព្រៃឈើជាដើម អាចពិចារណារៀបចំប្រតិទិនទៀងទាត់ដើម្បីរួមគ្នាជិះឧទ្ធម្ភាចក្រពិនិត្យស្ថានភាពព្រៃឈើ និងធនធានធម្មជាតិ ដោយមិនត្រូវពឹងអាស្រ័យតែទៅលើការជិះរថយន្ត ឬដើរមើលនោះឡើយ។
សម្ដេចបានហៅថាធនធានធម្មជាតិថា«ជាទ្រព្យសម្បត្តិដូនតារបស់យើង» ដោយសម្ដេចបន្តដោយរំលឹក«ខ្ញុំបានទៅបំពេញទស្សនកិច្ចនៅចិន ហើយគេក៏បានធ្វើបទបង្ហាញប្រាប់ខ្ញុំអំពីគម្រោងអភិវឌ្ឍធំៗ។ ខ្ញុំក៏បានសួរថាតើលុយនោះបានមកពីណា? ចម្លើយគឺលុយបានមកពី៣ប្រភព គឺទី១លុយដូនតា ទី២លុយយើង និងទី៣លុយកូនចៅយើង»។
សម្ដេចបានពន្យល់ទៀតថា «លុយដូនតា គឺសំដៅដល់ធនធានធម្មជាតិ មានព្រៃភ្នំជាដើមដែលអាចទាក់ទាញការវិនិយោគ មិនមែនបានពីការកាប់ឈើលក់នោះឡើយ។ លុយយើង គឺលុយដែលបានមកពីការខិតខំប្រឹងប្រែងវិនិយោគបានផលចំណេញ មានពន្ធ មានការងារធ្វើជាដើម និងលុយកូនចៅយើង គឺសំដៅដល់លុយដែលបានខ្ចីសម្រាប់យកមកអភិវឌ្ឍ ហើយកូនចៅយើងជាអ្នកបន្តទទួលខុសត្រូវ ដែលការខ្ចីនោះត្រូវមានដែនកំណត់ ហើយប្រទេសណាក៏ធ្លាប់ និងកំពុងជំពាក់បំណុលគ្នាទៅវិញទៅមកដែរ»។
មុននឹងបញ្ចប់សម្ដេចក៏បានផ្ដាំផ្ញើឱ្យថ្នាក់ដឹកនាំ សមាជិក សកម្មជន គណបក្សទាំងអស់ ខិតខំបំពេញតួនាទី ភារកិច្ច និងការទួលខុសត្រូវដែលថ្នាក់ដឹកនាំគណបក្សប្រគល់ជូនឱ្យបានល្អ ដើម្បីបន្តឈានទៅទទួលបានជ័យជំនះសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងបន្តឈានទៅទទួលបានជោគជ័យថែមទៀតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ខាងមុខ៕