ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធនៅសាលាខេត្តមណ្ឌលគិរី។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន, ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក, អភិបាលខេត្តនានា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តមណ្ឌលគិរី។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម គណៈអធិបតី ព្រមទាំងអង្គពិធីអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្រ្ត សភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់ សភាពការណ៍សន្តិសុខតាមបណ្ដោយព្រំដែន ការងារគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ និងសកម្មភាពនានាដែលខេត្តសម្រេចបាននាពេលកន្លងមក។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា កិច្ចបប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរីនាថ្ងៃនេះ រៀបចំឡើងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្រ្តី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង៤ផ្សេងទៀត រួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងយុត្តិធម៌។

សម្ដេចបានសង្កត់ធ្ងន់ថាដោយសារមានការជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងកិច្ចប្រជុំនេះដែរ សម្ដេចបានអនុញ្ញាតឱ្យអញ្ជើញថ្នាក់ដឹកនាំរដ្ឋបាលខេត្តពាក់ព័ន្ធផ្សេងទៀត ដូចជាខេត្តរតនគិរី, ក្រចេះ, ស្ទឹងត្រែង, ព្រះវិហារ និងកំពង់ធំ ព្រមទាំងបណ្ដាប្រធានមន្ទីរពាក់ព័ន្ធនៃខេត្តទាំងនោះផងដែរ ក្នុងន័យរួមគ្នាដើម្បីពង្រឹងតួនាទី និងភារកិច្ចរដ្ឋបាលខេត្តក្នុងការគ្រប់គ្រងដីធ្លី ព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថាន។

សម្ដេចក្រឡាហោមបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលគ្រប់ថ្នាក់នៃខេត្តមណ្ឌលគិរី និងបណ្ដាខេត្តនានាដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ដីធ្លី ព្រៃឈើ និងបរិស្ថាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ប៉ុន្តែជាមួយគ្នានេះ សម្ដេចបានសង្កត់ធ្ងន់ថា ព្រៃឈើ ដីធ្លី ធនធានធម្មជាតិ និងតំបន់ការពារនានាមួយចំនួនទៀត នៅតែបន្តទទួលរងការកាប់បំផ្លាញ ការន្ទ្រានកាន់កាប់ពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យព្រួយបារម្ភ។

សម្ដេចបានបន្តថា ជាក់ស្ដែងនៅខេត្តមណ្ឌលគិរីដែលស្ដុកស្ដម្ភដោយធនធានធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាលនេះក៏ត្រូវបានក្រសួងបរិស្ថានរកឃើញថា បានទទួលរងការបំផ្លិចបំផ្លាញក្រោមរូបភាពនានា ហើយដើម្បីដោះស្រាយបញ្ហានេះ សម្ដេចតេជោនាយករដ្ឋមន្រ្តីក៏បានសម្រេចប្រគល់ជូនក្រសួងមហាផ្ទៃសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធដើម្បីពិនិត្យស្រាវជ្រាវករណីនេះ រហូតឈានទៅចាត់វិធានការលើមន្រ្តីមួយចំនួនស្របតាមច្បាប់ ខណៈករណីពាក់ព័ន្ធមួយចំនួនទៀតក៏កំពុងស្ថិតក្នុងសមត្ថកិច្ចតុលាការ។

ពាក់ព័ន្ធនឹងមន្រ្តីដែលប្រឈមមុខនឹងបញ្ហាដែលបានកើតឡើងនោះ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាមន្រ្តីទាំងនោះ មានពីរប្រភេទ គឺមន្រ្តីមុខងារសាធារណៈ និងមន្រ្តីជាប់ឆ្នោត។ សម្ដេចបានមានប្រសាសន៍ថាមន្រ្តីជាប់ឆ្នោត ដូចជាក្រុមប្រឹក្សាឃុំ ឬសមាជិកសភាថ្វីដ្បិតថាមិនបានដកចេញពីតួនាទីដូចមន្រ្តីមុខងារសាធារណៈ ប៉ុន្តែមន្រ្តីទាំងនោះក៏បានទទួលការពិន័យតាមនីតិវិធីច្បាប់ដែរ។

សម្ដេចបានគូសបញ្ជាក់ថាអ្វីដែលក្រុមការងារបានសម្រេចពាក់ព័ន្ធនឹងចំណាត់ការលើមន្រ្តីប្រព្រឹត្តខុសនោះ គឺជាការអនុវត្តតាមភារកិច្ចក្នុងនាមជាមន្រ្តីសាធារណៈ ជាអ្នកបំរើប្រជាពលរដ្ឋ មិនមែនជាការធ្វើឡើងដោយផ្អែកលើផលប្រយោជន៍បុគ្គលណាមួយនោះទេ។ សម្ដេចបានសង្កត់ធ្ងន់ថា«ជាការធ្វើឡើងដើម្បីផលប្រយោជន៍ជាតិ ផលប្រយោជន៍យើងទាំងអស់គ្នា និងដើម្បីកូនចៅយើងទៅថ្ងៃអនាគត....»

សម្ដេចឧបនាយករដ្ឋមន្រ្តីបានបន្តថាឆ្លងតាមការសិក្សាស្រាវជ្រាវលើករណីនេះ មានការពាក់ព័ន្ធនឹងការនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវ, កិច្ចសហការក្នុងការអនុវត្តច្បាប់ និងតាមដានត្រួតពិនិត្យពីក្រសួងស្ថាប័នថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅផ្ទៃក្នុងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ព្រមទាំងភាពស្អាតស្អំ និងមនសិការវិជ្ជាជីវៈរបស់មន្រ្តីរាជការ ភ្នាក់ងារកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមួយចំនួន។

ដើម្បីលើកកម្ពស់ការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងដីធ្លី ព្រៃឈើ បរិស្ថាន និងធនធានធម្មជាតិ ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមបានផ្ដល់គោលការណ៍ណែនាំសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធិភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការរៀបចំផែនការប្រើប្រាស់ដីធ្លីស្របតាមការរីកចំរើនរបស់ជាតិ, ការពង្រឹងមន្រ្តី និងអាជ្ញាធមានសមត្ថកិច្ច, ការចុះបញ្ជីដីធ្លី និងការដោះស្រាយទំនាស់ដីធ្លី, ការអភិរក្ស និងអភិវឌ្ឍន៍សហគមន៍ជនជាដើមភាគតិច។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ផ្ដល់ការណែនាំបន្ថែមទៀតដែរ អំពីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព, ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ, ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសយន្តការច្រកចេញចូលតែមួយ, ការខិតខំប្រមូលសំណើរ សំណូមពរ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសការបហរមូល និងឆ្លើយតបតាមរយៈបណ្ដាញសង្គម ដោយមានយន្តការដោះស្រាយជាក់លាក់ និងការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

 

អត្ថបទដែលជាប់ទាក់ទង