សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញ ជាអធិបតីភាព ក្នុងពិធីបំបែកកំណត់ត្រាឯតទគ្គកម្ម ទូក «ង» វែងជាងគេ លើពិភពលោក
នៅព្រឹកថ្ងៃច័ន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែ វិច្ឆិកាឆ្នាំ២០១៨ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ជើញ ជាអធិបតីភាព ក្នុងពិធីបំបែកកំណត់ត្រាឯតទគ្គកម្ម ទូក «ង» វែងជាងគេ លើពិភពលោក នៅតំបន់អ្នកលឿងត្រើយខាងកើត ស្ថិតនៅឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
សូមបញ្ជាក់ដែរថា ទូក «ង» ដែលត្រៀមបំបែកឯតទគ្គកម្មនិងកត់ត្រា
នៅក្នុងសៀវភៅ World Guinness Record នេះ ត្រូវបានប្រសិទ្ធនាមថា
«កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យថា
«ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា»។
ទូកនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤ ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ
ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស
ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកចំណុះបាន ១៧៩នាក់ ។