សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមព្រះរាជពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ប៉ុស្តិ៍សុខភាពសម្ដេចព្រះសង្ឃរាជ បួរ គ្រី
នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមព្រះរាជពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ប៉ុស្តិ៍សុខភាពសម្ដេចព្រះសង្ឃរាជ បួរ គ្រី ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ប៉ុស្តិ៍សុខភាពសម្ដេចព្រះសង្ឃរាជ បួរ គ្រី មានទីតាំងស្ថិតបរិវេណទីអារាមវត្តព្រះឥន្ទសាមគ្គីធម៌ នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ អញ្ជើញអមព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនាឱកាសនោះ រួមមាន សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចចៅហ្វាវាំងវរៈវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្តម លោកជំទាវ ឥស្សរជនថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំអាជ្ញាធរក្រោមជាតិជាច្រើនរូបទៀត។
មានព្រះរាជបន្ទូលនាឱកាសដ៏មហាប្រសើថ្លៃថ្លានោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី បានកោតសរសើរ និងអរគុណ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ព្រមទាំងសហការី ដែលបានយកចិត្តទុកដាក់ជួយសម្របសម្រួលទាំងផ្នែករដ្ឋបាល និងបច្ចេកទេសក្នុងដំណើរការការកសាងប៉ុស្ដិ៍សុខភាពនេះ។
ជាមួយគ្នានេះព្រះអង្គក៏បានមានព្រះរាជបន្ធូល អរគុណអភិបាលខេត្តកណ្ដាល ដែលបានរាយការណ៍អំពីកិច្ចសហការរួមរវាងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាស្ថិរភាពសង្គមប្រកបដោយសេចក្ដីសុខ និងការអភិវឌ្ឍមូលដ្ឋានគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជឱង្ការថា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ព្រះរាជទាននូវរថយន្ដសង្គ្រោះបន្ទាន់ មួយគ្រឿង និងព្រះរាជទ្រព្យសម្រាប់ជាវម៉ាស៉ីនធ្វើតេស្ដឈាមមួយគ្រឿង សម្រាប់ប្រើប្រាស់ក្នុងប៉ុស្ដិ៍សុខភាពនេះ។
ព្រះអង្គបានមានព្រះរាជបន្ទួលទៀតថា ប៉ុស្ដិ៍សុខភាពនេះ ពិតមែនតែមានទំហំតូច ប៉ុន្ដែជាទីកន្លែងសម្រាប់ជួយសម្រាលបន្ទុកសុខាភិបាលមួយកម្រិត ដើម្បីឲ្យប្រជារាស្ដ្រអាចមកព្យាបាល និងពិគ្រោះជំងឺបានជារៀងរាល់ថ្ងៃ ហើយក្នុងករណីមានជំងឺធ្ងន់ធ្ងរ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ អាចបញ្ជូនបន្ដទៅព្យាបាលនៅមន្ទីរពេទ្យស្រុក ឬខេត្តទៀត៕