ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមពិធីបុណ្យសម្ពោធឆ្លង អាស្រមមរតកចក្រី ស្ថិតនៅក្នុងបរិវេណភូមិគ្រឹះសម្ដេចអគ្គមហាពញាចក្រី

ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ពិធីឆ្លង អាស្រមមរតកចក្រី ដ៏អធិកអធមនេះ ក៏មានការអញ្ជើញចូលរួមដែរពីសំណាក់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ, ឯកឧត្តម លោកជំទាវ ជាសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា, ឯកឧត្តម លោកជំទាវ ជាសមាជិករាជរដ្ឋាភិបាល, មន្រ្តីជាន់ខ្ពស់ក្រសួងស្ថាប័ន, ថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងកងកម្លាំង, ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន, ប្រជាពលរដ្ឋ, ព្រមទាំងក្រុមគ្រួសារសម្ដេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សាជាច្រើនរូបទៀត។ 

នៅក្នុងកិច្ចប្រកបដោយមហាកុសល និងសិរីសួស្ដីនោះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងសម្ដេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនានា បានអញ្ជើញចូលរួមពិធីបូជាទានធូប ផ្កាភ្ញី និងគ្រឿងសក្ការៈ ថ្វាយព្រះរតនត្រៃ វត្ថុសក្ដិស័ទ្ធក្នុងលោក ទេព្ដារក្សាទឹកដីនៃភូមិគ្រឹះ និងទេព្តាអភិបាលរក្សា អាស្រមមរតកចក្រី ជាមួយសម្ដេចអគ្គអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងក្រុមគ្រួសារ ដើម្បីចំរើនផល្លាអានិសង្ឃ និងបួងសួងសូមពរ សូមជ័យ សូមសេចក្ដីសុខ ត្រជាក់ត្រជុំ ចំរុងចំរើន ជូនចំពោះជាតិ និងប្រជាជនកម្ពុជា។ 

ក្រោមកិច្ចដឹកនាំពីធីសាសនា ដោយអ្នកឧកញ៉ាភក្ដីព្រះស្ដេច ជាអាចារ្យអធបតី សម្ដេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងសម្ដេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាតិ បានប្រគេនទេយ្យទាន មានបច្ច័យទាំងឡាយ៤ ថ្វាយប្រគេនសម្ដេចព្រះសង្ឃ សម្ដេចព្រះរាជាគណៈ និងព្រះមន្រ្តីសង្ឃ ដើម្បីឧទ្ទិសថ្វាយព្រះរាជមហាកុសល និងជូនកុសលផលបុណ្យ ថ្វាយជូនដួងព្រះវិញាណក្ខន្ធព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់, វីរៈបុរសជាថ្នាក់ដឹកនាំជាតិនិងវីរជនស្នេហាជាតិគ្រប់ជំនាន់ ព្រមទាំងបុព្វការីជនទាំងឡាយ។ សម្ដេចព្រះសង្ឃ សម្ដេចព្រះរាជាគណៈ និងព្រះមន្ត្រីសង្ឃ ក៏បានយាង និងនិមន្តសូត្រព្រះធម៌ផ្សាយព្រះរាជមហាកុសល និងកុសល ព្រមទាំងប្រោះព្រំបុទមពរជ័យដល់ អាស្រមមរតកចក្រី ដើម្បីចំរើនសិរីជ័យមង្គលវិបុលសុខគ្រប់ប្រការ។ 

នៅក្នុងឱកាសនៃពិធីសម្ពោធឆ្លង អាស្រមមរតកចក្រី នេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងសម្ដេច ឯកឧត្តម លោកជំទាវ និងអង្គពិធី បានបន្តអញ្ជើញចូលរួមពិធីប្រលែងកូនត្រីចម្រុះចូលទៅក្នុងស្រះនៃ អាស្រមមរតកចក្រី ជាមួយសម្ដេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ដើម្បីផ្សាយមេត្តាធម៌ ជាធម៌ដ៏ប្រពៃដែលព្រះសម្មាសម្ពុទ្ធបានត្រាស់សម្ដែង មុននឹងសម្ដេចអគ្គមហាពញាចក្រី បន្តអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្រុងស្រុក និងខេត្ត នៃខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ 

ក្នុងពិធីសំណេះសំណាលនោះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងជំរុញលើកទឹកចិត្តអាជ្ញាធរ មន្រ្តីរាជការទំាងអស់ បង្កបរិយាកាសដល់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ជាពិសេសការពង្រីកមុខរបរកសិកម្ម ការបង្កបង្កើនផល និងចិញ្ចឹមសត្វ ក្នុងវិស័យវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារនិងសេដ្ឋកិច្ចជាតិ។  

សម្តេចប្រធានរដ្ឋសភា ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានបន្តលើកកម្ពស់បន្ថែមទៀតការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដូចជាការងារអត្រានុកូលដ្ឋានជាដើមនិងត្រូវបន្តអនុវត្តឱ្យបានល្អនូវគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» ជាពិសេសការចូលរួមអនុវត្ត និងផ្សព្វផ្សាយ វិធានការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។ 

សម្តេចអគ្គមហាពញាចក្រីក៏បានមានប្រសាសន៍ថា កោតសរសើរ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបានគ្រប់គ្រង និងដោះស្រាយវិបត្តិជំងឺកូវីដ១៩ បានទាន់ពេលវេលា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការណ៍ច្បាស់លាស់ ម៉ឺងម៉ាត់ ហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ ពិសេសការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ កម្មករបាត់បង់ការងារ ស្រ្តីមានផ្ទៃពោះ និងក្មេងអាយុក្រោម ២ឆ្នាំ និងវិធានការអន្តរាគមន៍ផែ្នកសេដ្ឋកិច្ច ដែលក្នុងនោះការអនុគ្រោះពន្ធ ការអនុញ្ញាតមិនឱ្យបង់ប្រាក់វិភាគទានធានារ៉ាប់រងហានិភ័យការងារ និងថែទាំសុខភាព ការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន និងការជួយឧបត្ថម្ភ សហគ្រាសខ្នាតតូច និងមធ្យម ផងដែរ។  

នៅក្នុងនោះដែរ សម្តេចអគ្គមហាពញាចក្រីក៏បានលើកទឹកចិត្តអាជ្ញាធរ មន្រ្តីគ្រប់ជាន់ថ្នាក់ ចូលរួមចំណែកខិតខំលើកកម្ពស់វិស័យអប់រំ តាមរយៈការបង្កលក្ខណៈសម្បត្តិសិក្សាពីចម្ងាយ ដែលជាយន្តការរបស់ក្រសួងអប់រំយុវជននិងកីឡា នៅក្នុងពេលរាតត្បាតជំងឺកូវីដ១៩ និងបានស្នើអាជ្ញាធរជួយជំរុញក្មួយៗ យុវជន យុវនារី ខិតខំសិក្សាជំនាញបច្ចេកទេស ដើម្បីប្រកបវិជ្ជាជីវៈដែលឆ្លើយតបនឹងតម្រូវការងារ និងការវិវឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យាទំនើបសព្វថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង