ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ

នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ប្រារព្ធនៅសាលមហោរស្រព ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេច ព្រមទាំងអង្គពិធី ដោយបានគូសបញ្ជាក់អំពីទិដ្ឋភាពទូទៅ និងវឌ្ឍនភាពនៃវិស័យសំខាន់ៗក្នុងរដ្ឋបាលខេត្តក្រចេះ ដូចជាវិស័យកសិកម្ម, អប់រំ, សុខាភិបាល, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសការផ្ដល់សេវាធារណៈ និងការធ្វើវេទិកាសាធារណៈ, ការទប់ស្កាត់ការកាប់រុករានទន្ទ្រានដីព្រៃ និងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ឯកឧត្តមអភិបាលខេត្តបានបន្តថារដ្ឋបាលខេត្តក្រចេះ បានយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយបានអនុវត្តវិធានការផ្សព្វផ្សាយអប់រំ, ត្រួតពិនិត្យសុខភាពជូនប្រជាពលរដ្ឋឆ្លងកាត់ព្រំដែន និងវិលពីក្រៅប្រទេស, រៀបចំទីតាំង និងដាក់ឱ្យធ្វើចត្តាឡីស័ក, និងការអនុវត្តគោលនយោបាយឧបត្ថម្ភប្រាក់ជូនប្រជាពលរដ្ឋក្រីក្រក្នុងអំឡុងពេលវិបត្តិកូវីដ១៩។

ឯកឧត្តមបានសម្ដែងសេចក្ដីសង្ឃឹមជឿជាក់ថា តាមរយៈវត្តមានឯកឧត្តម ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រដ្ឋបាលខេត្តនឹងកាន់តែទទួលបានការជួយជ្រោមជ្រែងប្រកបដោយស្មារតីសាមគ្គីភាព ធ្វើឱ្យការងារគ្រប់វិស័យបន្តមានវឌ្ឍនភាព ពិសេសការជំរុញប្រសិទ្ធភាពនៃការងារអភិបាលកិច្ច ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយកង្វល់ សំណូមពរ ព្រមទាំងបញ្ហាប្រឈមជូនប្រជាពលរដ្ឋ។

ឯកឧត្តម ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានសម្ដែងមោទនភាពចំពោះរាជរដ្ឋាភិបាលដែលបានផ្ដល់ជំនឿទុកចិត្តប្រគល់ភារកិច្ចជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តក្រចេះ។ ឯកឧត្តមក៏បានមើលឃើញច្បាស់ពីទំហំនៃការទទួលខុសត្រូវរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោមថា«ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ពុំមានតួនាទី ឬសិទ្ធិសម្រេចកិច្ចការជំនួសក្រសួងស្ថាប័ននៅថ្នាក់ក្រោមជាតិឡើយ... ហើយក៏ពុំមានតួនាទីចាត់ចែងការងារជំនួសរដ្ឋបាល និងអាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់ក្រោមជាតិផងដែរ»។

ឯកឧត្តមប្រធានក្រុមការងារបានគូសបញ្ជាក់ថា ទន្ទឹមនឹងលទ្ធភាព ព្រមទាំងឱកាសនាពេលបច្ចប្បន្ននេះ ខេត្តក្រចេះនៅតែបន្តប្រឈមនឹងឧបសគ្គធំៗ មានជាអាទិ៍ បាតុភាពអសកម្មនៅមូលដ្ឋានពាក់ព័ន្ធនឹងទំនាស់ដីធ្លី, បញ្ហាព្រៃឈើ, បញ្ហាអាជីវកម្មរ៉ែ, និងបញ្ហាបរិស្ថាន ព្រមទាងគុណភាព និងប្រសិទ្ធិភាពនៃការផ្ដល់សេវាសាធារណៈបំរើជីវភាពប្រជាជននៅមូលដ្ឋាន។ ឯកឧត្តមបន្តថាបញ្ហានេះ បានជះឥទ្ធិពលដល់សាធារណៈមតិ និងបង្ករការថ្នាំងថ្នាក់ចំពោះប្រជាពលរដ្ឋ និងទាមទារការរួមគ្នាពុះពារដោះស្រាយឱ្យបានជាដាច់ខាត។

អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានកោតសសើរឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អតីតប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងក្រុមការងារគ្រប់លំដាប់ថ្នាក់ រដ្ឋបាលគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពនានា ដែលបានរួមគ្នាប្រកបដោយស្មារីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាការពារសុខសន្តិភាព ស្ថេរភាពនិយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

សម្ដេចក៏បានថ្លែងកោតសសើរគ្រប់ភាគីពាក់ព័ន្ធនៃរដ្ឋបាលខេត្តក្រចេះ ចំពោះការចូលរួមពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ និងបានចូលរួមដោះស្រាយបញ្ហានានាបណ្ដាលមកពីវិបត្តិនៃជំងឺនេះ, ធានាប្រក្រតីភាពនៃការងារគ្រប់គ្រងរដ្ឋបាល និងការផ្ដល់សេវាសាធារណៈ ព្រមទាំងអភិវឌ្ឍន៍ខេត្តក្រចេះឱ្យបន្តរីកចំរើនគ្រប់វិស័យ រួមចំណែករក្សាលំនឹងសេដ្ឋកិច្ច និងសង្គម ក្នុងកាលៈទេសៈដែលពិភពលោកកំពុងទទួលរងផលប៉ះពាល់បណ្ដាលមកពីជំងឺកូវីដ១៩។

សម្ដេចបានគូសបញ្ជាក់ថា អាស្រ័យដោយមានការកែសម្រួលសមាជិករាជរដ្ឋាភិបាលមួយចំនួន រួមទាំងការផ្លាស់ប្ដូររដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈផងនោះ រាជរដ្ឋាភិបាលសម្រេចផ្លាស់ប្ដូរប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះពីឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន មកឱ្យឯកឧត្តម ព្រំ សុខា និងថាការកែសម្រួលនេះ ជាអ្វីដែលរាជរដ្ឋាភិបាលបានអនុវត្តជាបន្តបន្ទាប់ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារ។

សម្ដេចក្រឡាហោម ក៏បានលើកឡើងអំពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា និងវិធានការដោះស្រាយប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺ, ការដោះស្រាយផលប៉ះពាល់នានាពីជំងឺនេះ និងការត្រៀមស្ដារសេដ្ឋកិច្ចឡើងវិញ។ ជាមួយគ្នានេះ សម្ដេចបានគូសបញ្ជាក់ថាការផ្ទេរសមត្ថកិច្ចសុខាភិបាលមកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ជាហេតុផលមួយនៃការធានាប្រសិទ្ធភាពនៃការងារទប់ស្កាត់ការីករាលជំងឺកូវីដ១៩ ក្នុងនោះរដ្ឋបាលខេត្តក្រចេះបានធ្វើការងារនេះទទួលបានលទ្ធផលយ៉ាងល្អ។

សម្ដេចបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្រ្តប្រែក្លាយទឹកដីខេត្តក្រចេះទៅជាតំបន់កសិកឧស្សាហកម្ម និងជាតំបន់អេកូទេសចរណ៍ ដែលធានារក្សាការពារធនធានធម្មជាតិ បរិស្ថាន សំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភព និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ យ៉ាងណាក៏ដោយ សម្ដេចបានកត់សំគាល់ថាខេត្តក្រចេះក៏ប្រឈមនឹងបញ្ហាមួយចំនួន ដូចជាបញ្ហាដីធ្លី ការអភិរក្សធនធានធម្មជាតិ ពិសេសព្រៃឈើ និងបញ្ហាបរិស្ថាន ដែលទាមទារនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីដោះស្រាយ សំដៅធានាការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់រយៈពេលពីមធ្យមទៅរយៈពេលវែង។

សម្ដេចបានណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល ត្រូវសហការជាមួយក្រសួងស្ថាប័ន គាំទ្ររដ្ឋបាលខេត្តក្រចេះ មន្ទីរអង្គភាពជំនាញ និងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីបន្តពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដោយខិតខំពង្រឹងជំនាញមន្ត្រីមានសត្ថកិច្ចក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេសបទល្មើសព្រៃឈើ គ្រឿងញៀន និងអំពើលួចឆក់ប្លងន់ ដោយខិតខំបំផុសចលនាចូលរួមពីគ្រប់មជ្ឈដ្ឋានតាមរយៈការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

សម្ដេចបានសម្ដែងក្ដីបារម្ភចំពោះការចែកចាយគ្រឿងញៀននៅតាមតំបន់ជនបទ និងបានណែនាំឱ្យរដ្ឋបាលខេត្តក្រងស្រុកឃុំសង្កាត់ទូទាំងខេត្តក្រចេះ បន្តយកចិត្តទុកដាក់ដោះស្រាយទប់ស្កាត់កុំឱ្យគ្រឿងញៀនរាលដាលចូលទៅក្នុងសហគមន៍ជនបទ។ ជាមួយគ្នានេះ សម្ដេចក៏បានណែនាំបន្តដឹកនាំអនុវត្តការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលជាឃាតករសម្លាប់ជីវិតប្រជាពលរដ្ឋ និងធ្វើឱ្យមានអ្នករងរបួស និងខូចខាតទ្រព្យសម្បត្តិជារៀងរាល់ថ្ងៃ ខណៈចាប់តាំងពីមានការរឹតបន្តឹងច្បាប់មក សម្ដេចអះអាងថាចំនួនអ្នកស្លាប់ និងរបួសបានថយចុះប្រមាណពាក់កណ្ដាល បើធៀបនឹងមុនពេលមានការអនុវត្តច្បាប់។

សម្ដេចបានបន្តណែនាំឱ្យរដ្ឋបាលខេត្តយកចិត្តទុកដាក់អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រមទាំងអង្គការសុខភាពពិភពលោក ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩តាមសហគមន៍ ពិសេសត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះអំឡុងពេលនៃការឈប់សំរាកសងថ្ងៃបុណ្យចូលឆ្នាំថ្មី និងត្រូវបន្តខិតខំប្រឹងប្រែងប្រើប្រាស់សក្ដានុពលក្នុងខេត្តជំរុញសកម្មភាពសេដ្ឋកិច្ច និងបង្កើតការងារនានានៅក្នុងខេត្តជូនប្រជាពលរដ្ឋ ហើយត្រូវបន្តយកចិត្តទុកដាក់គាំទ្រការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រក្នុងអំឡុងពេលជំងឺកូវីដ១៩ ស្របតាមកម្មវិធីរបស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោមក៏បានណែរដ្ឋបាលខេត្ត និងក្រុមការងារចុះមូលដ្ឋានខេត្ត ត្រូវបន្តចូលរួមសហការ និងអនុវត្តឱ្យបានជោគជ័យនូវកំណែទម្រង់វិម្ឈការ និងវិសហមជ្ឈការ ពិសេសការផ្ទេរមុខងារ សិទ្ធិ អំណាច ធនធាន និងថវិកាពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ, លើកម្ពស់ការអភិរក្សធនធានធម្មជាតិ, ខិតខំដោះស្រាយ និងសម្របសម្រួលជម្លោះនានានៅមូលដ្ឋាន ពិសេសជម្លោះដីធ្លី ដោយឈរលើគោលការណ៍សន្តិវិធី និងច្បាប់ ព្រមទាំងលុបបំបាត់ការអន្តរាគមន៍ខុសតួនាទី និងសមត្ថកិច្ច, គាំទ្រការអនុវត្តការងាររបស់ក្រសួងរៀបចំដែនដី ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម, ពង្រឹង និងលើកកម្ពស់ការផ្ដល់សេវាសាធារណៈ, ពង្រឹងលើកកម្ពស់វិស័យទេសចរណ៍, ស្វែងយល់ពីតម្រូវការចាំបាច់ក្នុងមូលដ្ឋាន ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋក្រីក្រ។

សម្ដេចក្រឡាហោមក៏បានទាញចំណាប់អារម្មណ៍ឱ្យរដ្ឋបាលខេត្តក្រចេះសិក្សារៀបចំប្លង់តំបន់អភិវឌ្ឍន៍ និងកំណត់តំបន់ត្រូវអភិរក្ស ដោយភ្ជាប់នឹងការអភិរក្សធនធានធម្មជាតិ និងត្រូវកំណត់ប្លង់គោលឱ្យបានត្រឹមត្រូវដើម្បីបញ្ចៀសបញ្ហាអាណាធិបតេយ្យនៅពេលមានសន្ទុះនៃការអភិវឌ្ឍ ត្រូវរៀបចំផែនការលើកស្ទួយបងប្អូនជនជាតិដើមភាគតិចឱ្យបានល្អប្រសើរ ព្រមទាំងរៀបចំការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងខេត្តដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារទៅតាមទស្សនៈវិស័យរបស់ខេត្ត និងរាជរដ្ឋាភិបាល។

មុននឹងបញ្ចប់ សម្ដេចបានណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ត្រូវពិភាក្សារៀបចំវិធីសាស្ត្រជាក់ស្ដែងដោយផ្អែកលើគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដោយប្រធានក្រុមការងារ ត្រូវដឹកនាំ និងទទួលខុសត្រូវគ្រប់គ្រងសកម្មភាពការងារ ក្នុងការត្រួតពិនិត្យកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនៅគ្រប់មូលដ្ឋានទូទាំងខេត្ត ដោយក្រុមការងារមិនមានតួនាទី និងសិទ្ធិសម្រេចជំនួសក្រសួងជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិនោះទេ ប៉ុន្តែត្រូវសម្របសម្រួល និងជួយគាំទ្រដល់កិច្ចការទាំងឡាយរបស់រដ្ឋបាលខេត្តដើម្បីសម្រេចបានជោគជ័យក្នុងការងារបំរើជាតិ និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង