ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ស្ដីពី កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ស្ដីពី កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ ប្រារព្ធនៅទីស្ដីក្រសួងមហាផ្ទៃ។

អញ្ជើញមានប្រសាសន៍ស្វាគមន៍សម្ដេច ព្រមទាំងអង្គសិក្ខាសាលា លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានគូសបញ្ជាក់ថាវត្តមានរបស់សម្ដេច និងអង្គសិក្ខាសាលានាថ្ងៃនេះ គឺជាការបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះជោគវាសនារបស់កម្ពុជា ក៏ដូចជាការជួយដល់ពលករទេសន្តប្រវេសន៍ និងក៏ជាការធ្វើសេចក្ដីសម្រេចចិត្តរួមគ្នាចំពោះគោលបំណងនៃកតិកាសញ្ញាពិភពលោកស្ដីពីទេសន្តប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ក្នុងស្ថានភាពបច្ចុប្បន្ននេះ។

លោកជំទាវរដ្ឋលេខាធិការបានរំលឹកជូនសម្ដេច និងអង្គពិធីអំពីសវតានៃការឈានទៅចូលរួមអនុម័តកតិកាសញ្ញាស្ដីពិភពលោកស្ដីពីទេសន្តប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានបន្ថែថាផ្អែកលើកតិកាសញ្ញានេះ កម្ពុជាបានជ្រើសរើសគោលបំណងអាទិភាព៣ឆ្លើយតបនឹងស្ថានភាពកម្ពុជា គឺធានាថាជនទេសន្តប្រវេសន៍មានភស្តុតាងអត្តសញ្ញាណ និងមានឯកសារគ្រប់គ្រាន់, គ្រប់គ្រងព្រំដែនរួមគ្នាដោយសុវត្ថិភាព និងស៊ីសង្វាក់គ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូសាកលសម្រាប់ជនទេសន្តប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់។

លោកជំទាវបន្តថាក្រុមការងារចម្រុះកម្ពុជា ក៏បានជ្រើសរើសយកជម្រើសបំរុង៤ទៀតសម្រាប់ការពិភាក្សាយកជាជំរើសអាទិភាព រួមមាន ការប្រមូល និងប្រើប្រាស់ទិន្នន័យអាចជឿជាក់បាន និងមានការបែងចែកតាមភេទជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយផ្អែលើទិន្នន័យពិត, ដោះស្រាយ និងកាត់បន្ថយភាពងាយរងគ្រោះក្នុងដំណើរការទេសន្តប្រវេសន៍, ពង្រឹងឱ្យបាន និងត្រៀមទុកជាមុននូវនីតិវិធីទេសន្តប្រវេសន៍សម្រាប់ការត្រួតពិនិត្យដោយសមស្រប ការប៉ាន់ប្រមាណបញ្ហា និងការបញ្ជូន, និងធ្វើឱ្យប្រសើរឡើងនូវការបញ្ជូន និងការផ្ទេរប្រាក់បានឆាប់រហ័ស មានសុវត្ថិភាព តម្លៃទាប និងដាក់បញ្ចូលជាហិរញ្ញវត្ថុរបស់ជនទេសន្តប្រវេសន៍។

លោកជំទាវបន្តថាតាមរយៈសិក្ខាសាលានៅថ្ងៃនេះ កម្ពុជានឹងសម្រេចជ្រើសរើសយកជម្រើសបំរុងណាមួយ មកធ្វើជាជម្រើសអាទិភាព ហើយដាក់បញ្ចូលជម្រើសទាំងនោះទៅក្នុងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល និងផ្សព្វផ្សាយជូនថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័នឱ្យបានជ្រាប និងចូលរួមអនុវត្តដើម្បីធានាការពារសិទ្ធិ និងផលប្រយោជន៍ពលករទេសន្តប្រវេសន៍ ពិសេសដើម្បីសុវត្ថិភាព រៀបរយ និងភាពស្របច្បាប់នៃជនទេសន្តប្រវេសន៍។

នៅក្នុងឱកាសនោះដែរ លោកស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការIOM និងជាតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានអញ្ជើញថ្លែងចំណាប់អារម្មណ៍ជូនសម្ដេច និងអង្គសិក្ខាសាលា ដោយលោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងការងារដែលពាក់ព័ន្ធនឹងការការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករទេសន្តប្រវេស៍ ជាពិសេសនៅក្នុងស្ថានភាពដែលបញ្ហាជំងឺឆ្លងកូវីដ១៩បានធ្វើឱ្យមានលំហូរពលករទេសន្តប្រវេស៍កម្ពុជាចាកចេញពីប្រទេសថៃ និងវិលទៅដល់ស្រុកកំណើតប្រមាណជាជាង១០ម៉ឺននាក់។

លោកជំទាវបានបន្តថាផ្អែកលើស្ថានភាពកូវីដ១៩ និងគោលដៅជាសាកល កម្ពុជា និងរដ្ឋជាសមាជិកផ្សេងទៀតនៃកតិកាសញ្ញា គួរតែបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានកាន់តែល្អប្រសើរដើម្បីជួយដល់ជនទេសន្តប្រវេសន៍ដែលកំពុងតែប្រឈមនឹងភាពគ្មានការងារធ្វើ និងការបិទព្រំដែន ហើយទន្ទឹមនឹងនេះ បន្ទាប់ពីមានការបើកព្រំដែនឡើងវិញ ថាតើយើងត្រូវជួយពួកគេយ៉ាងដូចម្ដេចខ្លះដើម្បីធានាពួកគេធ្វើដំណើរដោយសុវត្ថិភាព និងធ្វើឱ្យពួកគេសម្រេចតាមគោលដៅនៃការចំណាកស្រុក ព្រមទាំងជួយអ្វីខ្លះដល់ក្រុមគ្រួសាររបស់ពួកគេនៅស្រុកកំណើត។

លោកស្រីបានសម្ដែងក្ដីសង្ឃឹមថាកម្ពុជានឹងអាចជ្រើសរើសគោលបំណងអាទិភាពបានសមស្រប និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងសម្រាប់ការងារទេសន្តប្រវេសន៍ និងធ្វើឱ្យមានវឌ្ឍនភាពក្នុងការងារនេះ ដើម្បីសម្រេចតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ លោកជំទាវក៏បានបង្ហាញការប្ដេជ្ញាចិត្តជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ពិសេសនៅក្នុងស្ថានភាពប្រឈមមុខនឹងវិបត្តិកូវីដ១៩ ទាំងជំនួយទូទៅ និងដោយឡែកនៅក្នុងការអនុវត្តកតិកាសញ្ញា ដើម្បីឱ្យជនទេសន្តប្រវេសន៍ធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គសិក្ខាសាលា ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានចាត់ទុកសិក្ខាសាលានៅថ្ងែនេះ ថាជាការបង្ហាញពីការវិវត្តន៍ទៅមុខនៃការអនុវត្តកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នៅកម្ពុជា និងបានថ្លែងអំណរគុណ ព្រមទាំងកោតសរសើរចំពោះកិច្ចសហការពីតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ពិសេសអង្គការទេសន្តប្រវេសន៍IOM។

សម្ដេចឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា កតិកាសញ្ញានេះ គឺផ្ដើមចេញពីកង្វល់របស់ពិភពលោកជុំវិញបញ្ហាទេសន្តប្រវេន៍ ដែលតែងតែរងនូវភាពប្រឈមក្នុងការធ្វើទេសន្តប្រវេសន៍ស្វែងរកការធ្វើ ដែលតាមការស្រាវជ្រាវបង្ហាញថាជាទូទៅ ជនទេសន្តប្រវេសន៍ភាគច្រើនដែលគ្មានជំនាញ និងមិនស្របច្បាប់ តែងស្ថិតក្នុងស្ថានភាពលំបាក និងរងគ្រោះច្រើនជាងអ្នកដែលមានជំនាញ និងស្របច្បាប់ ហើយថាជនទេសន្តប្រវេសន៍ដែលចេញទៅធ្វើការដោយខ្វះកិច្ចសហការការពារផ្នែកច្បាប់ តែងតែប្រឈមនឹងការជួញដូរ រំលោភបំពានតាមបែបទាសភាព ធ្លាក់ខ្លួនរបួស ពិការរាងកាយ វង្វេងស្មារតី រហូតដល់ស្លាប់។

សម្ដេចបានបន្តថាក្នុងដំណាក់កាលបច្ចុប្បន្ន ការធ្វើទេសន្តប្រវេសន៍នៅជុំវិញពិភពលោក កាន់តែមានការប្រឈមខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ១៩នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ ខណៈការឆ្លងថ្មីត្រូវបានរកឃើញជារៀងរាល់ថ្ងៃ នាំឱ្យមានការប្រឈមខ្លាំងនៅបណ្ដាប្រទេសគោលដៅដែលពលករទេសន្តប្រវេន៍ចេញទៅស្វែងរកការងារធ្វើ ដូចជារោងចក្រសហគ្រាសមានការរាំងស្ទះ និងផ្អាកសកម្មភាព ខណៈការបិទព្រំដែនក៏ក្លាយជាមូលហេតុមួយ ធ្វើឱ្យពលករគិតថាគួរតែបន្តស្នាក់នៅទាំងគ្មានការធ្វើ ឬវិលមកជួបជុំក្រុមគ្រួសារនៅប្រទេសកំណើត។

សម្ដេចបានរំលឹកថាក្នុងអំឡុងពេលកូវីដ១៩នេះ មានពលករទេសន្តប្រវេសន៍កម្ពុជាវិលមកពីប្រទេសថៃប្រមាណជាជាង១០ម៉ឺននាក់ ដោយរាជដ្ឋាភិបាលកម្ពុជាបានព្យាយាមអស់ពីលទ្ធភាពក្នុងការទទួលពួកគាត់ពីគ្រប់ច្រកព្រំដែនទាំងអស់ ដើម្បីធានាកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ទាំងសម្រាប់ពួកគាត់ និងការឆ្លងទៅដល់សហគមន៍។ សម្ដេចយល់ថាស្ថានភាពនេះមិនអាចនឹងបញ្ចប់ឆាប់ៗនោះទេ ដូច្នេះកិច្ចការពារ និងជួយដល់ពលករទេសន្តប្រវេសន៍ គឺនៅតែជារឿងចាំបាប់ដែលគ្រប់ភាគីត្រូវយកចិត្តទុកដាក់រួមគ្នាដោះស្រាយ ពិសេសរវាងប្រទេសដើម និងប្រទេសគោលដៅ។

សម្ដេចបានគូសបញ្ជាក់ថាដើម្បីដោះស្រាយបញ្ហាទេសន្តប្រវេសន៍ក្នុងស្ថានភាពកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងជិតស្និតជាមួយអង្គការសហប្រជាជាតិដើម្បី ក្នុងនោះក៏មានអនុម័តកតិកាសញ្ញាជួយដល់ពលករទេសន្តប្រវេសន៍ ហើយសម្ដេចផ្ទាល់ក៏បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាបន្តបន្ទាប់ដែរ។ សម្ដេចបន្តរហូតដល់ពេលនេះ ផ្អែកតាមយន្តការកតិកាសញ្ញា កម្ពុជាបានជ្រើសរើសគោលបំណងអាទិភាព៣ និងនៅសល់គោលបំណងបំរុង៤ដែលត្រូវប្រជុំជ្រើសរើសជាអាទិភាពដាក់ចូលក្នុងផែនការសកម្មភាពសម្រាប់ឆ្នាំជាបន្ត ដើម្បីធានាថាការធ្វើទេសន្តប្រវេសន៍ចេញ និងចូលប្រទេសកម្ពុជាមានសុវត្ថិភាព រៀបរយ និងស្របច្បាប់។

ពាក់ព័ន្ធនឹងគោលបំណងបំរុងទាំង៤ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្ដោតលើវិស័យ៤ គឺការការពារជនទេសន្តប្រវេសន៍ ទាំងប្រក្រតី និងមិនប្រក្រតី ទាំងអ្នកមានគម្រោងចាកចេញ អ្នកកំពុងធ្វើការនៅក្រៅប្រទេស និងអ្នកវិលត្រឡប់, ការគ្រប់គ្រងរៀបចំប្រព័ន្ធទិន្នន័យសម្រាប់កត់ត្រាជនទេសន្តប្រវេសន៍ដើម្បីងាយដាក់ចេញវិធានការឆ្លើយតបបញ្ហាប្រឈម, ការគាំទ្រការវិលត្រឡប់ និងការធ្វើសមាហរណកម្មសម្រាប់ពលករទេសន្តប្រវេសន៍ ដោយមានកិច្ចសហការពីប្រទេសគោលដៅដើម្បីកំណត់វិធានការពារ ពិសេសស្រ្តី និងកុមារ, និងការកំណត់ការផ្ដល់អត្តសញ្ញាណស្របច្បាប់ ពិសេសសម្រាប់កូនជនទេសន្តប្រវេសន៍បរទេសដែលបានកើតនៅកម្ពុជា។

ផ្អែកលើអ្វីដូចបានគូសបញ្ជាក់នេះ សម្ដេចបានស្នើអង្គសិក្ខាសាលាយកចិត្តទុកដាក់ត្រិះរិះពិចារណាបន្ថែមទៀតលើលទ្ធផលនៃការជ្រើសរើសបឋមដោយក្រុមការងារអន្តរក្រសួង និងផ្អែកលើស្ថានភាព និងលទ្ធផលជាក់ស្ដែងដែលកម្ពុជាបានអនុវត្ត ដើម្បីធ្វើឱ្យយើងអាចសម្រេចបានតាមការរំពឹងទុកនៅក្នុងការធានាថាជនទេសន្តប្រវេសន៍នឹងមានសុវត្ថិភាព រៀបរយ និងស្របច្បាប់ ទៅតាមកតិកាសញ្ញាអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង