ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម គ្រីស្ទាន បែកហ្គឺ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។

ជាកិច្ចស្វាគមន៍នៃជំនួបនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលជានិច្ចជាកាលតែងតែជួយគាំទ្រដល់កម្ពុជាក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់អាល្លឺម៉ង់ក្នុងការជួយដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់កម្ពុជា។

ឯកឧត្តម គ្រីស្ទាន បែកហ្គឺ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានមានប្រសាសន៍ថ្លែងអំណរគុណសម្ដេចក្រឡាហោម និងក្រសួងមហាផ្ទៃ ដែលនៅក្នុងស្ថានភាពជំងឺកូវីដ១៩នេះ បានជួយលើកិច្ចការងារអន្តោប្រវេសន៍ជាច្រើនជូនចំពោះពលរដ្ឋ និងអ្នកទេសចរណ៍អាល្លឺម៉ង់នៅកម្ពុជា។

ឯកឧត្តមបានជម្រាបជូនសម្ដេចថាវត្ថុបំណងរបស់ឯកឧត្តមដែលស្នើសុំជួបសម្ដេចនាពេលនេះគឺពាក់ពាក់ព័ន្ធនឹងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដើម្បីចង់ស្ដាប់ប្រសាសន៍សម្ដេចថាតើមកដល់ពេលនេះបានដំណើរការដល់ចំណុចណា និងថាតើអ្វីជាទស្សនៈវិស័យបន្តទៀតរបស់រាជរដ្ឋាភិបាលនៅក្នុងការជំរុញការងារនេះ។

ឯកឧត្តមបានមានប្រសាសន៍ថារដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ពិតជាយល់យ៉ាងច្បាស់ថាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ពីព្រោះអាល្លឺម៉ង់មានបទពិសោធន៍ខ្លួនឯងផ្ទាល់។ ឯកឧត្តមក៏បង្ហាញឆន្ទៈរបស់រដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការបន្តគាំទ្រកម្ពុជាលើដំណើរការកំណែទម្រង់នេះទៀត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតបានឆ្លៀតមានប្រសាសន៍អំពីបញ្ហាជំងឺកូវីដ១៩ ដោយបានសម្ដែងការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបានធ្វើការងារគួរឱ្យកោតសរសើរពាក់ព័ន្ធនឹងការគ្រប់គ្រងស្ថានភាពជំងឺនេះ។


ឯកឧត្តមក៏បានមានប្រសាសន៍កោតសរសើរក្រសួងមហាផ្ទៃក្នុងការជំរុញ និងបង្កើត ព្រមទាំងដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយកាន់តែច្រើន ដែលការងារនេះឯកឧត្តមចាត់ទុកថាជាជោគជ័យមួយនៅក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។

ឯកឧត្តមក៏បានថ្លែងកោតសរសើរក្រសួងមហាផ្ទៃដែលបានផ្ទេរសមត្ថកិច្ចផ្ដល់សេវាមួយចំនួនកាលពីពេលថ្មីៗនេះ ដូចជាសេវាធ្វើ និងបញ្ជាក់សៀវភៅស្នាក់នៅជាដើម ដែលការងារនេះឯកអះអាងថាជាលទ្ធផលវិជ្ជមានមួយក្នុងដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្ដល់សិទ្ធិអំណាចឱ្យអាជ្ញាធរមូលដ្ឋានកាន់តែច្រើន ដើម្បីងាយស្រួលផ្ដល់សេវាជូនប្រជាពលរដ្ឋកាន់តែរហ័ស និងមានប្រសិទ្ធភាព។

ឯកឧត្តមបានមានប្រសាសន៍ផ្ដល់ការគាំទ្រ និងបន្តការជំរុញលើកទឹកចិត្តជូនសម្ដេច និងក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធនឹងដំណើរការកំណែទម្រង់នេះទាំងអស់ក្នុងការបន្តកិច្ចការដ៏មានសារៈសំខាន់នេះកាន់តែខ្លាំងក្លាថែមទៀត។

ឯកឧត្តមក៏បានបង្ហាញចំណាប់អារម្មណ៍ស្នើសុំរៀបចំទស្សនកិច្ចជាមួយសម្ដេច ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសិក្សាផ្ទាល់នៅតាមមូលដ្ឋានមួយចំនួន ដែលកំពុងអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ជាពិសេសខេត្តបាត់ដំបងដែលជាខេត្តកំពុងអនុវត្តសាកល្បងលើការងារនេះ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតសម្រាបើការវាយតម្លៃជាវិជ្ជមានលើដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ សម្ដេចបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលនៅតែមានការតាំងចិត្តមុតមាំក្នុងការធ្វើកំណែទម្រង់នេះឱ្យបានជោគជ័យតាមផែនការកំណត់។

សម្ដេចបានមានប្រសាសន៍ថាមកដល់ពេលនេះ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាបានឈានដល់ឆ្នាំបញ្ចប់ដំណាក់កាលទី១រយៈពេល១០ឆ្នាំហើយ និងថាពេលនេះរាជរដ្ឋាភិបាលកំពុងបន្តពិនិត្យពិចារណាកសាងផែនការជំហានទី២បន្ទាប់ទៀត ថាតើគួរកំណត់យករយៈពេល៥ឆ្នាំ ឬ១០ឆ្នាំ។

សម្ដេចបានមានប្រសាសន៍ថានៅក្នុងដំណើរការកំណែទម្រង់នេះ កម្ពុជាក៏បានមកដល់ដំណាក់កាលមួយដែលត្រូវតែផ្ទេរនូវធនធាន សិទ្ធិអំណាច ទាំងធនធានមនុស្ស និងថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនេះគឺជាការអនុវត្តស្របទៅនឹងផែនការ១០ឆ្នាំរបស់កំណែទម្រង់នេះ។

ពាក់ព័ន្ធនឹងច្រកចេញចូលតែមួយ សម្ដេចបានមានប្រសាសន៍ថាជាការពិតការងារនេះមានវឌ្ឍនភាពជាច្រើន ជាក់ស្ដែងមកដល់ពេលនេះ ក្រសួងបានរៀបចំការិយាល័យច្រកចេញចូលតែមួយនៅគ្រប់បណ្ដាខេត្តហើយ ក្នុងនោះ៥០ភាគនៃស្រុកទាំងអស់បានរៀបចំដំណើរការរួលរាល់ និងនៅសល់៥០ភាគរយទៀតនឹងបន្តរៀបចំបន្ថែម ពីព្រោះនេះជាសមិទ្ធផលប្រវត្តិសាស្រ្តក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីពួកគាត់។

សម្ដេចបានបន្តថាទោះបីជាដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះមិនទាន់ល្អឥតខ្ចោះក៏ដោយ ប៉ុន្តែនេះគឺជាការចេញដំណើរមួយដ៏ល្អ។

ឆ្លើយតបចំពោះការប្ដេជ្ញាចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការជួយគាំទ្រដល់កំណែទម្រង់នេះ សម្ដេចបានមានប្រសាសន៍ថ្លែងអំណរគុណ ពិសេសការគាំទ្រ និងចូលរួមរៀបចំផែនការកំណែទម្រង់ដំណាក់កាលទី២រយៈពេល៥ឆ្នាំ ឬ១០ឆ្នាំបន្ទាប់។

សម្ដេចបានមានប្រសាសន៍ថានេះគឺកិច្ចការមួយដ៏មានសារៈសំខាន់ចំពោះសង្គមជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្នុងការជំរុញឱ្យដំណើរការកំណែទម្រង់វិមជ្ឈការ និងវសហមជ្ឈការទទួលបានជោគជ័យ។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ សម្រាប់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ និងបានមានប្រសាសន៍ជូនពរឯកឧត្តមដោយភ្ជាប់ជាមួយនឹងការប្ដេជ្ញាចិត្តរបស់សម្ដេចក្នុងការត្រៀមខ្លួនបន្តកិច្ចពិភាក្សាដើម្បីធ្វើឱ្យដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា កាន់តែមានវឌ្ឍនភាពខ្លាំងក្លាថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង