ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការសកម្មភាពឆ្នាំ២០២០របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការសកម្មភាពឆ្នាំ២០២០របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីនៃអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃមួយចំនួនទៀត។

សេចក្ដីព្រាងផែនការសកម្មភាពឆ្នាំ២០២០របស់អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ មានភាពប្រទាក់ក្រឡាគ្នា ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃផែនការយុទ្ធសាស្រ្តសំដៅចូលរួមគាំទ្រដល់គ្រប់កិច្ចប្រតិបត្តិការ ការគ្រប់គ្រងរដ្ឋបាលដែនដី ការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីលើកកម្ពស់ការផ្ដល់សេសវាសាធារណៈ និងការអភិវឌ្ឍ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថ បានធ្វើរបាយការណ៍ជូនសម្ដេច ព្រមទាំងអង្គពិធីថាបន្ទាប់ពីបានរៀបចំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសផ្ទៃក្នុង អគ្គនាយកដ្ឋាន កម្រិតនាយកដ្ឋាន អង្គភាពចំណុះ និងបានប្រជុំឆ្លងថ្នាក់ដឹកនាំរដ្ឋលេខាធិការទទួលបន្ទុករួចមក សេចក្ដីព្រាងផែនការនេះបានដាក់ចេញនូវយុទ្ធសាស្រ្តចំនួន៥ ចង្កោមសកម្មភាពចំនួន២០ សកម្មភាព១០៥ និងសូចនាករ១៥៩។

យុទ្ធសាស្រ្តទាំង៥នៃសេចក្ដីព្រាងផែនការកម្មភាពនេះ រួមមាន ការពង្រឹង និងបង្កើនប្រសិទ្ធភាពការដឹកនាំធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការ, ការពង្រឹង និងបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការពង្រឹង និងបង្កើនប្រសិទ្ធភាពការងារផ្គត់ផ្គង់ភស្តុភារ និងការសិក្សាស្រាវជ្រាវឧបករណ៍បច្ចេកទេស, ការពង្រឹង និងកែលម្អរយន្តការការអប់រំផ្សព្វផ្សាយព័ត៌មាន និងបង្កើនប្រសិទ្ធភាពសេវាសុខាភិបាល និងការពង្រឹងគុណភាពសំណង់ និងវិស្វកម្ម។

នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអគ្គនាយកក៏បានបន្តរាយការណ៍ជូនសម្ដេច ព្រមទាំងអង្គពិធីអំពីការអនុវត្តផែនការកាត់សន្សំចំណាយរបស់ក្រសួងមហាផ្ទៃក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងនោះរួមមានការកាត់សន្សំលើចំណាយប្រេងឥន្ធនៈ និងប្រេងរំអិល, សម្ភារៈការិយាល័យ និងសម្ភារៈបរិក្ខាបច្ចេកទេសព័ត៌មានវិទ្យា, សម្ភារៈ និងបរិក្ខាបច្ចេកទេសមិនមែនព័ត៌មានវិទ្យា សង្ហារឹម និងសម្ភារៈប្រើប្រាស់។

ការកាត់សន្សំចំណាយរបស់ក្រសួងមហាផ្ទៃ ក៏បានផ្ដោតទៅលើមុខសញ្ញាមួយចំនួនទៀតដែរ ដូចជាសោហ៊ុយបណ្ដុះបណ្ដាលក្នុង និងក្រៅប្រទេស កិច្ចប្រជុំសិក្ខាសាលា សន្និសីទ ការឃោសនា និងផ្សព្វផ្សាយព័ត៌មានសាធារណៈ, ការតាំងពិពណ៌ក្នុង និងក្រៅប្រទេស, សោហ៊ុយទទួលភ្ញៀវជាតិ និងភ្ញៀវបរទេស, ការទិញវត្ថុអនុស្សាវរិយ៍, បេសកម្មក្នុងប្រទេស និងក្រៅប្រទេស, ព្យួរការចំណាយទិញរថយន្តសម្រាប់បំរើការងារដ្ឋបាល ប៉ុន្តែលើកលែងតែរថយន្តអគ្គីភ័យ និងឱសថ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គប្រជុំ ដោយនៅក្នុងឱកាសនោះ សម្ដេចបានថ្លែងនូវការអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកទទួលបន្ទុកអង្គភាពនីមួយៗដែលបានខិតខំប្រឹងប្រែងរៀបចំផែនការយុទ្ធសាស្រ្ត៥ឆ្នាំ និងផែនការសកម្មភាពប្រចាំឆ្នាំ។

សម្ដេចបានបន្តថា«ផែនការសកម្មភាពនេះ ជាផែនទីដ៏សំខាន់ដើម្បីដឹកនាំគ្រប់គ្រងការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួន និងបានចាត់ទុកជាលក្ខខណ្ឌនៃការដឹកនាំ ការគ្រប់គ្រងមិនអាចខ្វះបាន ព្រោះប្រសិនណាបើការដឹកនាំគ្រប់គ្រង់ដោយគ្មានផែនការ និងកម្មវិធីបានច្បាស់លាស់ទេនោះ យើងនឹងមិនអាចសម្រេចបានលទ្ធផលល្អទេ ប៉ុន្តែពេលនេះយើងមានគ្រប់គ្រាន់ហើយ នៅសល់តែការចាត់ចែងអនុវត្តប៉ុណ្ណោះ»។

សម្ដេចក៏បានសម្ដែងក្ដីសង្ឃឹមជឿជាក់ថាគ្រប់អគ្គនាយកដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំទទួលបន្ទុកនៅតាមអគ្គនាយកដ្ឋាននីមួយៗ នឹងបន្តខិតខំប្រឹងប្រែងដើម្បីកសាងអង្គភាពរបស់ខ្លួនឱ្យមានស្នាដៃកាន់តែច្រើនក្នុងការចូលរួមចំណែកគ្រប់គ្រងប្រទេសជាតិក្នុងវិស័យដែលខ្លួនទទួលខុសត្រូវ។ សម្ដេចបានមានប្រសាសន៍ថា«លក្ខណៈពិសេសឬបញ្ហាសំខាន់របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញញ្ញវត្ថុ ក៏ដូវជាខាងសវនកម្មដែរ ពិសេសខាងភស្តុភារ គឺភាគច្រើនការងារនេះរដ្ឋមន្រ្តីបានដឹកនាំប្រចាំថ្ងៃច្រើន»។

សម្ដេចបានមានប្រសាសន៍ថាសម្ដេចមានភាពជឿជាក់ និងមានទំនុកចិត្តទៅលើមន្រ្តីដែលសម្ដេចបានប្រគល់ភារកិច្ច ដោយសម្ដេចបានសង្កត់ធ្ងន់ទៀតថា«ពីព្រោះបើយើងមិនជឿជាក់ យើងកុំប្រើគេ! ចំណុចនេះសំខាន់ណាស់! ខ្ញុំចង់ទាមទារមកវិញថាឥលូវ ខ្ញុំជឿជាក់ ប៉ុន្តែធ្វើម៉េចកុំឱ្យមិនជឿជាក់លើខ្ញុំ បានន័យថាយើងកុំធ្វើអ្វីតាមនឹកឃើញ ឬឈរលើផលប្រយោជន៍នេះនោះ! ដូច្នេះសូមយកចិត្តទុកដាក់ ព្រោះបញ្ហានេះសំខាន់ណាស់»។

ដោយឡែក សម្ដេចឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ដែរថាកិច្ចការធំក្នុងការងារកំណែទម្រង់ស្ថាប័ន គឺនៅសល់បញ្ហាការវិភាគមុខងារ និងការកំណត់ក្របខណ្ឌ ដែលជារឿងស្មុគស្មាញ និងប្រឈមច្រើន ហើយទាមទារឱ្យមានការដោះស្រាយប្រកបដោយការយកចិត្តទុកដាក់។ ក្រៅពីនេះគឺការយកចិត្តទុកដាក់លើការជំរុញលិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលនៅសេសសល់ ដូចជាការងារអត្តសញ្ញាណកម្ម កិច្ចការនគរបាល និងកិច្ចការគ្រប់គ្រងព័ត៌មានវិទ្យាជាដើម៕

អត្ថបទដែលជាប់ទាក់ទង