ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតឱ្យ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងសហការ ចូលជួបសម្ដែងការគួរសម

នៅរសៀលថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងសហការ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើមនៃជំនួប សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលបានចូលរួមចំណែកផ្ដល់កិច្ចសហការយ៉ាងសកម្មក្នុងបេសកកម្មរបស់ឯកឧត្តម តាមរយៈការជួយសម្របសម្រួលនាំមកនូវការឧបត្ថម្ភនានា ដែលជាការរួមចំណែករបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ជូនមកដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទោះបីជប៉ុនក៏កំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ដោយសម្ដេចបានចាត់ទុកថាជាកាយវិការ និងទឹកចិត្តដ៏ល្អមិនអាចកាត់ថ្លៃបាន។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានមានប្រសាសន៍ជម្រាបជូនសម្ដេចក្រឡាហោម ដោយសម្ដែងការអបអរសាទរចំពោះវិធានការរបស់រាជរដ្ឋភិបាលកម្ពុជាដែលបានដាក់ចេញជាបន្តបន្ទាប់នាពេលកន្លងមក និងបានថ្លែងអំណរគុណក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចក្រឡាហោម ដែលក្នុងនាមជាថ្នាក់ដឹកនាំ សម្ដេចតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការជួយសម្រួលដល់បញ្ហាផ្សេងៗនៅក្នុងស្ថានភាពនៃជំងឺកូវីដ១៩ ជាពិសេសពាក់ព័ន្ធនឹងការសម្រួលទិដ្ឋាការដល់ប្រជាពលរដ្ឋជប៉ុនដែលកំពុងរស់នៅកម្ពុជា ដោយឯកឧត្តមបានចាត់ទុកជាការរួមចំណែកមួយដល់ជីវភាពរស់នៅរបស់ប្រជាជនជប៉ុននៅកម្ពុជា និងជាការបញ្ជាក់ឱ្យឃើញនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមឯកអគ្គរាជទូតក៏បានជម្រាបជូនសម្ដេចអំពីការជួយគាំទ្រផ្សេងៗពីសំណាក់រាជរដ្ឋាភិបាលជប៉ុនមកលើវិស័យសុខាភិបាលកម្ពុជា នៅក្នុងស្ថានភាពជំងឺកូវីដ១៩នេះ ជូនដល់ក្រសួងសុខាភិបាលដោយផ្ទាល់ និងតាមរយៈអង្គការអន្តរជាតិនានា ដូចជាអង្គការIOMជាដើម និងបានជម្រាបសម្ដេចថាកាលពីថ្មីៗនេះ ឯកឧត្តក៏បានចុះហត្ថលេខាជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលពាក់ព័ន្ធនឹងការជួយគាំទ្រវិស័យសុខាភិបាលនៅកម្ពុជាដែរ។

នៅក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបង្ហាញបំណងចង់ស្ដាប់នូវមតិយោបល់ផ្សេងៗពីសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដែលដើរទន្ទឹមជាមួយវិធានការស្ដារសេដ្ឋកិច្ចកម្ពុជាវិញបន្ទាប់ពីជំងឺកូវីដ១៩នេះ។

ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដែលដើរទន្ទឹមគ្នាជាមួយវិធានការស្ដារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីជំងឺឆ្លងសាកលនេះ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គិតគូរជាបន្តបន្ទាប់ ជាក់ស្ដែងកាលពីព្រឹកមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ ដែលនេះគឺជាឧទាហរណ៍មួយ។

ក្នុងនោះដែរ សម្ដេចក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតដែរថាកម្ពុជាមិនរង់ចាំដល់ជំងឺនេះចប់សព្វគ្រប់ទើបបានគិតគូរអំពីការស្ដារសេដ្ឋកិច្ចនោះទេ គឺរាជរដ្ឋាភិបាលបានធ្វើតំណាលគ្នាតែម្ដង ជាក់ស្ដែងមានកិច្ចការធំៗជាច្រើនដែលកំពុងបន្តអនុវត្តជាប់ជាប្រចាំ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម ផ្លូវថ្នល់ ដូចជាផ្លូវជាតិលេខ៥ដែលជប៉ុនកំពុងជួយគាំទ្រ និងការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុជាដើមគឺនៅតែបន្តសកម្មភាពដោយគ្មានការផ្អាកនោះទេ។

សម្ដេចក្រឡាហោមបានបន្តថាជាមួយគ្នានេះ ការដ្ឋានសំណង់ធំៗ ដូចជាការសាងសង់អាកាសយានដ្ឋានថ្មីក៏នៅតែបន្តដំណើរការ ហើយពេលនេះរាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យពិចារណាបើកដំណើរការឡើងវិញនូវវិស័យ និងសេវាមួយចំនួន ដូចជាវិស័យអប់រំ និងសេវាកម្មផ្សេងៗ ដែលកិច្ចការទាំងនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ពិនិត្យមើលផងដែរ។

ជាថ្មីម្ដងទៀតសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណជូនរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលជួយគាំទ្ររាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ក៏ដូចជាតាមរយៈកម្មវិធីអភិវឌ្ឍន៍ផ្សេងៗរបស់ជប៉ុន ដើម្បីជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ដោយឡែកពាក់ព័ន្ធនឹងការលើកឡើងរបស់ឯកឧត្តមឯកអគ្គរាជទូតជប៉ុន អំពីការគាំទ្ររបស់ក្រសួងមហាផ្ទៃនោះ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថានៅក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ គឺសម្ដេចបានណែនាំដល់អង្គភាពនានាបន្តផ្ដល់កិច្ចសហប្រតិបត្តិការ និងជួយសម្របសម្រួលតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់មន្រ្តីទូតនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើយ៉ាងណាឱ្យការធ្វើដំណើររបស់ពួកគាត់ប្រព្រឹត្តទៅដោយរលូន៕
 

អត្ថបទដែលជាប់ទាក់ទង