ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៨នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)

នៅព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៨នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកសមាជិការនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំងអស់លោក លោកស្រី ជាមន្រ្តីជាន់ខ្ពស់នៃក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្ដម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ចូលរួម និងគាំទ្រកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដ៏មានសារៈសំខាន់នេះ តាមតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន។

សម្ដេចបានបន្តថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ គ្រប់សមាសភាពនៃ គ.ជ.អ.ប បានរួមសហការគ្នារៀបចំ និងអនុវត្ត កិច្ចការជាអាទិភាព និងចាំបាច់នានា ទទួលបានលទ្ធផលប្រកបដោយជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ ព្រមទាំងរក្សាបាននូវនិរន្តរភាពនៃការបំពេញការងារតាមវិស័យជំនាញនានា ដោយផ្សារភ្ជាប់ជាមួយនឹងការជំរុញនូវកិច្ចដំណើរការកំណែទម្រង់នានាផងដែរ។

សម្ដេចបានបន្ថែមថា ការកោះប្រជុំលើកទី១៨របស់ គ.ជ.អ.ប. នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាព ជាពិសេសលើបញ្ហាប្រឈមនានានៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលតម្រូវឱ្យយើងទាំងអស់គ្នាត្រូវបន្តដោះស្រាយជាមួយនឹងស្ថានភាពដែលពិបាកនឹងព្យាករណ៍អំពីផលប៉ះពាល់ជាអវិជ្ជមាននៃជំងឺកូវីដ-១៩ ទៅលើសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

នៅចុងឆ្នាំ២០១៩កន្លងមកនេះ សម្ដេចបានបញ្ជាក់ថារាជរដ្ឋាភិបាលបានសម្រេចផ្ទេរមុខងារសំខាន់ៗមួយចំនួន ជាពិសេស មុខងារក្នុងវិស័យសុខាភិបាល និងអប់រំឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលអាចកំណត់បានថា ជាសមិទ្ធផល និងជារបត់ជាប្រវត្តិសាស្ត្រនៃកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចរបស់យើង។

ចំណែកក្នុងអំឡុងពេល៦ខែដើមឆ្នាំនេះ សម្ដេចបានបន្តថា គ.ជ.អ.ប ក៏បានរួមសហការគ្នាសម្រេចបាននូវកិច្ចការជាច្រើននៃផែនការសកម្មភាពដែលបានឯកភាពក្នុងកិច្ចប្រជុំលើកទី១៧ ដើម្បីធានាដល់ការរៀបចំ និងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ យ៉ាងណាក៏ដោយ សម្ដេចបានកត់សំគាល់ថានៅមានបញ្ហាប្រឈមមួយចំនួន ជាពិសេសបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងកិច្ចដំណើរការនៃរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលយើងត្រូវបន្តដោះស្រាយបបន្ត។

សម្ដេចបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលសមាសភាព គ.ជ.អ.ប ដោយបានកែសម្រួល និងបន្ថែមសមាសភាពថ្នាក់ដឹកនាំថ្មីៗមួយចំនួនក្នុងគោលបំណង លើកកម្ពស់នូវប្រសិទ្ធភាពនៃការដឹកនាំ សម្របសម្រួលកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយថាជាការពិតណាស់ ប្រសិទ្ធភាពនៃការដឹកនាំរបស់ គ.ជ.អ.ប.ក៏អាស្រ័យមួយចំណែក ទៅលើការរៀបចំនូវអនុគណៈកម្មាធិការ និងយន្តការនានារបស់ខ្លួនឱ្យមានភាពរឹងមាំដែរ។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានប្រកាសបើកការពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់៤ សម្រាប់កិច្ចប្រជុំលើកទី១៨នេះ រួមមាន ការពិនិត្យ និងអនម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៧របស់ គ.ជ.អ.ប, ការពិនិត្យពិភាក្សាលើការរៀបចំឡើងវិញនូវអនុគណៈកម្មាធិការនានារបស់ គ.ជ.អ.ប, ការពិនិត្យពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌក្នុងក្របខ័ណ្ឌនៃមុខងារ និងរចនាសម្ព័ន្ធថ្មីរបស់ខ្លួន និងបញ្ហាផ្សេងៗ។

សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំនាព្រឹកមិញនេះដែរ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក៏បានចេញរបាយការណ៍ស្ដីអំពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់រដ្ឋបាលក្រុងស្រុកខណ្ឌ ក្នុងក្របខណ្ឌនៃការអនុវត្តមុខងារ និងរចនាសម្ព័ន្ធថ្មីដែរ។

វឌ្ឍនភាពដែលសម្រេចបានមានជាអាទិ៍ ការផ្ទេរបុគ្គលិកទៅឱ្យរដ្ឋបាលក្រុងស្រុកខណ្ឌចំនួន២០៣, ការប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីរួចរាល់, បណ្ដុះបណ្ដាលមន្ត្រីពាក់ព័ន្ធបានជាង៤៨០០នាក់ស្មើនឹង៨០ភាគរយ, ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងឯសារពាក់ព័ន្ធ, ការផ្ទេរធនធានថវិកា, កិច្ចដំណើរការផ្ទេរទ្រព្យសម្បត្តិ, ការរៀបចំទិន្នន័យដើមគ្រា, ការតាមដាន ត្រួតពិនិត្យ និងការគាំទ្រដល់រដ្ឋបាលក្រុងស្រុកខណ្ឌជាប្រចាំ។

ទោះបីជាសម្រេចបានកិច្ចការខាងលើ ក៏ប៉ុន្តែក្នុងការអនុវត្តជាក់ស្ដែង គ.ជ.អ.ប បានកត់សំគាល់ថា រដ្ឋបាលក្រុងស្រុកខណ្ឌកំពុងជួបបញ្ហាប្រឈមមួយចំនួន ដូចជាការប្រាស្រ័យទាក់ទងជាមួយស្ថាប័នខាងក្រៅ, ការប្រើប្រាស់ត្រារបស់អតីតការិយាល័យជំនាញមួយចំនួន, ការផ្ដល់សេវាមួយចំនួន, ទីកន្លែង, ឧបករណ៍និងសម្ភារបំពេញការងារ ដែលបញ្ហាទាំងអស់នេះកំពុងស្ថិតក្នុងការសម្របសម្រួលដោះស្រាយជាបណ្ដើរៗ។

ដោយឡែកបញ្ហាដែលនៅប្រឈមខ្លាំងជាងគេដែលត្រូវបាន លេខាធិការដ្ឋានគ.ជ.អ.ប គោរពស្នើសុំគោលការណ៍ដឹកនាំពីសម្ដេច និងពីកិច្ចប្រជុំលើកទី១៨នាថ្ងៃនេះ មានពីរ គឺបញ្ហាពាក់ព័ន្ធនឹងការងារបុគ្គលិក និងបញ្ហាពាក់ព័ន្ធនឹងការងារផ្ទេរថវិកា។ នៅក្នុងរបាយការណ៍ដាក់ជូនអង្គប្រជុំនេះដែរ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក៏បានដាក់ចេញនូវផែនការបន្ទាន់មួយចំនួនជូនអង្គប្រជុំពិនិត្យ និងសម្រេចដែរ៕

អត្ថបទដែលជាប់ទាក់ទង