សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុកក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)
នាព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្រោមអធិបតីភាពសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រីនៃក្រសួងពាក់ព័ន្ធ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកនៃក្រសួងមហាផ្ទៃ និងមកពីបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺធ្វើឡើងតាមការប្រគល់ភារកិច្ចពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាស្វែងរកគន្លឹះសំខាន់ៗ ក្នុងការដោះស្រាយបញ្ហានានាក្នុងស្ថានភាពនៃវិបត្ដិកូវីដ១៩ ដើម្បីរក្សាស្ថេរភាព សុវត្ថិភាពសង្គម ក្នុងរយៈពេលខ្លី មធ្យម និងវែងទៅមុខទៀត។
សម្ដេចបានបន្តថាតាមរយៈកិច្ចប្រជុំនេះ បញ្ហាទេសន្តប្រវេសន៍ពាក់ព័ន្ធនឹងពលករ ដែលបានវិលត្រឡប់មកបណ្ដាប្រទេសនានា ពិសេសពលករដែលបានវិលមកពីប្រទេសថៃ ចូលកម្ពុជាវិញមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលគិតមកដល់ពេលនេះ មានចំនួនប្រមាណ ៨៥០០០នាក់ ដែលភាគច្រើនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ទៀតថាជាទូទៅ ពួកគាត់រំពឹងថានឹងត្រឡប់ទៅប្រទេសថៃវិញដើម្បីធ្វើការងារបន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំ ប៉ុន្តែនៅក្នុងស្ថានភាពបច្ចុប្បន្ន ទាំងកម្ពុជា និងថៃ បានរឹតបន្តឹងការឆ្លងកាត់ព្រំដែន ពិសេសគឺថៃកំពុងមានការរាតត្បាតជំងឺកូវីដ១៩ក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ រហូតបានដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្នដោយមិនទាន់កំណត់ពេលត្រូវបើកឡើងវិញនៅឡើយទេ។
សម្ដេចឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការជាតិដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី និងបង្កើតគណៈកម្មការអន្តរក្រសួងដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយបានបង្កើតក្រុមការងារប្រតិបត្តិចំនួន២ គឺក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់ និងក្រុមការងារប្រតិបត្តិអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ។
រាជរដ្ឋាភិបាលក៏បានបង្កើតក្រុមការងារចំពោះកិច្ចចំនួន៤ទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ គឺក្រុមការងារគ្រប់គ្រង ថ្លៃទំនិញយុទ្ធសាស្ត្រ ក្រុមការងាររៀបចំគ្រប់គ្រងយន្តការជំនួយសង្គម ក្រុមការងាររៀបចំគោលនយោបាយថវិកា និងជំនួយសង្គម និងក្រុមការងារបច្ចេកទេសចម្រុះ ដើម្បីសិក្សារៀបចំដាក់ចេញកញ្ចប់វិធានការហិរញ្ញវត្ថុ និងធនាគារដើម្បីដោះស្រាយផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩។
នៅក្នុងឱកាសនោះ សម្ដេចបានមានប្រសាសន៍ថា ភ្នាក់ងារអង្គការសហប្រជាជាតិបានបង្ហាញការប្ដេជ្ញាចិត្តគាំទ្ររាជរដ្ឋាភិបាល និងចូលរួមអនុវត្តយន្តការដែលមានស្រាប់រួចមកហើយ។ ប៉ុន្តែសម្រាប់កិច្ចប្រជុំនៅថ្ងៃនេះ សម្ដេចនៅតែបន្តចង់បានមតិយោបល់ទាំងពីតំណាងក្រសួងស្ថាប័ន និងភ្នាក់ងារអង្គការសហប្រជាជាតិបន្ថែមទៀត ថាតើវិធានការ និងយន្តដែលមានស្រាប់នោះ គ្រប់គ្រាន់ហើយឬនៅ ឬនៅមានចន្លោះខ្វះខាត ដែលត្រូវបំពេញបន្ថែម។
តំណាងភ្នាក់ងារអង្គការសហប្រជាជាតិ បានបញ្ចេញមតិគ្រប់ៗគ្នាជូនទៅសម្ដេចក្រឡាហោម ស ខេង និងអង្គប្រជុំ ដោយបានបង្ហាញការគាំទ្រទាំងស្រុងចំពោះយន្តការ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងបានថ្លែងប្ដេជ្ញាចិត្តជាថ្មីទៀតក្នុងការសហការគាំទ្រការអនុវត្តជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាល ទៅតាមវិស័យជំនាញរៀងៗខ្លួន។
អង្គប្រជុំក៏បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក្នុងការងារប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ពិសេសការអប់រំផ្សព្វផ្សាយ និងការរៀបចំដាក់នៅដោយឡែក និងបានកោតសរសើរខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងកងកម្លាំងចម្រុះ ដែលបានរួមគ្នាបំពេញភារកិច្ចទទួលបានលទ្ធផលល្អប្រសើរ ក្នុងវិធានការចម្រុះនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕