ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីបិទសន្និបាតរបាលរដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ប្រារព្ធនៅសាលាខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្ដើម អង្គពិធីបានស្ដាប់របាយការណ៍ស្វាគមន៍របស់ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង អំពីវឌ្ឍនភាពនានានៅក្នុងការងាដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍ខេត្ត និងគូសបញ្ជាក់អំពីការព្រឹត្តទៅនៃសន្និបាតរបស់រដ្ឋបាលខេត្ត ដែលក្នុងរយៈពេលពេញមួយថ្ងៃទី១១ ខែមីនាកន្លងទៅ អង្គសន្និបាត បានឯកភាពវាយតម្លៃប្រកបដោយវិជ្ជមានចំពោះលទ្ធផលការងារឆ្នាំ២០១៩ និងបានបន្តឯកភាពដាក់ចេញទិសដៅការងារឆ្នាំ២០២០។

ឯកឧត្តមបានបន្តថាប្រធានបទសំខាន់ៗនៃសន្និបាតនោះរួមមានការងារភូមិឃុំមានសុវត្ថិភាព បញ្ហាគ្រឿងញៀន បញ្ហាសុវត្ថិភាពចរាចរណ៍ ការងាររដ្ឋបាលក្រុងស្រុកក្រោយសមាហរណកម្មរចនាសម្ព័ន្ធថ្មី រួមទាំងវិស័យធនធានទឹក អប់រំ សុខាភិបាល និងបរិស្ថាន។ ឯកឧត្តមបន្តថាប្រធានបទទាំងនេះ អង្គសន្និបាតបានរកឃើញនូវបញ្ហាប្រឈម ហើយបានប្ដេជ្ញាចិត្តខិតខំរួមគ្នាដោះស្រាយ ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។

អញ្ជើញមានប្រសាសន៍សំណេះសំណាល និងផ្ដល់មតិណែនាំទៅកាន់អង្គសន្និបាត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការស៊ីវិល មន្ត្រីកងកម្លាំងនៃរដ្ឋបាលខេត្ត ដែលបានរួមគ្នាបំបេញតួនាទី សម្រចបានសមិទ្ធផលគ្រប់វិស័យ ចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជំរុញការអនុវត្តលទ្ធិប្រជាធិបេត្យសេរីពហុបក្ស ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

សម្ដេចក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមទប់ស្កាត់ដោយជោគជ័យនូវផែនការប៉ុនប៉ងធ្វើបដិវត្តន៍ផ្ដួលរំលំរាជរដ្ឋាភិបាល និងបំផ្លាញលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ពីសំណាក់ក្រុមឧទ្ទាមមួយក្ដាប់តូចកាលពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៩ ធ្វើឱ្យគ្រប់វិស័យមានស្ថេរភាព ធានាបាននូវកំណើនសេដ្ឋកិច្ច កាត់បន្ថយាពក្រីក្រ និងធ្វើឱ្យការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ បានប្រព្រឹត្តទៅដោយលូន ហើយប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត និងមានឱកាសទទួលផលពីកំណើនសេដ្ឋកិច្ច។

សម្ដេចបានគូសបញ្ជាក់ថាឆ្នាំ២០២០នេះ យើងត្រូវរួមគ្នាពង្រឹការប្ដេជ្ញាចិត្តសម្រេចឱ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ៤។ ទិសដៅជាយុទ្ធសាស្ត្រទីមួយ ត្រូវបានសម្ដេចគូសបញ្ជាក់អំពីការបន្ដប្ដូរផ្ដាច់ការពារដាច់ខាតនូវឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច លើកកម្ពស់សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានាជាធរមាននៅកម្ពុជា។ សម្ដេចបានបន្ថែមថាបញ្ហារីករាលដាលជំងឺCOVID19កំពុងធ្វើប៉ះពាល់សុខភាពមនុស្សជាតិផង និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផង។

ទិសដៅជាយុទ្ធសាស្ត្រទីពីរ គឺបន្តជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សលើមូលដ្ឋាននៃការធានាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ការផ្សាភ្ជាប់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការពារអត្តសញ្ញាណជាតិ សេចក្ដីថ្លៃថ្នូរ ទំនៀមទំលាប់ល្អរបស់ជាតិ និងកសាងភាពសុខដុមរមនាក្នុងសង្គ។ ទិសដៅទី៣ គឺបន្តជំរុញកម្មវិធីកំណែទម្រង់នានាដែលបានកំណត់ក្នុងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ រួមទាំងកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ សំដៅបង្កើតឡើងនូវកាលានុវត្តន៍ភាពថ្មីៗបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍនិងការកាត់បន្ថយភាពក្រីក្រ។

ចំណែកទិសដៅយុទ្ធសាស្ត្រទី៤ ត្រូវបានសម្ដេចគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ផ្ដល់ផលប្រយោជន៍នានាពីការអភិវឌ្ឍ ផ្ដល់កិច្ចគាំពារសង្គមប្រកបដោយសមធម៌ និងខិតខំដោះស្រាយបញ្ហាប្រឈម សំណើរ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ សំដៅធានាលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ពលរដ្ឋលើកិច្ចការគ្រប់វិស័យក្នុងសង្គម។ ផ្អែកលើទិសដៅជាយុទ្ធសាស្ត្រទាំង៤នេះ សម្ដេចបានផ្ដល់នូវអនុសាសន៍មួយចំនួនជូន អង្គសន្និបាត ដើម្បីជាត្រីវិស័យសម្រាប់ការអនុវត្តទិសដៅការងារឆ្នាំ២០២០របស់រដ្ឋបាលខេត្តព្រៃវែង។

សម្ដេចក្រឡាហោមបានណែនាំគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ត្រូវបន្តតាមដានទប់ស្កាត់ការបង្កចលាចលក្នុងសង្គមគ្រប់រូបភាព និងការប៉ុនប៉ងបង្កបដិវត្តន៍ពណ៌ ទប់ស្កាត់ និងបន្សាបការផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់សន្តិសុខសង្គម។ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត បង្កភាពច្របូកច្របល់ក្នុងសង្គម សម្ដេចបានអះអាងមិនមែនជាការបញ្ចេញមតិដែលមានផលប្រយោជន៍ ឬស្របច្បាប់នោះឡើយ ប៉ុន្តែវាធ្វើឱ្យប៉ះពាល់សិទ្ធិអ្នកដទៃ បង្កភាពវឹកវរក្នុងសង្គម ដូចយ៉ាងករណីCOVID19 ដែលទាមទារឱ្យមានការចាប់ខ្លួនយកមកអប់រំផង និងអនុវត្តច្បាប់ដោយមានទោសទណ្ឌផង។

សម្ដេចក្រឡាហោមបានណែនាំឱ្យយកចិត្តទុកដាក់អប់រំណែនាំ និងបកស្រាយបំភ្លឺឱ្យទាន់ពេលវេលាជូនប្រជាពលរដ្ឋ ដើម្បីឆ្លើតបនឹងការបំផុសបំផុលផ្សព្វផ្សាយព័ត៌មានមិនពិត និងសកម្មភាពផ្សេងៗដែលមានចរិតបង្កឱ្យមានអំពើហិង្សាក្នុងសង្គម និងខិតខំបំផុសពលរដ្ឋចូលរួមគោរពច្បាប់ ការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ ចៀសវាងការចូលរួមសកម្មភាពប៉ះពាល់ផលប្រយោជន៍សង្គម និងសណ្ដាប់ធ្នាប់សាធារណៈ ហើយអាជ្ញាធរត្រូវចៀសវាងការបង្កអំពើហិង្សាគ្រប់រូបភាពនៅពេលមានការតវ៉ាណាមួយពីប្រជាពលរដ្ឋ។

សម្ដេចបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានខំខិតគៀងគរប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរួមគ្នាបង្កាទប់ស្កាត់បទល្មើសនានា ពិសេសសកម្មភាពលួច ឆក់ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួយដូរមនុស្ស ក្មេងទំនើង។ ជាមួយគ្នានេះត្រូវពង្រឹងទំនាក់ទំនងរវាងអាជ្ញាធរ កងកម្លាំងនគរបាល និងកម្លាំងមានសត្ថកិច្ចនានាជាមួយប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាផ្សេងៗ ការចុះជួយដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិ និងគ្រោះថ្នាក់នានា ដើម្បីផ្ដល់ការលើកទឹកចិត្តបន្ថែមទៀតជូនពលរដ្ឋ។

សម្ដេចក៏បានណែនាំឱ្យរដ្ឋបាលខេត្តត្រូវអនុវត្តយន្តការបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាពបន្ថែមទៀត ដោយត្រូវជំរុញឱ្យមានការចូលរួមពីដៃគូសង្គមស៊ីវិល វិស័យឯកជន ប្រជាពលរដ្ឋទូទៅ និងជាពិសេសស្រទាប់ពលរដ្ឋជាយុវជន។ ជាមួយគ្នានេះត្រូវជំរុញចលនាផ្សព្វផ្សាយ និងអនុវត្តវិធានការច្បាប់ឱ្យបានតឹងរឹងម៉ត់ចត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ សម្ដេចក៏បានបញ្ជាក់ទៅកាន់អង្គពិធីដែេ អំពីការកែសម្រួលអនុក្រឹត្យ និងឈានទៅធ្វើវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីបង្កើនប្រាក់ផាកពិន័យ និងទោសចំពោះអ្នកបំពានច្បាប់ស្ដីពីចរចារណ៍។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីការរៀបចំកិច្ចការមួយចំនួនដើម្បីចាត់ប្រតិភូចុះពិនិត្យវាយតម្លៃកិច្ចការងាររបស់ថ្នាក់មូលដ្ឋាន ពិសេសពាក់ព័ន្ធនឹងការងារអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ថាតើការងារទាំងនេះបានល្អ និងមិនបានល្អដោយសារបញ្ហាអ្វី? បើមានបញ្ហាថាតើបញ្ហានោះវាកើតឡើងព្រោះតែកង្វះទំនាក់ទំនង ខ្វះធនធានមនស្ស ឬខ្វះមធ្យោបាយអនុវត្ត។ ដូច្នេះក្រុមការងារនឹងសិក្សាបញ្ហាទាំងនោះ ដើម្បីកំណត់វិធានការដោះស្រាយភ្លាមៗ។

សម្ដេចក៏បានណែនាំរដ្ឋបាលខេត្ត ត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងវិស័យកសិកម្ម និងវិនិយោគ ដោយត្រូវក្ដាប់ឱ្យបាននូវបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងវិស័យកសិកម្ម និងត្រូវផ្ដល់ការលើកទឹកចិត្ត និងកិច្ចគាំពារជូនអ្នកវិនិយោគ។ សម្ដេចបានណែនាំឱ្យរដ្ឋបាលខេត្ត និងមន្ទីរធនធានទឹកខេត្ត ត្រូវសិក្សាឱ្យបានច្បាស់លាស់នូវតម្រូវការនៃការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងវិស័យកសិកម្ម ពិសេសនៅរដូចប្រាំង ដើម្បីដឹងថាតើមានប្រឡាយណាខ្លះដែលត្រូវស្ដារឡើងវិញ ហើយបន្ទាប់ពីស្ដារហើយនោះប្រឡាយនោះអាចមានទឹកទាំងរដូវប្រាំង និងរដូវវស្សាដែរទេ បើមានទឹកតែរដូវវស្សា ការស្ដារនោះប្រហែលនាំឱ្យខាតបង់ថវិកាទៅវិញទេ ដ្បិតខែភ្លៀងប្រឡាយដែលមានស្រាប់ភាគច្រើនដើរតួនាទីផ្គត់ផ្គង់ទឹកបានហើយ។

ជាមួយគ្នានេះសម្ដេចក៏ណែនាំឱ្យពង្រឹងប្រសិទ្ធភាពការងារសំណង់ និងបរិស្ថាន ពិសេសបញ្ហាសំរាម និងកាកសំណល់តាមទីក្រុង និងទីប្រជុំជន ពីព្រោះមុខងារគ្រប់គ្រងបញ្ហានេះត្រូវបានរាជរដ្ឋាភិបាលផ្ទេរមកឱ្យអស់ហើយ។ សម្ដេចបានណែនាំរដ្ឋបាលខេត្តខិតខំជំរុញចលនាទុកដាក់សំរាម និងថែទាំបរិស្ថានជុំវិញផ្ទះឱ្យបានផុលផុស ពិសេសត្រូវបង្កើតចលនាដាំដើមឈើតាមដងផ្លូវ សាលារៀន វត្តអារាម និងតាមទីសាធារណៈនានា។ ចំពោះការរៀបចំដាក់ជាតំបន់ការពារ ទួលព័ន្ធតាឡីក្នុងបឹងស្នេហ៍ សម្ដេចបានបង្ហាញការគាំទ្រ ប៉ុន្តែសូមកុំធ្វើឱ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ស្រច្បាប់របស់ប្រជាពលរដ្ឋក្នុងតំបន់នោះឱ្យសោះ។

ពាក់ព័ន្ធនឹងការពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយផ្ទេរមុខងារសិទ្ធិអំណាច និងធនធានពីថ្នាក់ជាតិមកឱ្យថ្នាក់ក្រោមជាតិ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីខេត្ត ក្រុងស្រុក ឃុំសង្កាត់ មន្ទីរ អង្គភាពនានា ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ពីព្រោះការផ្ទេរមកជាបន្តបន្ទាប់នូវមុខងារ សិទ្ធិ អំណាច និងធនធាននេះ គឺជារឿងប្រវត្តិសាស្ត្រក្នុងវិស័យរដ្ឋបាលកម្ពុជា។ សម្ដេចបានណែនាំមន្ត្រីបន្តបង្កើនសមត្ថភាព បំពេញការងារ មានតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវ។

មុននឹងបញ្ចប់សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំពាវនាវថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ត្រូវបង្កើនការយកចិត្តទុកដាក់ថែទាំសុខភាព ប្រកាន់ខ្ជាប់គោលការណ៍អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្កាទប់ស្កាត់ការរីករាលដាលជំងឺCOVID19 និងបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថាបន្ទាប់ពីសន្និបាតនេះទៅ រដ្ឋបាលខេត្តព្រៃវែង នឹងឈានទៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតតាមទិសដៅដែលបានកំណត់ក្នុងឆ្នាំ២០២០នេះ៕

អត្ថបទដែលជាប់ទាក់ទង