សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្ដីការគណៈរដ្ឋមន្ត្រីឡាវ។
នៅក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តម ថងលូន ស៊ីសូលីត នូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានរាយការណ៍ជូនឯកឧត្តម អំពីលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ ព្រមទាំងកំណត់ហេតុកិច្ចប្រជុំសហប្រតិបត្តិការឆ្នាំ២០២០ ដែលក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវទើបបានចុះហត្ថលេខា។
ជាការឆ្លើយបឯកឧត្តម ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បានសម្ដែងការគាំទ្រចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងទាំងពីរ ពិសេសកំណត់ហេតុសហប្រតិបត្តិការឆ្នាំ២០២០ ដែលបានបន្តផ្ដោតការយកចិត្តទុកដាក់ដល់ការរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ តាមតំបន់ព្រំដែន ទប់ស្កាត់ និងបង្ក្រាបបទល្មើស និងការអភិវឌ្ឍតំបន់ព្រំដែន។ ឯកឧត្តមក៏បានផ្ដាំផ្ញើសេចក្ដីថ្លែងអំណរគុណ និងការសួរសុខទុក្ខជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងាររយៈពេល៣ថ្ងៃនៅទីក្រុងវៀងចន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តបតាមការអញ្ជើញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ។ តាមគម្រោងសម្ដេចនឹងអញ្ជើញមាតុនិវត្តន៍នៅព្រឹកថ្ងៃទី៦ ខែមីនាស្អែកនេះ៕